ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញមានអាជីវករ និងប្រជាពលរដ្ឋមួយចំនួន បាននាំគ្នារុះរើអីវ៉ាន់របស់ខ្លួន ដូចជា បន្លែ ត្រី សាច់ជ្រូក ផ្លែឈើ យកទៅដាក់តាំងលក់ដូរលើទ្រូងផ្លូវ បង្កឱ្យមានភាពរញ៉េរញ៉ៃ នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារណៈ ទើបរហូតមកដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបានក្រុងប៉ៃលិន បានដឹកនាំកម្លាំងចម្រុះ ចុះរុះរើសម្ភារៈដូចជា ឆ័ត្រ កៅអី គ្រែ និងប៊ូត ដើម្បីយកទៅរក្សាទុកនៅសាលាក្រុងប៉ៃលិន រង់ចាំឱ្យម្ចាស់ចូលខ្លួនទៅធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវបែបនេះបន្តទៀត។
ការចុះអនុវត្តសណ្តាប់ធ្នាប់ខាងលើនេះ គ៊ឺស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើតាមលោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ ក្រោយពីរដ្ឋបាលក្រុងបានចេញសេចក្តីប្រកាស ឱ្យឈប់លក់ដូរលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវកាលពីប៉ុន្មានថ្ងៃមុន ព្រមទាំងចុះធ្វើការណែនាំផ្ទាល់ជាញឹកញាប់មិនស្តាប់ ទើបខាងលោកបានដឹកនាំកម្លាំងចម្រុះ មាននគរបាលក្រុងប៉ៃលិន កងរាជអាវុធហត្ថក្រុង មេភូមិ ចៅសង្កាត់ រួមជាមួយនឹងប្រជាការពារ ចុះអនុវត្តធ្វើការរុះរើការកន្លែងលក់ដូរនៅលើដងផ្លូវនេះតែម្តង។

លោកបន្តទៀតថា ខាងក្រុងតែងតែណែនាំឱ្យពួកគាត់ចូលទៅលក់ដូរនៅក្នុងផ្សារក្រោម (ផ្សារជាងអូន) ស្ថិតនៅក្នុងភូមិខាងលើ ប៉ុន្តែពួកគាត់មិនព្រមស្តាប់តាមនោះទេ ដោយនាំគ្នាដាក់តាំងអីវ៉ាន់លក់ដូរយ៉ាងអនាធិបតេយ្យលើដងផ្លូវ និងចំណីផ្លូវបន្តទៀត ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារណៈ។

លោកបញ្ជាក់ថា អាជ្ញាធរក្រុង មានការព្រួយបារម្ភពីសុវត្ថិភាពប្រជាពលរដ្ឋ ព្រោះថា អាចបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយជាយថាហេតុណាមួយ ខណៈពេលពួកគាត់តាំងលក់ដូរនៅលើផ្លូវចុះចំណោត ព្រោះធ្លាប់មានករណីរថយន្តដាច់ហ្វ្រាំងជ្រុលចូលផ្ទះប្រជាពលរដ្ឋជាញឹកញាប់មកហើយ។
គួររំលឹកទៀតថា ៖ អាជីវករលក់ដូរលើទ្រូងផ្លូវ និងចំណីផ្លូវមុខផ្សារក្រោមត្រូវរុះរើចេញក្នុងរយៈពេល៣ថ្ងៃ ៕








ចែករំលែកព័តមាននេះ