រាជធានីភ្នំពេញ ៖ រថយន្ត១គ្រឿង ក្នុងចំណោមរថយន្ត៣គ្រឿង ដែលបើកបរ បង្កឲ្យមានសំឡេងលាន់ខ្លាំង រំខានដល់ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់ យកទៅព្រមាននិងអប់រំ នេះបើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យដឹងថា ដោយមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ លើករណីរថយន្តចំនួន០៣គ្រឿង បានបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បើកបរបង្កសំឡេងលាន់លឺខ្លាំង រំខានដល់ប្រជាពលរដ្ឋ នៅចំណុចភូមិ១(តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង០១:៤៥នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានចុះដល់ទីតាំងធ្វើការស្រាវជ្រាវ រហូតឃាត់បានរថយន្តមួយគ្រឿង ម៉ាក MERCEDES ពាក់ស្លាកលេខកម្ពុជា MENG.AMG នៅចំណុចស្តុបពេទ្យចិន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមទាំងម្ចាស់ឈ្មោះ ជឹម ចាន់កែ ភេទប្រុស អាយុ៣៤ឆ្នាំ ។
ម្ចាស់រថយន្ត ត្រូវបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការព្រមានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តឲ្យលឺខ្លាំងខុសលក្ខណៈបច្ចេកទេស ដែលបង្កការរំខានក៏ដូចជា បង្កការភ័យខ្លាច ដល់សាធារណជន តទៅទៀត ព្រមទាំងឃាត់រថយន្តរក្សាទុកបណ្ដោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រយៈពេល ១ខែ ៕

ចែករំលែកព័តមាននេះ