ទីក្រុងញូដេលី៖ នៅពេលជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានផ្ទុះឡើងយ៉ាងក្ដៅគគុក អង្គការសហប្រជាជាតិជំរុញឱ្យប្រទេសទាំង២ប្រើប្រាស់ការអត់ធ្មត់ជាអតិបរមា។ ប្រទេសទាំង២កំពុងចាត់វិធានការវាយបកគ្នាទៅវិញទៅមកផ្នែកការទូតក្រោយហេតុការណ៍បាញ់ប្រហារពីសំណាក់ជនប្រដាប់អាវុធ១ក្រុមទៅលើអ្នកទេសចរដែលធ្វើដំណើរកម្សាន្តនៅតំបន់កាស់ស្មៀ។
ឥណ្ឌា និងប៉ាគីស្ថានគ្មានទំនាក់ទំនងល្អនឹងគ្នាទេតាំងពីមុននេះម៉្លេះ។ ដូច្នេះក្រោយហេតុនេះធ្វើឱ្យទំនាក់ទំនងចុះដុនដាបកាន់តែខ្លាំង។ ឥណ្ឌាចោទប្រកាន់ថាប៉ាគីស្ថានគាំទ្រចលនាភេរវកម្មឆ្លងដែន។ កាលពីម្សិលមិញ ឥណ្ឌាសម្រេចចិតបិទច្រកព្រំដែនគោក និងព្យួរទុកសន្ធិសញ្ញាស្ដីពីការចែករំលែកទឹកស្អាតនៅទន្លេអ៊ីនឌូស (Indus)។ ហេតុនេះ ការធ្វើដំណើរចេញចូលឆ្លងព្រំដែនប្រទេសទាំង២ត្រូវបិទជិតឈឹងព្រោះប្រទេសទាំង២គ្មានជើងហោះហើរជាមួយគ្នាតាំងពីមុននេះទៅទៀត។
ដូច្នេះ ដោយសារមើលឃើញថាសភាពការណ៍ហាក់ដូចជាមិនសូវស្រួល អង្គការសហប្រជាជាតិតាមរយៈអ្នកនាំពាក្យរបស់ខ្លួនសូមជំរុញឱ្យរដ្ឋាភិបាលប្រទេសទាំង២ធ្វើចិត្តឱ្យត្រជាក់ និងត្រូវធានាឱ្យបានថាសភាពការណ៍ជាទូទៅ និងព្រឹត្តិការណ៍វិវត្តថ្មីៗនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអាចទប់ស្កាត់ត្រឹមនេះចុះ ហើយមិនចុះដុនដាបកាន់តែខ្លាំងជាងនេះទៀតទេ។
អង្គការសហប្រជាជាតិនៅតែមានជំនឿយ៉ាងមុតមាំថារាល់បញ្ហាដែលកើតឡើងរវាងប៉ាគីស្ថាន និងឥណ្ឌាអាចដោះស្រាយដោយសន្តិវិធី។ ការថ្លែងដូច្នេះបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ូឌី កំពុងមានកំហឹងយ៉ាងខ្លាំង។ លោកប្ដេជ្ញាថាត្រូវតែតាមចាប់ជនដៃដល់ឱ្យបានទោះបីនៅក្នុងតម្លៃណាក៏ដោយដើម្បីយកទៅផ្ដន្ទាទោសឱ្យស័ក្ដិសមទៅនឹងទង្វើរបស់ពួកគេ។
លោកថ្លែងដូច្នេះបន្ទាប់ពីសមត្ថកិច្ចឥណ្ឌាកំណត់មុខសញ្ញាជនសង្ស័យបាន២នាក់ហើយ។ ពួកគេជាជនជាតិប៉ាគីស្ថាន។ លោកម៉ូឌីថ្លែងថាលោកសូមប្រកាសប្រាប់ពិភពលោក។ ឥណ្ឌានឹងកំណត់មុខសញ្ញា, តាមវែកមុខ និងចាប់មកផ្ដន្ទាទោសនូវពួកភេរវកម្ម និងអ្នកនៅពីក្រោយពួកគេ។ យើងត្រូវតែតាមចាប់ពួកគេឱ្យបានទោះបីនៅដល់ក្រហែងជើងមេឃណាក៏ដោយ។
ប៉ាគីស្ថានចេញមុខបដិសេធដាច់ខាតថាខ្លួនគ្មានជាប់ពាក់ព័ន្ធនឹងទង្វើនេះទេ។ ប៉ាគីស្ថានចាត់ទុកថាការដែលឥណ្ឌាភ្ជាប់រដ្ឋាភិបាលប៉ាគីស្ថានទៅនឹងករណីវាយប្រហារនៅតំបន់ផាហាល់ហ្កាម ស្លាប់២៦នាក់នោះ ជាការចោទប្រកាន់ដែលឥតន័យខ្លឹមសារ។ ប៉ាគីស្ថានព្រមានថាខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងទាន់ចិត្តបើសិនទីក្រុងញូដេលីហ៊ានធ្វើអ្វីមិនល្អចំពោះខ្លួន។
ប៉ាគីស្ថានចេញសេចក្ដីថ្លែងការណ៍ព្រមានថាបើឥណ្ឌាធ្វើអ្វីប៉ះពាល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រជាជនប៉ាគីស្ថាន ប៉ាគីស្ថាននឹងចាត់វិធានការវាយបកវិញឱ្យបានស្មើដៃគ្នា។ កាលពីមុននេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅក្នុងគ្រាអាសន្នជាមួយមន្ត្រីកំពូលៗនៃក្រសួងការពារជាតិ។ នេះបើតាមការផ្សាយរបស់អាអែហ្វប៉េ (AFP)៕
ចែករំលែកព័តមាននេះ