រាជធានីភ្នំពេញ ៖ តំណាងក្រុមយុវជននិងនិស្សិតដែលទាមទាររកការពិតរឿងខ្សែអាត់សំឡេងឆ្លើយឆ្លងរបស់លោក កឹម សុខា និងនារីម្នាក់ គឺលោក ស្រី ចំរើន បានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា គណបក្សសង្គ្រោះជាតិ (CNRP) មិនមែនជារបស់លោក សម រង្ស៊ី ឬលោក កឹម សុខា និងរបស់អ្នកណាម្នាក់ផ្តាច់មុខឡើយ ផ្ទុយទៅវិញជាគណបក្សរបស់ប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋមានសិទ្ឋិយកស្លាកសញ្ញាឬរបស់របរអ្វីមួយរបស់គណបក្សទៅប្រើប្រាស់ មិនខុសនោះទេ ។
ការលើកឡើងរបស់លោក ស្រី ចំរើន ខាងលើនេះ បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង នៅព្រឹកមិញបានប្រាប់អ្នកកាសែតនៅវិមានរដ្ឋសភាថា មេធាវីគណបក្សសង្គ្រោះជាតិកំពុងរៀបចំឯកសារហើយ ដើម្បីប្តឹងលោក ស្រី ចំរើន ដែលយកទង់ អាវ មានស្លាកសញ្ញាគណបក្សសង្គ្រោះជាតិទៅធ្វើសកម្មភាពអនាធិបតេយ្យដោយពុំមានការអនុញ្ញាត ។
ជាការកត់សម្គាល់ កាលពីរសៀលថ្ងៃទី២៩មីនាម្សិលមិញ ក្រុមយុវជននិងនិស្សិតដឹកនាំដោយលោកស្រី ចំរើន បានហែក្បួនដាក់ញ្ញត្តិនៅការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួល បន្ទុកសិទ្ឋិមនុស្សប្រចាំកម្ពុជា ទីស្នាក់គណបក្សសង្គ្រោះជាតិ និងទៅផ្ទះលោក កឹម សុខា ដើម្បីសុំអន្តរាគមន៍ទាមទារឲ្យមេបក្សប្រឆាំងរូបនេះឆ្លើយទាក់ទងទៅនឹងខ្សែអាត់សំឡេងឆ្លើយឆ្លង ដែលក្រុមយុវជននេះជឿថាជាសំឡេងឆ្លើយឆ្លងរវាងលោក កឹម សុខា និង ស្រីស្នេហ៍ ហើយការហែក្បួននោះគេឃើញមានទង់ អាវ និងមួកជាសញ្ញាសម្គាល់របស់គណបក្សសង្គ្រោះជាតិ ។
ភ្លាមៗ បន្ទាប់ពីក្រុមយុវជននិងនិស្សិតខាងលើហែក្បួនដាក់ញ្ញត្តិបានបញ្ចប់ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងថាសកម្មភាពដែលដឹកនាំដោយលោកស្រី ចំរើន ជាអំពើក្លែងបន្លំដោយចេតនាក្នុងបំណងបង្កាច់បង្ខូចកិត្តិយសគណបក្ស និងសមាជិកគណបក្សសង្គ្រោះជាតិ ហើយក៍ជាការរំលោភច្បាប់ស្តីពីកម្មសិទ្ឋិបញ្ញា និងក្រមព្រហ្មទណ្ឌ និងបានប្រកាសរៀបចំសំណុំឯកសារប្តឹងទៅតុលាការផងដែរ ។
ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៣០ មីនា ២០១៦ លោក ស្រី ចំរើន បានហៅការប្តឹងរបស់គណបក្សសង្គ្រោះជាតិថាជារឿងអស់សំណើច អស់សំណើចនៅត្រង់ថា គណបក្សនេះកំពុងធ្វើផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ ដែលប្រជាពលរដ្ឋមានសិទ្ឋិសំដែងមតិនិងសិទ្ឋិសេរីភាពផ្សេងៗទៀត រាប់ទាំងសិទ្ឋិក្នុងការសំដែងមតិរឿងនយោបាយ និងថាគណបក្សសង្គ្រោះជាតិក៍កំពុងធ្វើផ្ទុយពីគោលការណ័បីមិនរបស់ខ្លួននោះគឺ មិនឆ្លើយ មិនឆ្លង និង មិនឈ្លោះ តែពេលនេះពួកគេកំពុង ឆ្លើយ ឆ្លង និងឈ្លោះ ។
ជុំវិញការលើកឡើងរបស់តំណាងក្រុមយុវជននិងនិស្សិតខាងលើ មិនទាន់មានប្រតិកម្មភ្លាមៗនៅឡើយទេ ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គិតត្រឹមវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៣០ មីនានេះ ៕
ចែករំលែកព័តមាននេះ