ខេត្តបាត់ដំបង ៖ មួយរយៈចុងក្រោយនេះ មន្ត្រីមូលដ្ឋាន និងមន្ត្រីរដ្ឋបាលស្រុកបាណន់មួយចំនួនបានស្វះស្វែងប្រមូលឯកសារនានា និង សាកសួរព័ត៌មានពីមន្ត្រីពាក់ព័ន្ធមួយចំនួនផង ដើម្បីហែកទម្លាយនូវអំពើពុករលួយ ដែលផ្ដើមចេញពីសំណុំរឿងដីគម្រោងសាងសង់ផ្សាររបស់សហគមន៍ក្នុងឃុំមួយកន្លែង ក្នុងស្រុកបាណន់ ដែលគេខ្សឹបខ្សៀវតៗគ្នាថា ត្រូវលោកមេឃុំនោះ ធ្វើរបងថ្មហ៊ុមព័ទ្ធយកទៅប្រគល់ឲ្យកូនប្រសារ សាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដែលគេសង្ស័យមានការឃុំឃិនស្ងាត់ៗពីមន្ត្រីជំនាញ និង អតីតចៅហ្វាយស្រុកបាណន់ កាលពីអណត្តិមុនផង។

ដីគម្រោងសម្រាប់សាងសង់ផ្សារនោះ ស្ថិតនៅក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ដែលមានទំហំប្រមាណ៥,០០០ម៉ែត្រការ៉េ(នៅខាងកើតទំនប់ទឹកកង្ហត)។ បើតាមមន្ត្រីស្រុកបាណន់ បាននិយាយថា ដីគម្រោងធ្វើផ្សារនេះជាដីសហគមន៍ ដែលត្រូវបានអាជ្ញាធរមូលដ្ឋានរក្សាទុក ដែលបានគូសវាសជាប្លង់រួចស្រេចសម្រាប់សាងសង់ផ្សារ កាលពីអំឡុងឆ្នាំ២០១១ ដែលមានការឯកភាពគ្នាជាឯកឆ័ន្ទ នៅក្នុងកិច្ចប្រជុំពិភាក្សាមួយរបស់មន្ត្រីមូលដ្ឋាន។ មន្ត្រីដដែលបាននិយាយថា កាលនោះលោកខ្លឹង ហូរ ជាមេឃុំកន្ទឺ១ តែសព្វថ្ងៃតំណែងមេឃុំនេះ បានធ្លាក់ទៅលើលោក វ៉ាន់ ណែវ ដែលពីមុនលោកជាជំទប់ទី១។ ពេលបានឡើងធ្វើជាមេឃុំ លោក វ៉ាន ណែវ ក៏បានប្រើឧបាយកលគ្រប់មធ្យោបាយ ដើម្បីរំលោភយកដីគម្រោងសាងសង់ផ្សាររបស់សហគមន៏ខាងលើនេះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនតែម្ដង។

គេសង្ស័យមានការឃប់ឃិតជាមួយមន្ត្រីជំនាញ និងអតីតអភិបាលស្រុកបាណន់មុន គឺលោកជុំ ញ៉ ទើបគម្រោងដីផ្សាររដ្ឋមួយនេះធ្លាក់ចូលក្នុងដៃឯកជន។ បច្ចុប្បន្ន មេឃុំកន្ទឺ១ គឺលោកវ៉ាន់ ណែវ បានយកដីគម្រោងធ្វើផ្សារដែលមានទំហំកន្លះហិចតានេះ ប្រគល់ទៅឲ្យកូនប្រសាររបស់គាត់ ឈ្មោះ យិន ធា ភេទប្រុស ដែលជាអ្នកមានទ្រព្យស្ដុកស្ដម្ភម្នាក់នៅតំបន់នោះ ហើយបានសាងសង់ភូមិគ្រឹះយ៉ាងស្គឹមស្កៃ និង បានធ្វើរបងថ្មហ៊ុមព័ទ្ធយ៉ាងរឹងមាំដូចកំផែងវាំង។ មន្ត្រីមូលដ្ឋាន បានបញ្ជាក់ថា សព្វថ្ងៃសំណង់ភូមិគ្រឹះរបស់លោកយិន ធា កូនប្រសារលោក វ៉ាន់ ណែវ បាននិងកំពុងសាងសង់នៅឡើយ។

នៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំពិភាក្សារបស់មន្ត្រីរដ្ឋបាលឃុំកន្ទឺ១ កាលពីអំឡុង ខែមិថុនា ឆ្នាំ២០១១ ដែលមានសមាសភាពមន្ត្រីចូលរួមចំនួន០៦ ដឹកនាំប្រជុំដោយលោក ខ្លឹង ហូរ មេឃុំកន្ទឺ១ (សព្វថ្ងៃលោកខ្លឹង ហូរ ចូលនិវត្តន៏) ស្ដីពីការ«កិច្ចពីភាក្សាបញ្ហាដីនៅចំណុចប្រឡាយកង្ហត និង ប្លង់ដីគម្រោងទីផ្សារ»។ កំណត់ហេតុប្រជុំ ដែលកោះសន្តិភាពទទូលបាន គឺ នៅក្នុងកិច្ចប្រជុំនោះ មន្ត្រីទាំង០៦រូបបានឯកភាពគ្នាលើគម្រោងដីផ្សារមនេះ ដែលមានគំនូសប្លង់ផ្សាររួចជាស្រេចផង។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំនេះក៏បាននិយាយពីការបែងចែកប្លង់ដីនៅចំណុចជុំវិញផ្សារផងដែរ។

ដោយឡែក បើពិនិត្យលើគំនូសប្លង់ទីតាំងផ្សារវិញ គឺ គេបានបែងចែកសម្រាប់ទីតាំងដីផ្សារ មានផ្លូវជុំវិញផ្សារ និង មានដីសម្រាប់សង់ផ្ទះល្វែងជុំវិញផ្សារទៀតផង។ ប៉ុន្តែបើតាមមន្ត្រីរដ្ឋបាលស្រុកម្នាក់សុំមិនប្រាប់ឈ្មោះ បានប្រាប់កោះសន្តិភាព កាលពីសប្ដាហ៍មុនថា ក្រោយពីអាជ្ញាធរបានឯកភាពកំណត់យកដីចំណុចខាងលើធ្វើផ្សារ ប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាទៅទិញដីជុំវិញដីគម្រោងផ្សារនោះ ដែលជាចំណែកដីមួយផ្នែក នៃដីគម្រោងផ្សារ ដើម្បីសង់ផ្ទះគ្រាន់លក់ដូរ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក្រោយពីដឹងថា លោក វ៉ាន់ ណែវ មេឃុំកន្ទឺ១ សព្វថ្ងៃបានយកដីនោះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ប្រជាពលរដ្ឋមួយចំនួនបានបង្ខំចិត្តលក់ដីនោះវិញទៅឲ្យលោក វ៉ាន់ ណែវ រីឯខ្លះទៀតទុកដីចោល រួចនាំគ្នាធ្វើចំណាកស្រុក ដោយសារតែកូនប្រសារលោក មេឃុំរូបនេះ ធ្វើរបងថ្មបិទជិតផ្លូវចេញចូល រីឯគម្រោងធ្វើផ្សារក៏ត្រូវបរាជ័យទៀត។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ លោក វ៉ាន់ ណែវ មេឃុំកន្ទឺ១ បានរៀបរាប់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា គម្រោងដីធ្វើផ្សារខាងលើនេះ ពិតជាមានមែនតាមរយៈកិច្ចប្រជុំមួយ កាលពីជំនាន់លោក ខ្លឹង ហូរ ធ្វើមេឃុំ។ លោក បានបន្តថា កាលនោះយើងបានរៀបចំគំនូសប្លង់ទីតាំងផ្សារ មានផ្លូវជុំវិញផ្សារ មានតូបលក់ដូរ ដែលបានគូសវាសរួចហើយ។ ប៉ុន្តែក្រោយមកស្រាប់តែលោក វិត វុត មេភូមិថ្មី បានលួចលក់ដីផ្លូវនៅផ្នែកខាងមុខដីផ្សារ ធ្វើឲ្យផ្សារនេះគ្មានផ្លូវចូល ទើបលោកចចារជាមួយមន្ត្រីជំនាញ និង លោកជុំ ញ៉ កាលនោះលោកនៅជាអភិបាលស្រុកបាណន់ អណត្តិមុន ដើម្បីសុំដោះដូរដីផ្សារនេះ ហើយលោកអភិបាលស្រុក ក៏បានចុះពិនិត្យជាក់ស្ដែង និងបានឯកភាពគ្នា ទើបលោកសម្រេចយកដីផ្សារ ជាថ្នូរនិងដីកូនរបស់លោក ដែលមានទំហំធំជាដីផ្សារនេះបន្តិច ដែលមានទីតាំងនៅក្បែរៗគ្នានោះដែរ។

នៅពេលសួរថា មានមតិជាច្រើន ក្នុងនោះក៏មានមន្ត្រីឃុំ មន្ត្រីស្រុកផងដែរ បាននិយាយថា លោកបានទិញដូរ ឬ បានចំណាយលុយទៅឲ្យមន្ត្រីជំនាញ ឬ លោកអភិបាលស្រុកខ្លះៗ ទើបបានដីផ្សារនេះ តើរឿងនេះយ៉ាងម៉េចដែរ ? លោក វ៉ាន់ ណែវ ហាក់មិនមានការភ្ញាក់ផ្អើលអ្វីទេ តាមរយៈការឆ្លើយតបរបស់លោក។ លោកមេឃុំរូបនេះ បានផ្ដល់ចម្លើយយ៉ាងដូច្នេះថា «ខ្ញុំមិនបានទិញដីផ្សារនោះទេ តែជាការដោះដូរដីកូនខ្ញុំ ដែលនៅក្បែរនោះ។ ខ្ញុំគិតថា គម្រោងដីផ្សារនោះ គ្មានផ្លូវចេញចូលក្រោយមេភូមិលួចលក់ដីផ្លូវចូលខាងមុខ ទើបខ្ញុំសុំដោះដូរដី ហើយលោកជុំ ញ៉ និង មន្ត្រីជំនាញ បានចុះពិនិត្យនិងបានឯកភាពគ្នាដោះដូរ មិនមែនខ្ញុំទិញទេ បើមិនជឿទៅសួរ លោក ជុំ ញ៉ ទៅ ដែលកាលនោះគាត់នៅជាអភិបាលស្រុកបាណន់»។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីស្រុកបាណន់ ក៏ដូចជាមន្ត្រីមូលដ្ឋានមួយចំនួនដែរ សុទ្ធតែបានដាក់ការសង្ស័យប្រហាក់ប្រហែលគ្នាថា គ្មានការដោះដូរដីរវាងគម្រោងដីផ្សារ ជាមួយដីកូនលោក វ៉ាន់ ណែវ នោះទេ ហើយក៏គ្មានមន្ត្រីជំនាញ ឬ មន្ត្រីរដ្ឋបាលស្រុក ចុះពិនិត្យនិងគូសប្លង់ផ្សារជាថ្មី លើដីរបស់កូនលោកមេឃុំដែរ។ ព្រោះនៅសាលាស្រុក គ្មានមន្ត្រីរូបណាបានដឹងអំពីការដោះដូរដីផ្សារនេះទេ។ មន្ត្រីក្រុមប្រឹក្សាស្រុក ក៏ដូចមន្ត្រីឃុំ បានលើកឡើងថា ប្រសិនបើមានការដោះដូរដីផ្សារខាងលើនេះមែន តាមនិតិវិធីរដ្ឋបាលស្រុក ឬ រដ្ឋបាលឃុំ ត្រូវមានការប្រជុំពិភាក្សាគ្នាជាមុន ហើយបើមានការឯកភាពក្នុងកិច្ចប្រជុំ ទើបអាចធ្វើទៅបាន។ ប៉ុន្តែកន្លងមក គេមិនឃើញសាលាស្រុក ឬ សាលាឃុំ មានការប្រជុំពិភាក្សារឿងដោះដូរដីផ្សារខាងលើនេះទេ ស្រាប់តែស្ងាត់ៗគម្រោងដីផ្សារខាងលើ ធ្លាក់ទៅក្នុងដៃលោក វ៉ាន ណែវ មេឃុំកន្ទឺ១។ មន្ត្រីភាគច្រើន និង ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានបានដឹងរឿងនេះ នៅពេលលោកមេឃុំ ឲ្យកូនប្រសារធ្វើរបងថ្មហ៊ុមព័ទ្ធ រួចសាងសង់ភូមិគ្រឹះយ៉ាងធំស្កឹមស្កៃ ទើបមានការភ្ញាក់ផ្អើលតែម្ដង។ ដូច្នេះ ករណីនេះ អាចជាការឃុំឃិតគ្នារវាងលោកវ៉ាន់ ណែវ មេឃុំកន្ទឺ១ ជាមួយមន្ត្រីជំនាញ និង លោក ជុំ ញ៉ អតីតអភិបាលស្រុកបាណន់ កាលដែលលោកនៅមានអំណាច គ្រប់គ្រងអាណាចក្រស្រុកបាណន់។

ពាក់ព័ន្ធនឹងប្រវត្តិគម្រោងដីផ្សារនេះដែរ អតីតមេឃុំកន្ទឺ១ ដែលបានផ្ដូចផ្ដើមកិច្ចប្រជុំពិភាក្សាបង្កើតផ្សារឃុំកន្ទឺ១ គឺលោក ខ្លឹង ហូរ បានថ្លែងប្រាប់កោះសន្តិភាពដែរថា តាមពិតគម្រោងដីធ្វើផ្សារខាងលើនេះ គឺមានផែនការយូរហើយតាំងអំពីជំនាន់លោក កុយ គឿន មេឃុំកន្ទឺ១ មុនលោកទៅទៀត។ ប៉ុន្តែនៅពេលលោកធ្វើជាមេឃុំ លោកក៏បានប្រជុំមន្ត្រីឃុំ ដើម្បីរៀបចំបង្កើតផ្សារនេះ តែក៏ជាគំនិតចាប់ផ្ដើមរបស់លោក វ៉ាន់ ណែវ ដែរដែលកាលនោះលោកជាជំទប់ទី១។ អតីតមេឃុំកន្ទឺ១ រូបនេះបាននិយាយដូច្នេះថា «ក្រោយពីដឹងថា ដីផ្សារនេះធ្លាក់ក្នុងដៃមេឃុំសព្វថ្ងៃ ប្រជាពលរដ្ឋដែលទិញដីនៅជុំវិញផ្សារបានផ្ទុះការតវ៉ាជាបន្តបន្ទាប់ តែកាលនោះគេមិនបានហៅខ្ញុំ ទៅបំភ្លឺទេ ព្រោះខ្ញុំដឹងរឿងនេះច្បាស់។ ខ្ញុំមិនជឿថា មានការដោះដូរដីស្អីទេ..! ចុះបើមានការដោះដូរ ហេតុអ្វីមិនមានការប្រជុំពិភាគ្សាក្រុមប្រឹក្សាឃុំ ? ចុះហេតុអ្វី បានជាមន្ត្រីស្រុក មន្ត្រីឃុំ មួយចំនួនមិនបានដឹងរឿងនេះ ? ខ្ញុំ មិនចង់និយាយរឿងនេះឲ្យស៊ីជម្រៅទេ ព្រោះខ្លាចគេចោទខ្ញុំថា ជាជនអគតិ..»។

កោះសន្តិភាពមិនអាចទំនាក់ទំនង សុំការបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងដីផ្សារឃុំកន្ទឺ១ខាងលើនេះពីលោក ជុំ ញ៉ អតីតអភិបាលស្រុកបាណន់ បានទេនៅរសៀលថ្ងៃទី១៩ កក្កដា។ រីឯលោក ប៉ែន សារីយូ អភិបាលស្រុកបាណន់ បច្ចុប្បន្នដែលបន្តតំណែងពីលោក ជុំ ញ៉ ក៏មិនអាចសុំការពន្យល់បានដែរ ដោយសារទូរស័ព្ទរបស់លោកគ្មានអ្នកទទូល។ យ៉ាងណាក្ដី ទីតាំងគម្រោងដីផ្សារដែលមានទំហំកន្លះហិចតា ដែលធ្លាក់ក្នុងដៃកម្មសិទ្ធរបស់លោក វ៉ាន់ ណែវ មេឃុំកន្ទឺ១ នេះបច្ចុប្បន្នត្រូវបានកូនរបស់គាត់ធ្វើរបងថ្មហ៊ុំព័ទ្ធទាំងផ្ទៃដី បិទទាំងផ្លូវចេញចូល ហើយកំពុងសាងសង់ភូមិគ្រឹះយ៉ាងធំមហិមា។

បើតាមប្រភពពីមន្ត្រីមូលដ្ឋានបានបញ្ជាក់ថា ក្រោយពីបានកាន់កាប់ដីផ្សារ លោកមេឃុំរូបនេះ មិនត្រិមតែធ្វើរបងបិទផ្លូវទេ ថែមទាំងបានលក់ដីចំណីផ្លូវនៅក្បែរនោះអស់គ្មានសល់ទៀតផង ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនគ្មានផ្ឡូវចេញចូលផ្ទះ។ ដូច្នេះមន្ត្រីនានា បានស្នើទទូចដល់ថ្នាក់ដឹកនាំខេត្ត ឬ ក្រសួងមហាផ្ទៃ គួរតែចុះពិនិត្យជាក់ស្ដែងលើទីតាំងដីផ្សាររបស់ឃុំកន្ទឺ១ ដែលពេលនេះបានធ្លាក់ក្នុងដៃលោកមេឃុំ ជាកម្មសិទ្ធឯកជន ខណៈដីថ្នូរមិនដឹងនៅកន្លែងណាឲ្យប្រាកដ។ ពេលនេះទាំងមន្ត្រី ទាំងប្រជាពលរដ្ឋកំពុងរង្គោះរង្កើសម្បើមណាស់ជាមួយលោកមេឃុំពាក់ព័ន្ធនឹងសន្លឹកឆ្នោត ឬ បក្សនយោបាយដោយសារតែរឿងដីផ្សារនេះ៕


ចែករំលែកព័តមាននេះ