ក្រសួងអប់រំ និងក្រសួងការងារ ជំរុញការវិនិយោគលើការរៀបចំទារកដ្ឋាន ដើម្បីគាំពារ និងអភិវឌ្ឍកុមារតូចនៅកម្ពុជា
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ណូវ៉ូតែល ឯកឧត្តម ហេង សួរ…
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ណូវ៉ូតែល ឯកឧត្តម ហេង សួរ…
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ណូវ៉ូតែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងទារកដ្ឋាន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច ។

សិក្ខាសាលាថ្នាក់ជាតិនេះរៀបចំឡើង ក្នុងគោលបំណងស្វែងរកការគាំទ្រ និងជំរុញការវិនិយោគលើការបង្កើតទារកដ្ឋានប្រកបដោយស្តង់ដា នៅតាមសហគមន៍ សហគ្រាស និងទារកដ្ឋានឯកជន ព្រមទាំងចែករំលែកចំណេះដឹង ពីការពង្រឹងការគាំពារ និងអភិវឌ្ឍកុមារតូច ។

នៅក្នុងអង្គសិក្ខាសាលាដែលមានអ្នកចូលរួមជាង ២០០រូប មកពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មានអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់លើការពង្រឹងយន្តការគ្រប់គ្រងទារកដ្ឋាន គឺជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់កុមារតូច ដែលជាអ្នកបន្តវេនដ៏មានសក្តានុពល ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការផ្តល់សេវាទារកដ្ឋានក្នុងយុគសម័យទំនើប មិនមែនគ្រាន់តែជាការមើលថែទាំកុមារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រព័ន្ធផ្តល់សេវាអប់រំក្នុងដំណាក់កាលដំបូងនៃជីវិត ដែលរួមបញ្ចូលនូវបំណិនគ្រប់ជ្រុងជ្រោយ តាមរយៈការរៀនសូត្រដោយការលេង ការអប់រំសង្គមនិងអារម្មណ៍ ព្រមទាំងការផ្តល់សេវា ប្រកបដោយសុវត្ថិភាព សុខភាព អាហារូបត្ថម្ភ និងអនាម័យ ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ការជំរុញការយល់ដឹងដល់ភាគីពាក់ព័ន្ធ និយោជក និងអ្នករៀបចំដំណើរការទារកដ្ឋាន អំពីយន្តការគ្រប់គ្រងទារកដ្ឋានប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់បំផុត។ ឯកឧត្តមបានលើកឡើងពីទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ត្រី ជាពិសេសបងប្អូនកម្មការិនី តាមរយៈការដាក់ចេញនូវវិធានការ និងគោលនយោបាយលើកកម្ពស់សុខភាព ជីវភាព និងការគាំពារកុមារតូច ។ ជាក់ស្តែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនកម្មការិនីមានផ្ទៃពោះ (សមាជិក ប.ស.ស.) ចំនួន៣ដំណាក់កាល ដើម្បីធានាថាម្តាយនិងទារកមានសុខភាពល្អ និងលូតលាស់បានពេញលេញ ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការការពារសិទ្ធិស្ត្រី នៅកន្លែងធ្វើការ ឈរលើគោលការណ៍មិនរើសអើង ដូចជាការធានាការឈប់សម្រាក លំហែមាតុភាព ការអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះចាប់ពី ៣ខែ ឡើងទៅអាចចេញធ្វើការមុនម៉ោង ការរក្សាអតីតភាពការងារ និងការហាមឃាត់ដាច់ខាត នូវការបញ្ឈប់កម្មការិនី ដោយសារការមានផ្ទៃពោះ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីវឌ្ឍនភាព នៃការរៀបចំទារកដ្ឋាន នៅតាមរោងចក្រ ដូចជាករណីរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) កាលពីឆ្នាំ២០២៥ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការបន្តជំរុញ និងលើកទឹកចិត្តឱ្យរោងចក្រ សហគ្រាស រៀបចំ ឬគាំទ្រដល់ការផ្តល់សេវាទារកដ្ឋាន សម្រាប់កូនកម្មករនិយោជិតបន្ថែមទៀត អាស្រ័យតាមជម្រើស និងតម្រូវការជាក់ស្ដែង ។

ជាទីបញ្ចប់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និងឯកឧត្តម ហេង សួរ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចសហការ និងបង្កើនការវិនិយោគលើកុមារតូច តាមរយៈការរៀបចំទារកដ្ឋានប្រកបដោយស្តង់ដា ដើម្បីពង្រីកសេវាថែទាំ និងផ្តល់ឱកាសរៀនសូត្រក្នុងវ័យដំបូងដល់ទារកនិងកុមារតូច ប្រកបដោយសមធម៌ និងបរិយាបន្ន ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ