ទីក្រុងឡូសអែងជឺឡេស៖ ទីភ្នាក់ងារអវកាស NASA បានប្រកាសកាលពីថ្ងៃសុក្រនូវការកែសម្រួលកម្មវិធី Artemis ដោយសម្រេចពន្យារពេលការចុះចតរបស់មនុស្សលើឋានព្រះចន្ទពីឆ្នាំ ២០២៧ ទៅឆ្នាំ ២០២៨ វិញ ដើម្បីបន្ថែមបេសកកម្មសាកល្បងប្រព័ន្ធបច្ចេកទេសឱ្យបានច្បាស់លាស់។នេះបើយោងតាមសារព័ត៌មាន Xinhua និង BBC ចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈនេះ។
បើតាមផែនការថ្មី បេសកកម្ម Artemis III ក្នុងឆ្នាំ ២០២៧ នឹងផ្ដោតតែលើការសាកល្បងប្រព័ន្ធរស់នៅ ការតភ្ជាប់យានអវកាស និងឈុតអវកាសយានិកថ្មីនៅក្នុងគន្លងផែនដីប៉ុណ្ណោះ មុននឹងឈានដល់បេសកកម្ម Artemis IV ដែលជាការបញ្ជូនមនុស្សទៅជាន់ឋានព្រះចន្ទជាផ្លូវការនៅឆ្នាំបន្ទាប់។
ការសម្រេចចិត្តពន្យារពេលនេះធ្វើឡើងបន្ទាប់ពី NASA បានរកឃើញបញ្ហាបច្ចេកទេសមួយចំនួនក្នុងអំឡុងពេលសាកល្បងត្រៀមបង្ហោះបេសកកម្ម Artemis II ដែលតម្រូវឱ្យមានការបញ្ជូនរ៉ុក្កែត SLS និងយាន Orion ត្រឡប់ទៅរោងចក្រដំឡើងវិញដើម្បីជួសជុល។ ក្នុងស្មារតីចង់សម្រេចឱ្យបានដូចកាលពីឆ្នាំ ១៩៦៩ មន្ត្រីជាន់ខ្ពស់ NASA បានបញ្ជាក់ថា ការបោះជំហានទៅមុខដោយផ្អែកលើតក្កវិជ្ជា និងសុវត្ថិភាពជាចម្បង គឺជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចមហិច្ឆតាវិលត្រឡប់ទៅកាន់ឋានព្រះចន្ទជាថ្មីម្ដងទៀតរបស់មនុស្សជាតិ៕
ចែករំលែកព័តមាននេះ