ជោគវាសនាកូនស្រីរបស់លោកថាក់ស៊ីន នឹងអាចខ្ទាតចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ ឬក៏អត់នោះនឹងត្រូវដឹងត្រឹមចុងខែសីហានេះហើយ ។

តុលាការធម្មនុញ្ញបានប្រកាស កាលពីថ្ងៃពុធថា ខ្លួននឹងប្រកាសសាលក្រមលើករណីជោគវាសនា លោកស្រី នាយករដ្ឋមន្ត្រី ផៃថងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃទី២៩ ខែសីហាខាងមុខពាក់ព័ន្ធនឹងសំណុំរឿងស្តង់ដារសីលធម៌ ដោយសារការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ។
កាលពីម្សិលមិញ មានសេចក្តីរាយការណ៍ថា តំណាងរាស្ត្រនៃគណបក្សភឿថៃសុំឲ្យតុលាការធម្មនុញ្ញរបស់ប្រទេសនេះពន្យារពេលប្រកាសសាលក្រមលើលោកស្រីនាយករដ្ឋមន្ត្រីថៃរូបនេះ ។

គ្មាននរណាដឹងថា តើតុលាការធម្មនុញ្ញថៃនឹងសម្រេចយ៉ាងណានោះទេ ។ ប៉ុន្តែអ្វីដែលគេដឹង គឺថាកន្លងមកគណបក្សភឿថៃបានបាត់បង់អំណាចជាច្រើនដងរួចមកហើយ គឺក្រោមស្នាដៃរបស់តុលាការធម្មនុញ្ញនេះ ពោល គឺតាំងពីក្រោយពេលដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវធ្វើរដ្ឋប្រហារទម្លាក់កាលពីឆ្នាំ២០០៦ មកនោះ ។

ប៉ុន្តែនាយករដ្ឋមន្ត្រីថៃដែលឡើងកាន់អំណាចក្រោមស្រមោលលោក ថាក់ស៊ីន ៥រូបបានបាត់បង់អំណាចជាបន្តបន្ទាប់ក្រោមដៃរបស់តុលាការធម្មនុញ្ញថៃ ដែលរួមមានលោក សាម៉ាក់ ស៊ុនដារ៉ាវេ (Samak Sundaravej)ដែលកាន់តំណែងពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០០៨ ។ ក្រោយមក គឺលោក ស៊ុមឆៃ វង្សសាវ៉ាត (Somchai Wongsawat) ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០០៨ ។ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ពីខែសីហា ឆ្នាំ២០១១ ដល់ខែឧសភា ឆ្នាំ២០១៤ ។ ហើយបន្ទាប់មក គឺ លោក ស្រ៊ីថា ថាវេស៊ីន (Srettha Thavisin) ពីខែសីហាឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ