រាជធានីភ្នំពេញ ៖ យោងតាមក្រុមការងារ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ត្រីម្នាក់ជាម្ចាស់រថយន្តម៉ាក Lexus ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CG 7680 ដែលមានជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ជាមួយអ្នកបើកម៉ូតូរ៉ឺម៉កកង់៣លក់ពងទាកូន កាលពីពេលថ្មីៗនេះ គឺនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ម្ចាស់រថយន្តបានចូលមកតាមការអញ្ជើញរបស់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ ហើយឈានដល់មានជម្លោះជាមួយអ្នកលក់ពងទាកូនដឹកតាមម៉ូតូរ៉ឺម៉កកង់៣ នឹងក៏បានយកពងទាគប់ចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលេងក្នុងបណ្តាញសង្គម ក្រោយមានការបង្ហោះផ្សព្វផ្សាយបញ្ហានេះ នៅតាមបណ្តាញសង្គម ។

ប្រភពឱ្យដឹងទៀតថា ចំពោះករណីនេះ បើតាមការបំភ្លឺពីស្ត្រីម្ចាស់រថយន្ត គឺគាត់ព្យាយាមចូលខ្លួនសហការជាមួយសមត្ថកិច្ច ដើម្បីដោះស្រាយ ដោយនៅរសៀលថ្ងៃដដែលសមត្ថកិច្ចបានទំនាក់ទំនងទៅអ្នកលក់ពងទាកូនឲ្យចូលមកបំភ្លឺដោះស្រាយ ប៉ុន្តែទាក់ទងពុំទាន់បាន សមត្ថកិច្ចនឹងព្យាយាមទំនាក់ទំនងខាងភាគីអ្នកលក់ពងទាកូន ឲ្យចូលមកបំភ្លឺផងដែរ ដើម្បីសមត្ថកិច្ចធ្វើការដោះស្រាយតាមនីតិវិធី។
សូមបញ្ជាក់ថា ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ ដំណើររឿង មុនពេលកើតហេតុ រថយន្តខាងលើបានបើកបរតាមបណ្តោយផ្លូវមុន្នីរ៉េត ពីច្រមុះជ្រូកទៅចំការដូង ក្នុងទិសដៅពីជើងទៅត្បូង ។
ចំណែកម៉ូតូរ៉ឺម៉កកង់៣ បើកបរស្របទិសគ្នារហូតមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូរ៉ឺម៉កបានកៀររថយន្តចំទ្វារស្តាំចំហៀងខាងក្រោយ បណ្តាលឲ្យខូចខាតរថយន្តស្រាល ហើយភាគីរថយន្តបានសំណូមពរភាគីម៉ូតូរ៉ឺម៉កកង់៣លក់ពងទាកូន ឲ្យជួយជួសជុលរថយន្តចំនួន30$ ។
ហើយភាគីម៉ូតូរ៉ឺម៉កមានលទ្ធភាពជួយត្រឹម20$ បន្ទាប់មក ភាគីរថយន្តក៏បានយល់ព្រមទទួលសំណង ហើយភាគីរ៉ឺម៉កឲ្យរង់ចាំរយៈពេលពីរម៉ោងកន្លះ រហូតដល់ឪពុកខ្លួនមកពីផ្សារវិញ ទើបមានលុយសង ប៉ុន្តែដោយម្ចាស់រថយន្តមិនអាចរង់ចាំយូរ ក៏ប្រាប់ទៅម្ចាស់រ៉ឺម៉កថា20$ ក៏លែងយកដែរ យក30$វិញ ដើម្បីទិញពងទានោះ ។ គាត់បន្ទាប់មក ម្ចាស់រថយន្តក៏បានដើរទៅយកពងទាដែលថាទិញនោះទៅចោលលើចិញ្ចើមផ្លូវប្រហែល៣ហ្សុងកន្លះ បន្ទាប់មកម្ចាស់រថយន្តក៏បានឡើងរថយន្តបើកចេញបាត់ទៅ ៕
ចែករំលែកព័តមាននេះ