ទីក្រុងយេរូសាឡឹម៖ នៅទីបំផុត អ៊ីស្រាអែលប្រកាសទទួលស្គាល់ជាផ្លូវការហើយថាករណីបាញ់ស្លាប់ទីភ្នាក់ងារផ្ដល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិកាលពីពេលកន្លងមកនោះជាស្នាដៃរបស់ទាហានខ្លួនពិតមែន។ កាលពីមុននេះ អ៊ីស្រាអែលប្រកែកដាច់ក្បាលដាច់កន្ទុយថាការអះអាងរបស់អង្គការសហប្រជាជាតិគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ។
ហេតុការណ៍វាយប្រហារនោះកើតឡើងទៅលើផ្ទះសំណាក់នៅតំបន់ហ្កាហ្សាកាលពីខែមីនា។ យោងតាមយោធាអ៊ីស្រាអែល លទ្ធផលស៊ើបអង្កេតបង្ហាញថារថក្រោះអ៊ីស្រាអែលដែលបើកប្រតិបត្តិការសឹកនៅម្ដុំនោះបានបាញ់ទៅលើផ្ទះសំណាក់បណ្ដាលឱ្យស្លាប់ទីភ្នាក់ងារ UN ម្នាក់ឈ្មោះម៉ារីន ម៉ារីណូស (Marin Marinov) អាយុ៥១ឆ្នាំជាជនជាតិប៊ុលការី (Bulgaria)។
អ៊ីស្រាអែលថាមូលហេតុដែលខ្លួនវាយប្រហារអគារនោះដោយសារមានទាហានរបស់ពួកសត្រូវឧស្សាហ៍ចេញចូលទីនោះច្រើនពេក។ ម៉្យាងទៀត គេមិនបានដាក់ផ្លាកសម្គាល់ថាទីនោះជាកន្លែងស្នាក់នៅរបស់បុគ្គលិក UN ទាល់តែសោះ។ យោធាអ៊ីស្រាអែលមានវិប្បដិសារីយ៉ាងខ្លាំងចំពោះរឿងនេះ ហើយប្ដេជ្ញាថានឹងស្រាវជ្រាវតទៅទៀតដើម្បីដកពិសោធអនុស្សាវរីយ៍ដ៏ជូរចត់ដែលបានកើតឡើងកាលពីពេលកន្លងមក ដើម្បីរិះរកវិធីកែលម្អ និងទប់ស្កាត់មិនឱ្យករណីនេះកើតឡើងជាថ្មី។
អ៊ីស្រាអែលសម្ដែងការសោកស្ដាយជាពន់ពេក និងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់។ សូមរំលឹកថាកាលពីមុននេះ យោធាអ៊ីស្រាអែលចេញមុខប្រកែកយក១ឈ្នះដៃថាខ្លួនមិនបានវាយប្រហារផ្ទះសំណាក់នេះទេ។ ក្រសួងការបរទេសអ៊ីស្រាអែលរហូតដល់ទៅចោទប្រកាន់អង្គការសហប្រជាជាតិថាចេះតែនិយាយដោយគ្មានភស្តុតាង។
បន្ទាប់ពីអ៊ីស្រាអែលទទួលស្គាល់កំហុសនៅថ្ងៃនេះ UN ស្វាគមន៍លទ្ធផលនៃការស៊ើបអង្កេត និងជំរុញឱ្យអ៊ីស្រាអែលចេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ នេះជាលើកទី២នៅក្នុងរយៈពេល១ខែចុងក្រោយដែលយោធាអ៊ីស្រាអែលចេញសេចក្ដីថ្លែងការណ៍ទាំងខុសឆ្គងពាក់ព័ន្ធនឹងការរវាយប្រហារបុគ្គលិកផ្ដល់ជំនួយ។ ពួកគេបដិសេធជានិច្ចថាមិនមែនជាស្នាដៃរបស់ខ្លួន។ ប៉ុន្តែការប្រកែកនេះបានត្រឹមតែខ្មាសខ្លួនឯងតែប៉ុណ្ណោះនៅពេលមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុក។
កាលពីសប្ដាហ៍មុន យោធាអ៊ីស្រាអែលទទួលស្គាល់ថាទាហានរបស់ខ្លួនបាញ់រថយន្តគិលានសង្គ្រោះជាច្រើនគ្រឿងរួមជាមួយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តដាក់ផ្លាក UN។ កាលនោះ ស្លាប់មនុស្ស១៥នាក់ជាបុគ្គលិកជួយសង្គ្រោះ និងភ្នាក់ងារផ្ដល់ជំនួយ។ អ៊ីស្រាអែលប្រកែកយ៉ាងខ្លាំង។ ទាល់តែគេបង្ហាញរូបវីឌីអូឃ្លីបជាភស្តុតាងបង្ហាញពីការវាយប្រហារនោះទើបអ៊ីស្រាអែលសុខចិត្តទទួលស្គាល់ថានេះជាស្នាដៃរបស់ទាហានខ្លួនពិតមែន។ នេះបើតាមការផ្សាយរបស់គេហទំព័រស៊ីអឹនអឹន (CNN)៕
ចែករំលែកព័តមាននេះ