រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា វិធានការផ្លូវច្បាប់របស់ថៃលើកម្ពុជានេះ គឺពុំមានមូលដ្ឋានសោះឡើយ ហើយវាក៏បង្ហាញឱ្យឃើញនូវការប៉ុនប៉ង ដោយចេតនា ដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណៈមតិទាំងក្នុងប្រទេសថៃ និងអន្តរជាតិពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសការវាយប្រហារឥតមូលហេតុ ប្រឆាំងនឹងទឹកដីរបស់កម្ពុជា ។
ការបង្ហាញរបស់ថៃ ត្រូវបានកម្ពុជាកត់សម្គាល់ដោយការរំខានចិត្តនូវរបាយការណ៍ដែលបានលើកឡើងដោយប្រព័ន្ធឃោសនាថៃមួយចំនួន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ អំពីសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងកម្ពុជា ដែលបានប្រកាសឡើងដោយរដ្ឋាភិបាលរបស់ថៃ ។
ថ្លែងបញ្ជាក់ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៥នេះ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ចំពោះវិធានការផ្លូវច្បាប់របស់ថៃ នាពេលនេះ គឺវាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មានគោលដៅបង្វែងការទិតៀនដែលកំពុងកើនឡើងស្តីអំពីការខូចខាតប្រជាជនស៊ីវិល ការរំលោភបំពានរបស់ថៃទៅលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយនិងការមិនគោរពជាបន្តបន្ទាប់របស់ថៃចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេស ថ្លែងដែរថា ក្នុងចំណោមការចោទប្រកាន់ធ្វើជាមូលដ្ឋានសម្រាប់សកម្មភាពផ្លូវច្បាប់របស់ថៃនេះដែរ គឺពុំមានមូលដ្ឋានរឹងមាំឡើយ ហើយវាមានហេតុផលនយោបាយ និងវាក៏មិនមានមូលដ្ឋានសម្រាប់ជឿជាក់បានផងដែរ ។
កម្ពុជាសូមបដិសេធជា ដាច់ខាតនូវការចោទប្រកាន់ទាំងនោះ ហើយសូមធ្វើការអះអាងជាថ្មីម្តងទៀតអំពីចំណុចគន្លឹះមួយចំនួនដូចជា ៖
ទី១ ៖ កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមនូវភាពប្រទូសសារាយនោះទេ ។ ជម្លោះដែលកើតឡើងទៅថ្មីៗនេះ គឺបានចាប់ផ្តើមឡើងដោយការទន្ទ្រានចូលរបស់យោធាថៃ ហើយនិងការបាញ់ផ្លោងចូលមកក្នុងទឹកដីកម្ពុជា ដែលជាការរំលោភបំពាន ដោយផ្ទាល់មក លើអធិបតេយ្យភាពរបស់កម្ពុជា ។
ទី២៖កម្ពុជាធ្វើសកម្មភាពក្នុងសិទ្ធ ស្វ័យការពារស្របច្បាប់របស់ខ្លួន ។ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានធ្វើការឆ្លើយតប សមស្របទៅតាមសកម្មភាពយោធារបស់ថៃ ហើយមានភាពសមស្រប ទៅតាមមាត្រា៥១ នៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សំដៅការពារអធិបតេយ្យភាព និងប្រជាជនស៊ីវិលរបស់ខ្លួនតែប៉ុណ្ណោះ ។
ទី៣ ៖ កម្ពុជាពុំដែលយកប្រជាពលរដ្ឋស៊ីវិលធ្វើជាគោលដៅរបស់ខ្លួនសោះឡើយ ។ ការខូចខាតរបស់ប្រជាជនស៊ីវិលដ៏គួរឱ្យសោកស្តាយ ប៉ុន្តែការចោទប្រកាន់របស់ថៃបានមើលរំលងនូវការពិតដែលថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានវាយប្រហារតាមក្នុងតំបន់ប្រជាជនស៊ីវិលដែលជាការរំលោភបំពានទៅលើអនុសញ្ញាទីក្រុងហ្សឺណែវក្នុងទឹកដីកម្ពុជា ។ សម្រាប់កងកម្លាំងប្រដាប់អាវុធរស់កម្ពុជាវិញ បានគោរពដោយពេញលេញចំពោះច្បាប់មនុស្សធម៌អន្តរជាតិ ហើយមិនដែលយកប្រជាពលរដ្ឋស៊ីវិលយកជាគោលដៅរបស់ខ្លួនសោះឡើយ ។
ទី៤៖កម្ពុជានៅមានការតាំងចិត្តចំពោះសន្តិភាព ថ្វីត្បិតនៅតែបន្តការបង្ករឿងពីភាគីថៃ តែកម្ពុជានៅតែបន្តការតាំងចិត្តដ៏ពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ។
កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់នូវរាល់ការផ្សាយព័ត៌មានមិនពិត ហើយនិងបញ្ឈប់នូវសកម្មភាពអមិត្តប្រឆាំងនឹងកម្ពុជា ហើយវិលត្រឡប់រកកិច្ចសន្ទនាប្រកបដោយស្ថាបនាក្នុងស្មារតីសន្និតសហវិជ្ជមាន និងសាមគ្គីភាព៕
ចែករំលែកព័តមាននេះ