អន្តរជាតិ ៖ យោធាអ៊ីរ៉ង់បានទទួលស្គាល់ការវាយប្រហាររបស់ខ្លួនលើកប៉ាល់ដឹកទំនិញដោតទង់ជាតិថៃ Mayuree Naree នៅក្នុងច្រកសមុទ្រ Hormuz ដោយចោទប្រកាន់កប៉ាល់នោះថា មិនអើពើនឹងការព្រមានរបស់ខ្លួន ខណៈពេលកំពុងព្យាយាមធ្វើដំណើរឆ្លងកាត់ដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមប្រភពពីកាសែតថៃ The Thaiger បានចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ គួររំលឹកថា កប៉ាល់ដឹកទំនិញថៃ រងការវា.យប្រហារនៅច្រកសមុទ្រហ័រមូស នាវិក ៣នាក់កំពុងបា.ត់ខ្លួន
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Fars បានរាយការណ៍កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា កងកម្លាំងអ៊ីរ៉ង់បានកំណត់គោលដៅលើកប៉ាល់ ២ គ្រឿងក្នុងច្រកសមុទ្រហ័រមូស ហើយ១ក្នុងចំណោមនោះ គឺកប៉ាល់ដឹកទំនិញ Mayuree Naree ដោតទង់ជាតិថៃ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន IRGC បានបញ្ជាក់ថា កប៉ាល់ Mayuree Naree ត្រូវបានវាយប្រហារ បន្ទាប់ពីមិនអើពើនឹងការព្រមាន ហើយបានព្យាយាមឆ្លងកាត់ច្រកសមុទ្រដោយខុសច្បាប់។
កងទ័ពជើងទឹកថៃបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹកអូម៉ង់បានជួយសង្គ្រោះនាវិកចំនួន ២០នាក់ ហើយកំពុងបន្តស្វែងរកសមាជិកនាវិក ៣ នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន Fars ក៏បានរាយការណ៍ផងដែរថា កងកម្លាំងអ៊ីរ៉ង់ក៏បានវាយប្រហារដោយមីស៊ីលទៅលើកប៉ាល់១គ្រឿងទៀត កប៉ាល់ដឹកទំនិញ Express Rome ដោតទង់ជាតិលីបេរីយ៉ា ដោយមិនបានគោរពតាមការព្រមានដែលចេញដោយកងទ័ពជើងទឹកអ៊ីរ៉ង់ IRGC។
យោងតាមអង្គភាពប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេស (UKMTO) បានរាយការណ៍ថា យ៉ាងហោចណាស់ការវាយប្រហារចំនួន ១៣ លើកកើតឡើងលើបណ្តាកប៉ាល់នៅឈូងសមុទ្រពែរ្ស ច្រកសមុទ្រហ័រមូស និងឈូងសមុទ្រអូម៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានសងសឹកតបតវិញ៕


ចែករំលែកព័តមាននេះ