ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកទើបតែប្រកាសថ្មីៗនេះថាខ្លួនបានបើកប្រតិបត្តិការវាយប្រហារក្រុមអាយស៊ីសនៅប្រទេសស៊ីរីដើម្បីសងសឹកឱ្យយុទ្ធមិត្តរបស់ខ្លួនដែលត្រូវក្រុមនេះបាញ់សម្លាប់កាលពីសប្ដាហ៍មុន។ គោលដៅដែលរងការវាយប្រហារពីអាមេរិកកាលពីយប់មិញនោះមានដូចជាយុទ្ធជនរបស់ក្រុមអាយស៊ីស, ហេដ្ឋារចនាសម្ព័ន្ធ និងឃ្លាំងអាវុធរបស់ពួកគេ។

លើកនេះអាមេរិកប្រើប្រាស់ផ្គួបគ្នារវាងយន្តហោះចម្បាំងម៉ាកអែហ្វ១៥ (F-15), អេ១០ (A-10), ឧទ្ធម្ភាគចក្រប្រយុទ្ធម៉ាកអាប៉ាឈី (Apache) និងកាំជ្រួចហ្វូងម៉ាកហាយម៉ាស់ (HIMARS)។ រដុ្ឋមន្ត្រីការពារជាតិអាមេរិក លោកភីតហេកសិត (Pete Hegseth) បង្ហោះសារនៅលើបណ្ដាញអ៊ិចថានេះមិនមែនជាការផ្ទុះសង្គ្រាមទេ ប៉ុន្តែគឺជាការប្រកាសសងសឹក។ ប្រទេសអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតីត្រាំនឹងមិនញញើត ឬបន្ធូរដៃនៅក្នុងការការពារប្រជាជនរបស់យើងជាដាច់ខាត។

សូមរំលឹកថាកាលពីចុងសប្ដាហ៍មុន ជនប្រដាប់អាវុធម្នាក់របស់ក្រុមអាយស៊ីសបានស្ទាក់បាញ់ទាហានអាមេរិកបណ្ដាលពួកគេស្លាប់២នាក់។ អ្នកបកប្រែម្នាក់ដែលជាជនជាតិអាមេរិកក៏បានស្លាប់នៅក្នុងហេតុនោះដែរ។ ដូច្នេះសរុបទៅ អាមេរិកស្លាប់ជនជាតិរបស់ខ្លួនអស់បីនាក់។ នេះជាការវាយប្រហារស្លាប់ទាហានអាមេរិកច្រើនបំផុតចាប់តាំងពីរបបដឹកនាំរបស់អាល់អាសាតដួលរលំកាលពីខែធ្នូ ឆ្នាំ២០២៤។

លោកដូណាល់ត្រាំអះអាងថារដ្ឋាភិបាលស៊ីរីគាំទ្រយ៉ាងពេញទំហឹងចំពោះការវាយប្រហាររបស់អាមេរិក។ រដ្ឋាភិបាល និងយោធារបស់ស៊ីរីត្រៀមខ្លួនជួយសម្រួលការបើកប្រតិបត្តិការរបស់អាមេរិកដើម្បីកម្ចាត់ក្រុមអាយស៊ីស។ ប្រភពពីយោធាអាមេរិកឱ្យដឹងថាអាមេរិកវាយប្រហារទៅលើទីតាំងរបស់អាយស៊ីសជាង៧០កន្លែង។ នេះបើយោងតាមការផ្សាយរបស់ញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ