ទីក្រុងព្យុងយ៉ាង៖ ប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន កាលពីពេលថ្មីៗនេះបាននាំកូនស្រីចុះពិនិត្យមើលរោងចក្រផលិតអាវុធធុនស្រាល។ លោក និងកូនស្រីឈ្មោះគីមជូអេ (Kim Ju Ae) បានបាញ់សាកល្បងនូវកាំភ្លើងខ្លីដែលទើបតែផលិតបាន។ លោកគីមចុះទៅរោងចក្រនោះដោយមានមន្ត្រីបក្ខជនជាន់ខ្ពស់នៃបក្សពលករកូរ៉េជាច្រើនរូបហែហមទៅជាមួយផងដែរ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋកូរ៉េខាងជើង ខេស៊ីអឹនអេ (KCNA)។

ទូរទស្សន៍នេះឥតបានបញ្ជាក់ឱ្យច្បាស់ថាតើទីតាំងនោះស្ថិតនៅកន្លែងណាពិតប្រាកដទេ។ នៅពេលចុះទៅរោងចក្រនោះ លោកគីមដើរទៅឈប់នៅទីលានបាញ់សាកល្បងកាំភ្លើងខ្លី។ លោកអះអាងថាកាំភ្លើងខ្លីរបស់កូរ៉េខាងជើងស៊េរីថ្មីនេះមានគុណភាពខ្ពស់ព្រោះបំពេញមុខងារបានល្អ, កម្លាំងបាញ់ចេញខ្លាំង, បាញ់ចំគោលដៅល្អ ហើយអាចប្រើបានគ្រប់ស្ថានការណ៍សឹក។ លោកគីមបង្ហាញការពេញចិត្តយ៉ាងខ្លាំងនឹងការផលិតបានកាំភ្លើងខ្លីដ៏ល្អនេះ។

កាលពីខែកុម្ភៈ គណៈកម្មការយោធានៃបក្សពលករកូរ៉េខាងជើងបានអនុម័តយល់ព្រមឱ្យផលិតកាំភ្លើងខ្លីនេះ។ រោងចក្រផលិតកាំភ្លើងនេះបើកដំណើរការក្រោមឱវាទរបស់គណៈកម្មការសេដ្ឋកិច្ចរបស់កូរ៉េខាងជើងដែលជាអ្នកមើលការខុសត្រូវលើដំណើរការផលិតអាវុធគ្រប់ធុន និងឧស្សាហកម្មផលិតគ្រឿងបរិក្ខារបម្រើឱ្យវិស័យការពារជាតិ។ ទូរទស្សន៍កូរ៉េខាងជើងមិនបានបញ្ចេញឈ្មោះកូនស្រីលោកគីមជុងអ៊ុនទេ។

ប៉ុន្តែរូបថតដែលផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានរដ្ឋបង្ហាញរូបកូនស្រីរូបនេះរួមដំណើរជាមួយឪពុកចុះទៅមើលរោងចក្រ។ អ្នកទាំង២ពាក់អាវផលិតអំពីស្បែក និងបាញ់កាំភ្លើងទាំង២នាក់ឪពុក-កូន។ គេគិតថាគីមជូអេកើតនៅឆ្នាំ២០១៣។ នាងឧស្សាហ៍បង្ហាញមុខជាមួយឪពុកនៅក្នុងកម្មវិធីសាធារណៈដូចជានៅពេលបាញ់មីស៊ីល, ពិធីហែក្បួនព្យុហយាត្រាកងទ័ព និងអង្គមិទ្ទិញនយោបាយសំខាន់ៗ៕ ប្រភព៖ UPI និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ