ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ ២០​រូប ចុះ​មក​យក​ព័ត៌មាន​ផ្ទាល់​ពី​ការ​បង្ក្រាប Online Scam ដោយ​សមត្ថកិច្ច​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ជា​អន្តរជាតិ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ អ្នក​សារ​ត៌​មាន​មក​ពី​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ មាន​ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP),…

រាជធានី​ភ្នំពេញ​ ៖ អ្នក​សារ​ត៌​មាន​មក​ពី​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ មាន​ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មាន​ជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA), កាលពី​ថ្ងៃ​ទី​១០ ​ខែមីនា ឆ្នាំ​២០២៦ បាន​ចុះ​ផ្ទាល់​ដល់ទី​តាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ផ្ដិត​យក​រូបភាព និង​យក​ព័ត៌មាន ​ស្តី​ពី​ការ​បង្ក្រាប​ជាក់ស្តែង​ដល់ទី​តាំង ស្ថិត​នៅ​ក្នុង​ខុន​ដូរ​ឈ្មោះ ហ្គោ​ល​ឌិន វ័ន អគារ​លេខ​៤១ ជាន់​ទី​៣០ នៅ​លើ​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.)​ ។

ករណី​សង្ស័យ​ថា​ មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដែល​បាន​ចាប់ផ្តើម​ប្រព្រឹត្ត​ក្នុង​អំឡុង​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២៦ នៅ​ទីតាំង​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ដាក់​ពេលវេលា​ដើម្បី​ស្រាវជ្រាវ រហូត​ដល់​អាច​ឈាន​ដល់​ការ​បង្ក្រាប​បាន​ជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦​ ។

សមត្ថកិច្ច ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​ប្រាប់​អ្នក​សា​ព័ត៌មាន​ នៅ​ពេល​នោះ​ភ្លាម​ៗ​ថា ការ​បង្ក្រាប​ទីតាំង​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ៦៥​នាក់​ (​ស្រី្ត ២៧នាក់​) មាន​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​ ក្នុង​ចំណោម​នោះ​ដែរ រួម​ទាំង​វត្ថុ​តាង រួម​មាន ៖ កុំព្យូទ័រ ALL in One ៨៩ គ្រឿង​, Monitor ១ គ្រឿង CPU ០១ គ្រឿង និង​ទូរ​សព្ទ​បម្រើ​ឱ្យ​បទល្មើស ចំនួន ៣៨៤គ្រឿង ខណៈ​សម្ភារៈ​ទាំងនោះ​ គឺ​រក្សា​សភាព​ដើម ដូច​កាល​មុន​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប ដោយ​ពុំ​ទាន់​មានការ​ប៉ះពាល់ ហើយ​រង់ចាំ​ការ​អនុវត្ត​នីតិវិធី​ជា​បន្តបន្ទាប់ ​។

ការ​ចុះ​បង្ក្រាប​នេះ​ ធ្វើ​ឡើងក្រោម​បញ្ជា​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អនុវត្តន៍​ផ្ទាល់​ដោយ​សមត្ថកិច្ច​ជំនាញ រួម​ទាំង​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង ដោយ​មានការ​សម្រួល​នីតិវិធី​ច្បាប់​ ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​។

តាម​ការ​សន្និដ្ឋាន​បឋម ​ដោយ​ផ្អែក​លើ​របាយការណ៍ និង​ពិនិត្យ​នៅ​ទីតាំង​ផ្ទាល់​របស់​សមត្ថកិច្ច​ជំនាញ ក្រុម​ជនសង្ស័យ​បាន​ប្រើប្រាស់​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ទៅ​ប្រទេស​ផ្សេង​ៗ ក្រោម​រូបភាព​អូស​ទាញ​ជន​រង​គ្រោះ​ឱ្យ​ដាក់​ប្រាក់​ក្នុង​គម្រោង​វិនិយោគ​ក្លែងក្លាយ និង​ការ​លួងលោម​បែប​ស្នេហា​ ។

បច្ចុប្បន្ន​ ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​នេះ ត្រូវ​បាន​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ និង​បន្ត​ស្រាវជ្រាវ​ ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា​មេខ្លោង​ពាក់ព័ន្ធ​ជា​បន្ត​ទៀត ​។

សមត្ថកិច្ច​ចម្រុះ​ នៃ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាននិង​កំពុង​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប និង​បោសសម្អាត​អំពើ​ឆបោក​អន​ឡាញ យ៉ាង​សកម្ម និង​ជាប់​ជា​ប្រចាំ ដោយ​បាន​បង្ក្រាប​ទីតាំង​សរុប​ចំនួន​៦៥​ករណី​/​ទីតាំង គិត​ចាប់ពី​ខែមករា រហូត​ដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦នេះ​ ។

ក្នុង​ការ​បង្ក្រាប​ទាំងនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ សរុប​ចំនួន ៨៨៧នាក់ (​ស្ត្រី ២៣៣នាក់​)​។ ក្នុង​ចំណោម​ជនសង្ស័យ ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំងនេះ មាន​ជនជាតិ​បរទេស​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​អន​ឡាញ ចំនួន ៥៥៦​នាក់ ក្នុង​នោះ​ស្ត្រី ចំនួន ៥៥​នាក់ មាន ១៦​សញ្ជាតិ​ផ្សេង​គ្នា​ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​មេខ្លោង និង​បក្ខពួក ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ក្នុង​នីតិវិធីតុលាការ ខណៈ​ចំពោះ​ករណី​ផ្សេង​ទៀត សមត្ថកិច្ច​រាជធានី ​បាន​ប្រគល់​ជូន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជំនាញ​ពាក់ព័ន្ធ​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត រួម​ទាំង​ការ​បណ្តេញចេញ​ឱ្យ​ត្រលប់​ទៅ​ប្រទេស​ដើម​របស់​ខ្លួន​វិញ ​។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា​នៅ​ត្រឹម​ខែមេសា​ឆ្នាំ​២០២៦ ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ​។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ