ទីក្រុងតេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ព្រមានថាខ្លួននឹងបិទខ្ទប់ច្រកសមុទ្រហ័រម៉ូសទាំងស្រុង១០០%មិនឱ្យប្រេងសូម្បីតែមួយលីត្រអាចដឹកជញ្ជូនឆ្លងកាត់ទីនោះបានឡើយសម្រាប់អាមេរិក, អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ពួកគេ។ អ្នកនាំពាក្យអ៊ីរ៉ង់ថ្លែងថាកប៉ាល់ទូទៅ ឬកប៉ាល់ដឹកប្រេងដែលជារបស់អាមេរិក, អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ប្រទេសទាំង២នេះនឹងក្លាយជាគោលដៅដែលអ៊ីរ៉ង់មានសិទ្ធិវាយប្រហារដោយស្របច្បាប់។

កាលពីមុនពេលមានបញ្ហាទំនាស់រវាងអ៊ីរ៉ង់ និងអាមេរិក-អ៊ីស្រាអែល ប្រេងឆៅ និងឧស្ម័ន (ហ្គាស) ប្រហែល២០%តែងតែដឹកជញ្ជូនកាត់ច្រកសមុទ្ធនេះដោយឥតមានទោមនស្សអ្វីទេ។ កប៉ាល់តូចធំអាចបើកឆ្លងកាត់ច្រកសមុទ្រដ៏តូចចង្អៀតនេះដែលនាំឆ្ពោះទៅរកឈូងសមុទ្រពែក្ស។ ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយប្រែប្រួលនៅមជ្ឈិមបូព៌ាធ្វើឱ្យមជ្ឈដ្ឋានទូទៅព្រួយបារម្ភ ហើយធ្វើឱ្យតម្លៃប្រេងឆៅប្រែប្រួលមិនទៀង។

នៅក្នុងស្ថានភាពនេះ ប្រទេសមួយចំនួននៅលើសាកលលោកចាប់ផ្ដើមបញ្ចេញប្រេងបម្រុងរបស់ខ្លួនយកមកប្រើប្រាស់ដើម្បីទប់ទល់មិនឱ្យប្រេងឡើងថ្លៃនៅលើទីផ្សារ។ នៅប្រទេសជប៉ុន លោកស្រីនាយករដ្ឋមន្ត្រីតាកាអ៊ីឈិថ្លែងថារដ្ឋាភិបាលនឹងចាប់ផ្ដើមបញ្ចេញប្រេងបម្រុងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយដើម្បីកាត់បន្ថយការទទួលឥទ្ធិពលអាក្រក់ពីវិបត្តិនៅមជ្ឈិមបូព៌ា។ សព្វថ្ងៃនេះ ជប៉ុននាំប្រេងឆៅជាង៩០%ពីតំបន់មជ្ឈិមបូព៌ា ហើយដឹកជញ្ជូនភាគច្រើនតាមច្រកសមុទ្រហ័រម៉ូស។

ប្រទេសជប៉ុនមានប្រេងឆៅបម្រុងដែលអាចប្រើប្រាស់បានរយៈពេល២៥៤ថ្ងៃដោយមិនចាំបាច់នាំចូលបន្ថែមពីប្រទេសដទៃ។ នៅពេលមានសញ្ញាថាច្រកសមុទ្រហ័រម៉ូសត្រូវបិទខ្ទង់ទាំងស្រុង អត្រានាំចូលប្រេងរបស់ជប៉ុនត្រូវគេរំពឹងថានឹងធ្លាក់ចុះខ្លាំងចាប់ពីចុងខែមីនានេះតទៅ។ នេះបើយោងតាមលោកស្រីតាកាអ៊ីឈិ។ មិនថាតែប្រទេសជប៉ុនទេដែលត្រៀមបញ្ចេញប្រេងបម្រុងយកមកប្រើប្រាស់ ប្រទេសនៅប៉ែកអឺរ៉ុបដូចជាអាល្លឺម៉ង់ និងអូទ្រីសក៏ប្រកាសថាពួកគេនឹងបញ្ចេញប្រេងបម្រុងដើម្បីទប់ទល់នឹងការឡើងថ្លៃផងដែរ។

អាល្លឺម៉ង់ និងអូទ្រីសបង្ហើបឱ្យដឹងអំពីផែនការនេះបន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ស្នើសុំឱ្យរដ្ឋជាសមាជិករបស់ខ្លួនបញ្ចេញប្រេងបម្រុង៤រយលានបារ៉ែលដើម្បីទប់ទល់មិនឱ្យប្រេងឡើងថ្លៃ។ កាលពីពេលសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងឆ្នាំ២០២២ រដ្ឋជាសមាជិក IEA រួមគ្នាបញ្ចេញប្រេងបម្រុង១៨២,៧លានបារ៉ែលដែលជាបរិមាណដ៏ច្រើនលើសលប់ និងមិនធ្លាប់មានកាលពីមុននោះ។ ប៉ុន្តែលើកនេះប្រហែលជាត្រូវបញ្ចេញរឹតតែច្រើនជាងនោះទៅទៀត។ IEA ស្នើសុំឱ្យសមាជិកខ្លួនបញ្ចេញប្រេង៤រយលានបារ៉ែល ឬ៥៤លានតោន៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ