លោក អាន់ វា អ៊ីប្រាហ៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេណអាស៊ានបានប្រាប់ទៅនាយករដ្ឋមន្ត្រីថៃថា បញ្ហាដែលកើតឡើងត្រូវដោះស្រាយនៅតុចរចា ។ នេះបើយោងតាមហ្វេសប៊ុក ផេក របស់លោក អាន់វា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ។

លោកបានសរសេរថា លោកបានជជែកគ្នាតាមទូរស័ព្ទជាមួយលោក អានុទីន នាយករដ្ឋមន្ត្រីថៃ ។ ក្នុងការពិភាក្សាគ្នានោះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអញ្ជើញ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក អានុទីន បំពេញទស្សនកិច្ចនៅម៉ាឡេស៊ី នៅក្រោយពេលចូលកាន់តំណែងជាផ្លូវការ ។
នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទនោះ លោក អាន់វ៉ា ក៏បានសង្កត់ធ្ងន់ប្រាប់ទៅលោក អានុទីន អំពីសារសំខាន់សម្រាប់កម្ពុជា និងថៃ ក្នុងការរក្សាសន្ដិភាព និងជៀសវាង ការបណ្ដែតបណ្ដោយឱ្យមានការខ្វែងគំនិតគ្នា ដែលបង្កឱ្យមានភាពតានតឹងដែលមិនចាំបាច់ ។
លោកអាន់វ៉ា បានប្រាប់ ទៅនាយករដ្ឋមន្ត្រីថៃទៀតថា បញ្ហាដែលកើតឡើងត្រូវដោះស្រាយនៅតុចរចា តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC) ។ ប្រទេសម៉ាឡេស៊ីជឿជាក់ថា ស្មារតីនៃកិច្ចសន្ទនា ការទូត និងការយោគយល់គ្នាទៅវិញទៅមក គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធានាបាននូវសន្ដិភាព និងស្ថិរភាពតំបន់ ។
ការសន្ទនារវាងលោក អាន់វ៉ា ជាមួយនឹងលោកអានុទីន បានធ្វើឡើងនៅក្រោយពេលប៉ុន្មានម៉ោងដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក អាន់វ៉ា ពាក់ព័ន្ធនឹងស្ថានការវិវត្តនៃស្ថានការណ៍គួរឱ្យព្រួយបារម្ភនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះរហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែលកុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ៕
ចែករំលែកព័តមាននេះ