ក្រុងបាងកក៖ ញាក់សាច់នៅពេលដឹងទ្រព្យសម្បត្តិដ៏ច្រើនរបស់នាយករដ្ឋមន្ត្រីវ័យក្មេងរបស់ថៃ លោកស្រីផែថងថាន។ ថ្មីៗនេះ គេដឹងថាលោកស្រីមានទ្រព្យសម្បត្តិ១៣ពាន់លានបាត ឬស្មើនឹងជាង៤រយលានដុល្លារអាមេរិកដែលជាទ្រព្យសម្បត្តិរួមគ្នារវាងគូស្វាមី-ភរិយារបស់លោកស្រី។ ក្នុងនោះក៏មានវីឡា២កន្លែងនៅអង់គ្លេស និងដីឡូតិ៍២កន្លែងនៅជប៉ុនផងដែរ។
ក្រៅពីនេះ លោកស្រីក៏មានកូនបំណុលជំពាក់លុយជាង១២៧លានដុល្លារអាមេរិក។ ខាងលើនេះជាសេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ការប្រកាសទ្រព្យសម្បត្តិមិនមែនលំៗនោះទេ។ ទៅថ្ងៃមុខ បើអាជ្ញាធររកឃើញថាប្រកាសតិចជាងទំហំទ្រព្យដែលមានក៏មានទោសផងដែរ។ អង្គភាពប្រឆាំងអំពើពុករលួយថ្លែងថាលោកស្រីផែថងថានប្រកាសទ្រព្យសម្បត្តិបន្ទាប់ពីលោកស្រីឡើងកាន់តំណែងនាយករដ្ឋមន្ត្រីបន្តពីលោកសេដ្ឋា ថាក់វិស៊ីនកាលពីខែសីហា ឆ្នាំ២០២៤។
ទ្រព្យសម្បត្តិរបស់លោកស្រី និងស្វាមីសរុបស្មើនឹង១៣,៩៩ពាន់លាតបាត ឬស្មើនឹង៤០៥លានដុល្លារអាមេរិក។ លោកស្រីមានទ្រព្យសម្បត្តិ១៣,៨៤ពាន់លានបាត ចំណែកស្វាមីមាន១៤១,១១លានបាត។ មានន័យថាប្ដីមានលុយតិចជាងប្រពន្ធ។ ចំណែកកូនតូចរបស់លោកស្រីដែលទើបតែកើតបានជាងមួយខួបនោះក៏មានទ្រព្យសម្បត្តិកន្លះលានបាតបាត់ទៅហើយ។
លោកស្រីផែថងថានដាក់លុយនៅក្នុងធនាគារចំនួន២៩ និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនចំនួន៣២។ លោកស្រីមានដីឡូតិ៍១២កន្លែងនៅប្រទេសថៃ, មានខុនដូចំនួន៥នៅបាងកក, ផ្ទះ២កន្លែងនៅបាងកក និងណុនថាបុរី និងអគារសម្រាប់ជួលជាច្រើនខ្នងទៀត។ លោកស្រីមានរថយន្ត២៣គ្រឿងដូចជាបឹនលី (Bentley)តម្លៃ៣០ម៉ឺនដុល្លារ និងរ៉ូលរ៉យតម្លៃ១៩ម៉ឺនដុល្លារ។
អ្នកនាំពាក្យគណបក្សភឿថៃបញ្ជាក់ថារាល់ការផ្សព្វផ្សាយរបស់សារព័ត៌មាននោះគឺត្រឹមត្រូវ១០០%។ លោកថាក់ស៊ីនដែលជាឪពុករបស់លោកស្រីផែថងថានមានទ្រព្យសម្បត្តិ២១០០លានដុល្លារ។ លោកជាប់ឈ្មោះជាជាសេដ្ឋីលំដាប់ទី១១នៅថៃ។ កាលពីដំបូងឡើយ លោកថាក់ស៊ីនសិក្សាមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន (IT)។ ក្រោយមក លោកបើករកស៊ីខាងក្រុមហ៊ុនទូរគមនាគមន៍ (ផ្ដល់សេវាទូរស័ព្ទ និងសេវាបច្ចេកវិទ្យាព័ត៌មានដទៃទៀត)។ ដូចនេះ លោកក៏ហក់ចូលទៅក្នុងវិស័យនយោបាយ៕
ចែករំលែកព័តមាននេះ