រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវចាប់បានឃាតករ ដែលសម្លាប់នារីសង្សារនៅក្នុងផ្ទះសំណាក់យីហោ «អូយេស» ស្ថិតនៅមុខវត្តនាគវ័ន្ត បន្ទប់C20 ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ការឃាត់ខ្លួនបានធ្វើឡើងម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៩ តុលា ២០១៦ នេះ ស្ថិតត្រង់មុខមន្ទីរពេទ្យព្រះកុសុមៈត្រពាំងឈូកក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ឃាតកររូបនេះឈ្មោះបាន សុភ័ក្រ ហៅពៅ មានទីលំនៅមិនពិតប្រាកដ ដោយបានឆ្លើយសារភាពថា នារីដែលខ្លួនសម្លាប់នោះ គឺជាសង្សារស្រលាញ់គ្នាជាង២ឆ្នាំមកហើយ ព្រោះតែមានទំនាស់គ្នា ហើយនៅថ្ងៃកើតហេតុ ខ្លួនក៏បានណាត់នាងទៅផ្ទះសំណាក់ ខ្លួនយកកន្សែងពោះគោញាត់មាត់ និងច្របាច់.កសម្លាប់ចោលតែម្តង រួចយកទូរស័ព្ទម៉ាកអាយហ្វូន6មួយគ្រឿង,ខ្សែ.ក និងប្រាក់ផងដែរ ។ ក្រោយការធ្វើការសាកសួរ សមត្ថកិច្ចបានធ្វើសំណុំរឿងក្តីនេះ ចាត់ការតាមនីតិវិធីនៃច្បាប់ ។
គួររំលឹកថា សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកបានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ថា ករណីច្របាច់កសម្លាប់ចោលសពទាំងអាក្រាតកាយននលគកនៅក្នុងផ្ទះសំណាក់ «អូ ! យេស» គឺជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិ ។
គួររំលឹកថា នារីវ័យក្មេងស្រស់សោភា មានអាយុប្រមាណជាជាង២០ឆ្នាំម្នាក់ បន្ទាប់ពីបុរសជាសង្សាររួមរ័ករួច បានច្របាច់.កសម្លាប់ទុកសពចោលទាំងអាក្រាតកាយននលគក នៅក្នុងបន្ទប់ផ្ទះសំណាក់ រហូតដល់ម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ទើបត្រូវបានគេប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងបន្ទប់ C២០ ជាន់ទី៣ ផ្ទះសំណាក់យីហោ «អូ! យេស» ដែលមានទីតាំងលេខ១៧ ផ្លូវលេខ១៣២ (ខាងកើតវត្តនាគវ័ន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ស្គាល់នារីវ័យក្មេងដែលត្រូវគេច្របាច់កសម្លាប់ទុកសពចោលទាំងស្រាតននលគកហើយ
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នារីវ័យក្មេងរងគ្រោះឈ្មោះ អាង វណ្ណ អាយុ២២ឆ្នាំ ជានារីបម្រើការងារនៅខារ៉ាអូខេ ហេង ហេង នៅម្តុំដេអិន (DN) ស្នាក់នៅផ្ទះជួលលេខ១៦CC ផ្លូវលេខ១០៣ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ។ នារីរងគ្រោះត្រូវបានបុរសជាសង្សារច្របាច់កសម្លាប់ទុកសពចោលទាំងអាក្រាតកាយននលគកនៅក្នុងផ្ទះសំណាក់ «អូ ! យេស» ប្លន់យកទ្រព្យសម្បត្តិមួយចំនួនដូចជា ទូរស័ព្ទដៃម៉ាក iPhone 6 plus ព៌ណស១គ្រឿង កងដៃ៣កង និងខ្សែកប្លាទីន១ខ្សែផងដែរ ។
ប្រភពពីមិត្តភក្តិនារីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា កាលពីវេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នារីរងគ្រោះបានចេញពីផ្ទះជួលរបស់ខ្លួនដោយប្រាប់មិត្តភក្តិថាទៅធ្វើសក់មួយភ្លែត ហើយក៏បាត់ដំណឹងឈឹង រហូតល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ទើបឃើញបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក និងបណ្ដាញព័ត៌មាននានាផ្សារថា រួមរ័ករួចច្របាច់កសម្លាប់ ទុកសពចោលទាំងស្រាតននលគកនៅក្នុងផ្ទះសំណាក់ ពេលនោះនារីម្នាក់ដែលអ្នកស្នាក់នៅបន្ទប់ជួលជាមួយគ្នានិងមិត្តភក្តិធ្វើការជាមួយគ្នាមានការសង្ស័យក៏ទៅសាកសួរព័ត៌មានពីនគរបាលប៉ុស្តិ៍ស្រះចក និងទៅពិនិត្យមើលសពនារីរងគ្រោះនៅវត្តស្ទឹងមានជ័យ ទើបដឹងថាពិតជាមិត្តភក្តិរបស់ខ្លួនធ្វើឲ្យម្នាក់ៗមានការរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំងគ្រប់គ្នា បន្ទាប់មកទើបទូរស័ព្ទទៅប្រាប់ឪពុកម្តាយរបស់នារីរងគ្រោះនៅឯស្រុកកំណើតឲ្យដឹងពីដំណឹងដ៏អកុសលនេះ ។
រហូតដល់យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ក្រុមគ្រួសារ និងឪពុកម្តាយនារីរងគ្រោះបានធ្វើការទំនាក់ទំនងទៅកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន រួចទទួលយកសពទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តព្រៃវែងវិញ ។ ហើយនៅពេលនេះកម្លាំងមានសមត្ថកិច្ចកំពុងតែដុតដៃ ដុតជើងយ៉ាងខ្លាំងក្នុងការស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ជាឃាតកររូបនោះយកមកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ៕
ចែករំលែកព័តមាននេះ