បែកគ្នាច្រើនឆ្នាំហើយ! អតីតគូដណ្ដឹងតាមលួ.ចថតរូបដល់មុខហាង ប្ដីនាងឃើញទាន់រត់មកដកសោម៉ូតូ និងសួរនាំផ្អើលម្តុំផ្សារហេងលី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍សួរនាំ បុរសជាអតីតគូដណ្ដឹង ដែលបែកផ្លូវគ្នាជាច្រើនឆ្នាំហើយ បានមកថតរូបកន្លែងនារីជាអតីតគូដណ្ដឹងកំពុងលក់ដូរ សង្ស័យមានបំណងអ្វីមិនល្អ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ខែមេសាឆ្នាំ២០២៦ នៅចំណុចម្តុំផ្សារហេងលី ផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីនារីជាអតីតគូដណ្ដឹងបានអោយដឹងថា គាត់ជាមួយនឹងបុរសជាអតីតគូដណ្ដឹងបានចែកផ្លូវគ្នា តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ដោយបុរសជាគូដណ្ដឹង ចេះតែរករឿងប្រចណ្ឌខុសទំនង ហើយរូបនាងក៍បានរៀបចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមីថ្មី ដោយបានកូនស្រីម្នាក់អាយុ៨ខែផងដែរ ។ នៅពេលដែលរូបនាងរួមរស់ជាមួយនិងស្វាមីថ្មី ស្រាប់តែបុរសជាអតីតគូដណ្ដឹង ចេះតែតាមរករឿង ហើយយកអាខោនហ្វេសប៊ុកក្លែងក្លាយ ដោយយករូបភាពពួកនាងទៅកាត់តជារូបភាព អាសអាភាស និងបានថតអាវុធគំរាមថែមទៀត ហើយគាត់ក៍បានដាក់ពាក្យបណ្ដឹង២ដងរួចមកហើយដែរ។
ស្ត្រីខាងលើបានបន្តថា នៅថ្ងៃកើតហេតុ អតីតគូដណ្ដឹងរូបនោះ ឃើញប្តីរបស់គាត់បង្ហោះប្រម៉ូត បើកហាងលក់បាយមីឆា និងភេសជ្ជៈថ្មីទើបបាន២ថ្ងៃ ស្រាប់តែបុរសអតីតគូដណ្ដឹង ជិះម៉ូតូមកថតហើយមកវិញម្តងទៀត រួចអង្គុយសំឡឹងមើលមុខហាង តែត្រូវបុរសជាប្តីរបស់គាត់ មានការសង្ស័យ បានរត់ឆ្លងផ្លូវទៅដកសោម៉ូតូ និងបើកមួកមើល ថាពិតជាបុរសអតីតគូដណ្ដឹង ពិតប្រាកដមែន ហើយមកនេះមិនដឹងថាមានគោលបំណងអ្វីនោះទេ ទើបពួកគាត់ឆោឡោ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍សួរនាំផង ។
ដោយឡែកបុរសជាអតីតគូដណ្ដឹង នៅពេលគេឃាត់បានហើយ បែរជានិយាយម្ដងអញ្ចេះ ម្ដងអញ្ចុះហើយថាខ្លួនឈប់ម៉ូតូចាំយកទូរស័ព្ទពីភ្ញៀវនោះទេ ។ ហេតុការណ៍នេះផ្អើលមួយសន្ទុះ ស្រាប់តែមានស្ត្រីម្នាក់ត្រូវជាបង អតីតគូដណ្ដឹង មកដល់ បែរជាឈ្លោះប្រកែក វែកញែករឿងលុយកាក់ឯណាឯណោះទៅវិញ ។
ក្រោយកើតហេតុ បន្ទាប់ពីនិយាយប្រកែកគ្នាអស់ចិត្តហើយ ភាគីទាំងសងខាងបានបំបែកផ្លូវគ្នាចេញទៅរៀងៗខ្លួន ៕











ចែករំលែកព័តមាននេះ