ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលជាផ្លែផ្កា ! កម្ពុជា និងកូរ៉េ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមិនចាំបាច់មានអ្នកទីបី

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​១៦ ខែតុលា​នេះ​ថា ៖ នៅ​ថ្ងៃនេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​១៦ ខែតុលា​នេះ​ថា ៖ នៅ​ថ្ងៃនេះ ខ្ញុំ​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ជំទាវ គី​ម ជី​ណា អនុរដ្ឋមន្ត្រី​ទី​២ នៃ​ក្រសួងការបរទេស​សាធារណរដ្ឋ​កូរ៉េ និង​គណៈប្រតិភូ ។

ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​ត្រូវ​បាន​ភ្ជាប់​ឡើង​វិញ នៅ​ឆ្នាំ​១៩៩៧ និង​ត្រូវ​បាន​ដំឡើង​កម្រិត​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០២៤ កាន់តែ​មាន​ភាពរឹងមាំ និង​ស៊ីជម្រៅ ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ស្ទើរ​គ្រប់​វិស័យ ។

យើង​ក៏​បាន​ពិភាក្សា​គ្នា ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជា​ពិសេស​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​បាន​គូសបញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ឆ្នាំ​កន្លង​មក រវាង​អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​កូរ៉េ ហើយ​ដែល​បាន​សម្រេច​នូវ​លទ្ធផល​ល្អជា​ផ្លែផ្កា​ជា​ច្រើន​រួច​មក​ហើយ ។

ក្នុង​ពេល​ជាមួយ​គ្នា​, កម្ពុជា និង​កូរ៉េ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​បង្ការ​, ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ចូលរួម​ចំណែក​ថែរក្សា​, ការពារ​សន្តិសុខ​, សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។

ប៉ុន្មាន​ថ្ងៃនេះ​, បណ្តាញសារព័ត៌មាន​របស់​ប្រទេស​ជិតខាង​មួយ បាន​ផ្សាយ​ថា មេដឹកនាំ​របស់​គេ​មាន​គម្រោង​ពិភាក្សា​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី​កូរ៉េ ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​កូរ៉េ​។

ខ្ញុំ​បាន​ជម្រាប​ជូន​លោក​ជំទាវ គី​ម ជី​ណា ថា ប្រ​សិន​ករណី​នេះ​ជា​ការ​ពិត ខ្ញុំ​សូម​ឱ្យ​លោក​ជំទាវ​ជម្រាប​ជូន​ឯកឧត្តម​ប្រធានាធិបតី​កូរ៉េ​ថា កម្ពុជា​មិន​ត្រូវការ​ពឹងពាក់​ប្រទេស​ជិតខាង​ណាមួយ​មក​ធ្វើ​ការងារ​នេះ​ជំនួស​កម្ពុជា​ឡើយ ហើយ​មេដឹកនាំ​ប្រទេស​នោះ គួរ​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ប្រទេស​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ទៅ ។

ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​កូរ៉េ លើ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ប្រទេស​យើង​ទាំង​ពីរ​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​កិច្ចសហការ​ទ្វេភាគី ដើម្បី​ដោះស្រាយ​បញ្ហា និង​មិន​ចាំបាច់​មាន​អ្នក​ទី​បី​មក​ជួយ​ជំរុញ​នោះ​ទេ ៕