យោងតាមការចុះផ្សាយពីប្រភពបរទេស ដំឡូងជ្វាគឺជាប្រភពថាមពលដ៏អស្ចារ្យដែលសម្បូរទៅដោយជាតិកាកសរសៃ វីតាមីន A, C និងប៉ូតាស្យូម ដែលជួយដល់ប្រព័ន្ធរំលាយអាហារ ភ្នែក និងពង្រឹងភាពស៊ាំ។
ការញ៉ាំដំឡូងជ្វាជំនួសបាយអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយគ្រប់គ្រងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព ដោយសារវាមានកម្រិតកាឡូរីទាបជាងបាយស។ លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងដំឡូងជ្វាក៏ជួយការពារកោសិការាងកាយពីការរលាក និងជំងឺរ៉ាំរ៉ៃផ្សេងៗផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំដំឡូងជ្វាតែមួយមុខជំនួសបាយជារៀងរាល់ថ្ងៃក្នុងរយៈពេលវែង អាចបណ្តាលឱ្យរាងកាយខ្វះតុល្យភាពសារធាតុចិញ្ចឹម ប្រសិនបើអ្នកមិនបន្ថែមប្រភពប្រូតេអ៊ីន និងខ្លាញ់ល្អដទៃទៀត។ ការញ៉ាំដំឡូងជ្វាច្រើនពេកក៏អាចបង្កើនកម្រិតជាតិស្ករចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម និងអាចបង្កឱ្យមានបញ្ហាក្រួសក្នុងតម្រងនោមសម្រាប់អ្នកដែលងាយរងគ្រោះ ដោយសារវាសម្បូរជាតិ Oxalate។ វិធីសាស្ត្រដែលល្អបំផុតគឺការចម្អិនតាមបែបស្ងោរ ឬចំហុយ ចៀសវាងការបំពងខ្លាញ់ច្រើន ដើម្បីរក្សាសារធាតុចិញ្ចឹមឱ្យនៅល្អពេញលេញ។
ដើម្បីទទួលបានសុខភាពល្អមាំមួន អ្នកគួរញ៉ាំដំឡូងជ្វាឆ្លាស់គ្នាជាមួយអង្ករសម្រូប ឬធញ្ញជាតិផ្សេងៗ និងត្រូវញ៉ាំរួមជាមួយបន្លែបៃតង ត្រី ឬសាច់ស ដើម្បីធានាថាផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយ។ ការផ្លាស់ប្តូររបបអាហារឱ្យមានភាពចម្រុះ គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការថែរក្សាសុខភាពឱ្យរឹងមាំ និងមានថាមពលពេញមួយថ្ងៃ៕
ចែករំលែកព័តមាននេះ