ខេត្តបាត់ដំបង ៖ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតមួយច្បាប់សុំឲ្យលោក វ៉ាន់ ណែវ មេឃុំកន្ទឺ១ ស្រុកបាណន់បំភ្លឺជុំវិញសំណុំរឿងដែលបានប្ដឹងចោទប្រកាន់ថា លោកបាន «រំលោភបំពានយកដីគម្រោងសាងសង់ផ្សាររបស់ឃុំកន្ទឺ១» មួយកន្លែងនៅចំណុច «កង្ហត» ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ដែលមានទំហំ៤០ម៉ែត្រx៤០ម៉ែត្រ ធ្វើជាកម្មសិទ្ធិសម្រាប់ចែកឲ្យកូនសាងសង់លំនៅឋាន។ លិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ លេខ២៦១/២១ លឆតប ចុះថ្ងៃទី១៣ កញ្ញា ២០២១ ដែលមានហត្ថលេខាបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជូនលោក វ៉ាន់ ណែវ មេឃុំកន្ទឺ១ ដែលកោះសន្តិភាពទើបទទូលបាន កាលពីរសៀលថ្ងៃទី២៣ កញ្ញា ២០២១។ សូមរំលឹកថា៖ បែកធ្លាយរឿងមេឃុំកន្ទឺ១យកដីគម្រោងធ្វើផ្សារសង់វីឡាឱ្យកូន

កម្មវត្ថុនៃលិខិតនេះ គឺអង្គភាពប្រឆាំងអំពើពុករលួយបាន «សុំការបំភ្លឺករណីលើកឡើងពាក់ព័ន្ធនឹងការផ្លាស់ប្ដូរគម្រោងទីតាំងផ្សាររបស់ឃុំកន្ទឺ១ ស្ថិតនៅភូមិថ្មីទៅទីតាំងថ្មី» ។ ជាមួយនឹងកម្មវត្ថុនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បាននិយាយយោងលើពាក្យបណ្ដឹងដែលអង្គភាពរបស់ខ្លួនទទួលបាន កាលពីថ្ងៃទី២០ សីហា ២០២១ ផងដែរ។ ហើយថែមទាំងបានបើកកិច្ចប្រជុំពិនិត្យលើពាក្យបណ្ដឹង និងសម្រេចចាត់ការតាមនីតិវិធី ។

អង្គភាពប្រឆាំងអំពើពុករលួយបានជម្រាបទៅលោក វ៉ាន់ ណែវ មេឃុំកន្ទឺ១ យ៉ាងដូច្នេះថា «អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលនិងពិនិត្យលើពាក្យប្ដឹង ដែលបានលើកឡើងថា លោកបានរំលោភបំពានយកដីគម្រោងសាងសង់ផ្សាររបស់ឃុំកន្ទឺ១ មួយកន្លែងនៅចំណុចង្ហត ស្ថិតក្នុងភូមិថ្មី មានទំហំ៤០ម៉ែត្រx៤០ម៉ែត្រ ដែលបង្កើតឡើងក្នុងអាណត្តិអតីតមេឃុំ គុយ គឿន និងបន្តមក លោក ខ្លឹង ហូរ អាណត្តិទី៣ ធ្វើជាកម្មសិទ្ធិ សម្រាប់ចែកឲ្យកូនសាងសង់លំនៅឋាន និងធ្វើរបងព័ទ្ធជុំវិញយកតូផ្សារដាច់តែម្ដង»។

កោះសន្តិភាព មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក វ៉ាន់ ណែវ មេឃុំកន្ទឺ១ បាននៅឡើយទេ នៅរសៀលថ្ងៃទី ២៤ កញ្ញា នេះ ពាក់ព័ន្ធនឹង «កម្មវត្ថុ» នៃលិខិតអង្គភាពប្រឆាំងអំពើពុករលួយខាងលើនេះ ។ ប៉ុន្តែលោកមេឃុំរូបនេះ ធ្លាប់បានបំភ្លឺប្រាប់កោះសន្តិភាពថា លោកពិតជាបានយកដីគម្រោងសាងសង់ផ្សាររបស់ឃុំកន្ទឺ១ ឲ្យកូនសាងសង់ផ្ទះនៅចំណុចខាងលើនេះមែន តែមិនមែនជាការរំលោភបំពាន ឬ ទិញដូរទេ គឺបានមកពីការដោះដូរជាមួយដីកូនរបស់លោកមួយកន្លែងដែលនៅក្បែរនោះ។

លោក វ៉ាន់ ណែវ បានបញ្ជាក់អំពីមូលហេតុ ដែលនាំឲ្យមានការដោះដូរទីតាំងដីផ្សារនេះយ៉ាងដូច្នេះថា «ដោយសារតែទីតាំងផ្សាររបស់ឃុំគ្មានផ្លូវចេញចូល ទើបខ្ញុំសុំដោះដូរជាមួយដីកូនខ្ញុំ ដែលនៅក្បែរនោះ ហើយការដោះដូរនេះក៏មានការឯកភាព ពីលោក ជុំ ញ៉ អតីតអភិបាលស្រុកបាណន់ អាណត្តិមុន និង មានការប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំផងដែរ»។ ត្រង់ចំណុចដែលលោកមេឃុំអះអាងថា «គ្មានផ្លូវចូលផ្សារ ទើបលោកសុំដោះដូរដី។ លោកមេឃុំរូបនេះបានទម្លាក់កំហុសទៅលើលោក វុិត វុត អតីតមេភូមិថ្មីថា «ជាអ្នកធ្វើឲ្យបាត់ផ្លូវ ដោយសារមេភូមិរូបនោះ លួចលក់ដីខាងមុខទីតាំងផ្សារអស់»។ វាហាក់ដូចជាផ្ទុយគ្នា១០០% ពីការអះអាងរបស់លោក វ៉ាន់ ណែវ បើគេពិនិត្យជាក់ស្ដែងទៅលើទីតាំងគម្រោងសាងសង់ផ្សាររបស់ឃុំកន្ទឺ១ និងពិនិត្យលើឯកសារគំនូសប្លង់ទីតាំងផ្សារ ដែលរដ្ឋបាលឃុំកន្ទឺ១ ក្នុងអាណត្តិ លោក ខ្លឺង ហូរ ដឹកនាំចុះវាស់វែងគូសប្លង់ផ្សារ កាលពីឆ្នាំ២០១១ កន្លងទៅ។

នៅក្នុងគំនូសប្លង់ផ្សារ គេឃើញមានការគូសប្លង់សម្រាប់តួផ្សារនៅចំកណ្ដាល មានផ្លូវព័ទ្ធជុំវិញ មានផ្លូវចេញចូលពីផ្លូវធំទៅកាន់ទីតាំងផ្សារទាំងច្រកក្រោយ និង ច្រកខាងមុខ ហើយថែមទាំងមានការគូសវាស់បែងចែកដីសម្រាប់សាងសង់តូបលក់ដូរនៅជុំវិញតូផ្សារយ៉ាងមានរបៀបទៀតផង។ ប៉ុន្តែបែរជាលោក វ៉ាន់ ណែវ អះអាងថា ដីគម្រោងសាងសង់ផ្សារនេះគ្មានផ្លូវចេញចូល ហើយទម្លាក់កំហុសទៅលើអតីតមេភូមិចាស់ ដែលរត់ចោលស្រុក ។ បើតាមមន្រ្តីមូលដ្ឋានបាននិយាយថា បច្ចុប្បន្នទាំងទីតាំងតួផ្សារ ទាំងផ្លូវជុំវិញផ្សារ ទាំងទីតាំងដីសម្រាប់សាងសង់តូបជុំវិញផ្សារ គឺធ្លាក់ក្នុងកណ្ដាប់ដៃលោកមេឃុំ មហាលោភលន់នេះទាំងអស់។

លោក វ៉ាន់ ណែវ បានអះអាងថា ការដោះដូរដីនោះ គឺមានការប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំត្រឹមត្រូវ តែមន្រ្តីឃុំ និងមន្រ្តីស្រុកមួយចំនួនបានខ្សឹបប្រាប់កោះសន្តិភាពថា «គ្មានការប្រជុំស្អីទេ គឺលោកមេឃុំ ខ្សឹបខ្សៀវតែជាមួយថ្នាក់លើ និងមន្រ្តីជំនាញដីធ្លី រួចធ្វើរបងថ្មព័ទ្ធយកដីផ្សារ សាងសង់ភូមិគ្រឹះតែម្ដង» ។ ប៉ុន្តែក្រោយមក ស្រាប់តែមេឃុំរូបនេះ បានយកកំណត់ហេតុប្រជុំមួយច្បាប់ ដែលគេមិនដឹងធ្វើពីពេលណាយកមករុញឲ្យមន្រ្តីឃុំ ជួយចុះហត្ថលខាទទូលស្គាល់ ហើយក៏ស្ងាត់ឈឹងទៅ។ រហូតមកដល់ពេលនេះ ស្រាប់តែសំណុំរឿងនេះបានផ្ទុះឡើង គេឃើញមន្រ្តីមួយចំនួនដែលពាក់ព័ន្ធមានការភ្ញាក់ផ្អើលធ្វើភ្នែកសក្បុះ។ គេមិនទាន់ដឹងថា តើសំណុំរឿងដ៏ស្អុយរលួយរបស់លោកមេឃុំកន្ទឺ១នេះ មានជាប់ពាក់ព័ន្ទសមគំនិតពីមន្រ្តីណាខ្លះ ក្នុងស្ថាប័នណាខ្លះនៅឡើយទេ ? កោះសន្តិភាពបានទទូលព័ត៌មានព្រាលៗពីប្រភពជាច្រើនពីមន្រ្តីស្រុកបាណន់ នៅព្រឹកថ្ងៃទី២៤ កញ្ញា នេះ ពាក់ព័ន្ធនឹងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុកលួយ ទៅលើលោក វ៉ាន់ ណែវ មេឃុំកន្ទឺ១។

មន្រ្តីម្នាក់ដែលសុំមិនប្រាប់ឈ្មោះ បានបង្ហើបឲ្យដឹងថា ចាប់តាំងពីទទូលបានលិខិតអង្គភាពប្រឆាំងអំពើពុករលួយ គេឃើញលោក មេឃុំកន្ទឺ១ ឆ្លេឆ្លាសម្បើមណាស់ ចេញចូលសាលាស្រុកស្ទើររាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ បើតាមការបញ្ជាក់ពីប្រភពនេះ គឺ នៅពេលនេះគេសង្ស័យលោកមេឃុំកន្ទឺ១ រូបនេះបានយកត្រាមេឃុំពីស្មៀនឃុំ មកក្ដោបជាប់ក្នុងដៃទៀតផង ដែលទំនងយកទៅទុកសម្រាប់បោះត្រាបំពេញបន្ថែមលើឯកសារភូតកុហកនានា ដែលពាក់ព័ន្ធនឹងការរំលោភបំពានយកដីរដ្ឋខាងលើនេះ ដើម្បីឆ្លើយតបទៅអង្គភាពប្រឆាំងអំពើពុករលួយទៀតផង។
ដោយឡែក អតីតមេឃុំកន្ទឺ១ គឺ លោក ខ្លឹង ហូរ វិញ ដែលលោកធ្លាប់ដឹងពីប្រវត្តិដីគម្រោងសាងសង់ផ្សាររបស់ឃុំ ហើយថែមទាំងបានដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងបង្កើតផ្សារនេះផង លោកបានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ២៤ កញ្ញា ថា ដីផ្សារនេះមានគំនូសប្លង់ត្រឹមត្រូវ មានផ្លូវចេញចូលគ្រប់ច្រក ថែមទាំងមានដីសម្រាប់សង់តូបជុំវិញផ្សារ ដើម្បីឲ្យពលរដ្ឋលក់ដូរទៀតផង។ អតីតមេឃុំរូបនេះ បានចោទជាសំនួរថា បើទីតាំងផ្សាររបស់ឃុំគ្មានផ្លូវចេញចូល ចុះហេតុអ្វីបានជាលោក វ៉ាន់ ណែវ ប្រឹងដោះដូរដីនេះជាមួយដីកូនរបស់គាត់ ? នៅពេលសួរថា ពេលនេះអង្គភាពប្រឆាំងអំពើពុករលួយ កំពុងចាត់ការតាមនីតិវិធីទៅលើលោកវ៉ាន់ ណែវ ចុះបើអង្គភាពនេះ អញ្ជើញលោកពូទៅបំភ្លឺពីប្រវត្តិដីនេះ តើលោកពូទៅទេ ?

លោក ខ្លឹង ហូរ បានផ្ដល់ចម្លើយដោយគ្មានការរារែកថា «ខ្ញុំនឹងទៅនិយាយឲ្យខ្ទេច បើគេហៅខ្ញុំទៅសួរមែន។ ខ្ញុំនិងអតីតមេឃុំមុនខ្ញុំ ជាអ្នករៀបចំគម្រោងដីផ្សារនេះ រឿងអីខ្ញុំមិនដឹង ? ហើយកាលណោះ លោក វ៉ាន់ ណែវ ជាជំទប់ទី១ ក៏បានជម្រុញសម្បើមណាស់ដែរ ឲ្យបង្កើតផ្សារនេះ តែចុងក្រោយ ដីគម្រោងផ្សារនេះ ធ្លាក់ក្នុងដៃគាត់ទាំងអស់។ ដូច្នេះ ខ្ញុំនឹងទៅបំភ្លឺរឿង បើគេហៅខ្ញុំ»។ យ៉ាងណាក៏ដោយ សំណុំរឿងដោះដូរដីរដ្ឋជាមួយនឹងដីឯកជន ដែលគេសង្ស័យថា មានការសមគំនិតប្រព្រឹត្តអំពើពុករលួយពីមន្រ្តីមួយចំនួនផងនេះ កំពុងស្ថិតក្នុងដៃអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការតាមនីតិវិធីហើយ។
មន្រ្តីនានានៅស្រុកបាណន់ រួមទាំងមហាជនផង បាននិងកំពុងទល់ភ្នែករងចាំមើលថា បើអង្គភាពប្រឆាំងអំពើពុករលួយបន្តនីតិវិធីមិនបន្ធូរដៃ តើមានមន្រ្តីណាខ្លះជាប់ពាក់ព័ន្ធ។ បើតាមប្រភពចុងក្រោយ ដែលបានខ្សឹបប្រាប់កោះសន្តិភាពថា គេឃើញមន្ត្រីដែលជាប់ពាក់ព័ន្ធមួយចំនួនកំពុងស្លេកមុខហើយ រាប់ទាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ៕
ចែករំលែកព័តមាននេះ