រាជធានីភ្នំពេញ ៖ «ឈរលើបរិបទនៃវិបត្តិដ៏គួរឱ្យបារម្ភនេះ កម្ពុជាដាច់ខាតត្រូវតែពង្រឹងខ្លួនឯង ឱ្យកាន់តែខ្លាំងក្លា និងបង្កើនស្មារតីម្ចាស់ការ ពឹងផ្អែកលើខ្លួនឯងឱ្យបានខ្ពស់ បំផុត» ។
នេះបើតាមការបញ្ជាក់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅក្នុងសិក្ខាសាលា និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចស្តីពី«ការពង្រឹងភាពធន់ជាតិ វិទ្យាសាស្ត្រម បច្ចេកវិទ្យា នវនុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា»នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភាមានប្រសាសន៍ថាក្នុងកាលៈទេសៈនេះ ក្នុងនាមតំណាងរាស្ត្រ ដែលតំណាងឱ្យប្រជាពលរដ្ឋ ជាង ១៧ លាននាក់ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង យើងត្រូវតែមានការយកចិត្ត ទុកដាក់ខ្ពស់ ហើយគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមដឹកនាំនាវា កម្ពុជាឆ្លងកាត់ព្យុះភ្លៀង បោះពួយទៅមុខ ដោយមានទំនុកចិត្ត និងភាព ប្រាកដប្រជា តាមរយៈចក្ខុវិស័យ និងយុទ្ធសាស្ត្រជាតិច្បាស់លាស់។ សំណួរ គន្លឹះដ៏សំខាន់ សម្រាប់យើងទាំងអស់នៅថ្ងៃនេះ គឺថា៖ «តើយើងត្រូវប្រែ ក្លាយបញ្ហាប្រឈម និងការលំបាកដែលយើងកំពុងជួបប្រទះនាពេលនេះ ទៅជាកាលានុវត្តភាព និងភាពធន់របស់ជាតិ ដោយរបៀបណា?
នេះជា ចំណោទប្រស្នា ដែលខ្ញុំស្នើសុំឱ្យអង្គសិក្ខាសាលាពិភាក្សាឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ហើយដាក់ចេញជាដំណោះស្រាយ ដែលអាចអនុវត្តបាន ចេញជាលទ្ធផលផ្លែផ្កា សម្រាប់ជាតិមាតុភូមិជាទីស្រលាញ់នៃយើង។
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារីបានបញ្ជាក់ថា៖” ឈរលើបរិបទនៃវិបត្តិដ៏គួរឱ្យបារម្ភនេះ កម្ពុជាដាច់ខាតត្រូវតែពង្រឹងខ្លួនឯង ឱ្យកាន់តែខ្លាំងក្លា និងបង្កើនស្មារតីម្ចាស់ការ ពឹងផ្អែកលើខ្លួនឯងឱ្យបានខ្ពស់ បំផុត ព្រោះយើងត្រូវយល់ថា គ្មាននរណាម្នាក់អាចការពារ និងរក្សាអនាគត និងជោគវាសនារបស់យើង បានល្អជាងខ្លួនយើងផ្ទាល់នោះឡើយ សមដូច ពុទ្ធភាសិតថា «អត្តាហិ អត្តនោ នាថោ (ខ្លួនទីពឹងខ្លួន)» ។
ជាមួយគ្នានោះដែរសម្តេចប្រធានរដ្ឋសភាបានបញ្ជាក់បន្ថែមថា៖«យើងចាំបាច់ ត្រូវតែកសាងសមត្ថភាពការពារជាតិឱ្យមានភាពរឹងមាំ និងមានភាពធន់ខ្ពស់ ដើម្បីបង្កើនអានុភាពនៃការបង្ការ ការពារ រារាំង ទប់ទល់ និងប្រឆាំង ចំពោះចេតនាបង្ខិតបង្ខំ ឬការប៉ុនប៉ង ឈ្លានពានណាមួយពីសំណាក់សត្រូវមកលើ មាតុភូមិរបស់យើង»។
ក្នុងឱកាសនោះដែរសម្តេចប្រធានរដ្ឋសភាបានលើកឡើងថាភាពធន់ជាតិ គឺជាសមត្ថភាពដ៏រឹងមាំរបស់ជាតិ ក្នុងការទប់ទល់រាល់វិបត្តិ ដែលកើតឡើងជាយថាហេតុ ក៏ដូចជាការស្តារឡើងវិញនូវស្ថានភាពជាតិឱ្យ មានភាពល្អប្រសើរដោយឆាប់រហ័ស ហើយបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើន សម្រាប់ថ្ងៃអនាគត។
សម្តេចបានលើកឡើងទៀតថា ក្នុងយុគសម័យដ៏ស្មុគស្មាញនេះ សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិ ត្រូវតែ ដើរទន្ទឹមគ្នា និងរួមជាធ្លុងមួយ។ ក្នុងន័យនេះ យើងចាំបាច់ត្រូវគិតគូរឱ្យបាន គ្រប់ជ្រុងជ្រោយ ទាំងគោលនយោបាយពាណិជ្ជកម្ម-វិនិយោគ ឧស្សាហកម្ម អភិបាលកិច្ចឌីជីថល ថាមពល និងឧស្សាហកម្មការពារជាតិ ជាដើម ដែល សុទ្ធសឹងតែជា «ឧបករណ៍ ឬអាវុធយុទ្ធសាស្ត្រ» ដ៏មានសារៈសំខាន់មិន អាចខ្វះបាន សម្រាប់បម្រើឱ្យកិច្ចការពារជាតិ និងការរក្សាការពារ អធិបតេយ្យ នៅក្នុងយុគសម័យទំនើបនេះ៕

ចែករំលែកព័តមាននេះ