ទីក្រុងតេអេរ៉ង់៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោកម៉ុចថាបា ខាមេនី (Mojtaba Khamenei) កំពុងសម្រាកព្យាបាលមុខរបួសជាច្រើនកន្លែងដោយសារការទម្លាក់គ្រាប់បែករបស់អាមេរិកាំងតាំងពីថ្ងៃបើកឆាកប្រយុទ្ធគ្នាថ្ងៃដំបូង។ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រងរបួសនៅថ្ងៃដែលអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារទៅលើភូមិគ្រឹះរបស់លោកអាយ៉ាតូឡា អាលី ខាមេនី ដែលជាឪពុករបស់មេដឹកនាំកំពូលបច្ចុប្បន្ន។ ការវាយប្រហារនៅពេលនោះមានសភាពខ្លាំងក្លាបណ្ដាលឱ្យស្លាប់មនុស្ស៦នាក់ជាសមាជិកគ្រួសាររបស់មេដឹកនាំកំពូល។

កូនប្រុសរូបនេះថ្វីដ្បិតមានសំណាងអាចរស់រានមានជីវិត ប៉ុន្តែក៏ត្រូវរបួសជើងផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសសាយប្រើស (Cyprus)។ នៅក្នុងការផ្ដល់បទសម្ភាសមួយដែលធ្វើឡើងនៅឯបរិវេណស្ថានទូតនោះផ្ទាល់តែម្ដង ឯកអគ្គរដ្ឋទូតអ៊ីរ់ង់ លោកអាលីរេហ្សា សាលារៀន (Alireza Salarian) បានបកស្រាយពិស្ដារអំពីស្ថានភាពនៅថ្ងៃនោះដែលធ្វើឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីវ័យ៥៦ឆ្នាំត្រូវរបួសជើង។

ឯកអគ្គរដ្ឋទូតរូបនេះថ្លែងបន្តទៀតថានៅថ្ងៃទម្លាក់គ្រាប់បែកនោះ កូនប្រុសរូបនេះក៏ស្ថិតនៅក្នុងបរិវេណផ្ទះនោះដែរ។ គាត់ត្រូវរបួសច្រើនកន្លែង។ ប៉ុន្តែគ្មានសារព័ត៌មានអន្តរជាតិណាចុះផ្សាយទេ។ លោកទទួលដំណឹងថាមេដឹកនាំកំពូលថ្មីត្រូវរបួសជើង របួសកំភួនដៃ និងដើមដៃ។ លោកគិតថាលោកម៉ុចថាបាប្រហែលជាកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលរបួស។ គេសង្កេតឃើញថាមេដឹកនាំកំពូលថ្មីរូបនេះមិនទាន់បង្ហាញមុខជាសាធារណៈ, មិនទាន់ផ្ដល់សម្ភាសជាមួយអ្នកសារព័ត៌មាន និងមិនទាន់ចេញសេចក្ដីថ្លែងការណ៍អ្វីមួយនៅឡើយទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់អះអាងថាប្រហែលជាគាត់មិនទាន់មានចិត្តស្ងប់ដើម្បីថ្លែងសុន្ទរកថា។ បើកឆាកដំបូងកាលពីថ្ងៃទី២៨ ខែកុម្ភៈ អាមេរិកវាយប្រហារមុនគេលើលំនៅដ្ឋានរបស់អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ នោះជាថ្ងៃទី១០នៃការបួសតមអាហាររបស់សាសនិកឥស្លាម (បុណ្យរ៉ាម៉ាដាន)។ អាយ៉ាតូឡា អាលី ខាមេនីនៅជួបជុំជាមួយគ្រួសារ កូនប្រសា និងចៅប្រុសជំទង់ដែលបានស្លាប់នៅក្នុងហេតុការណ៍ទម្លាក់គ្រាប់បែកនោះទាំងអស់គ្នា៕ ប្រភព៖ ដឹ ហ្កាឌាន (The Guardian)
លោកអាលីរេហ្សា សាលារៀន (Alireza Salarian) ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសសាយប្រើស
ចែករំលែកព័តមាននេះ