រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសជំហរថា កម្ពុជាមិនថោកទៅសុំអង្វរថៃ ដើម្បីបើកច្រកព្រំដែនឡើងវិញនោះទេ ទោះបីថៃចង់បិទ១០០ឆ្នាំក៏ដោយ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសម្តេចតេជោ ។
ការលើកឡើងរបស់អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា បន្ទាប់ពីអ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasan Kongsiri បាននិយាយបំភ្លៃ ដើម្បីបំភាន់មតិជាតិ និងអន្តរជាតិក៏ដូចជា សាធារណជន និងប្រជាជនថៃថា សម្តេចដាក់គំនាមថៃ ដើម្បីឲ្យមានបើកព្រំដែនឡើងវិញ ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឆ្លើយតបនឹងការលើករបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃដែលថា សម្តេចតេជោ ស្នើសុំបើកច្រកព្រំដែនថៃ ត្រឹមថ្ងៃទី២០ តុលា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា៖« ខ្ញុំសូមបញ្ជាក់ឡើងវិញថា ជាជំហររបស់សម្តេចតេជោ គឺលោកបានបញ្ជាក់ថា កម្ពុជាមិនទៅថោកអង្វរ សុំថៃឲ្យបើកច្រកព្រំដែន កម្ពុជា-ថៃឡើងវិញនោះទេ ។ ទោះបីថៃបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅអង្វរ ឬក៏ថៃធ្វើតែតាមចិត្តខ្លួនទៅ» ។
អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងទៀតថា កម្ពុជាមិនថោកទៅបន្ទាប់ខ្លួនស្នើ សុំថៃឲ្យបើកច្រកព្រំដែនទេ ដូច្នេះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ គឺជាមួលបង្កាច់បំភាន់មតិសាធារណជនក្នុងប្រទេសខ្លួន និងជាតិ អន្តរជាតិ តែប៉ុណ្ណោះ គឺមិនឆ្លុះបញ្ចាំងពីការពិតនោះទេ៕
ចែករំលែកព័តមាននេះ