(ភ្នំពេញ)៖ ក្នុងបេសកកម្មពន្លឿនការអភិវឌ្ឍវិស័យការងារឱ្យកាន់តែខ្លាំងក្លា និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជាសាធារណៈនូវដំណឹងដ៏រីករាយអំពីឱកាសការងារប្រមាណ ៨ម៉ឺនកន្លែង ដែលកំពុងរង់ចាំទទួលកម្លាំងពលកម្មជាតិ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាទិភាពចំនួន ១៩ ចំណុច សម្រាប់ឆ្នាំ២០២៦ សំដៅពង្រឹងសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនពលរដ្ឋកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសគឺការផ្តល់អាទិភាពដល់អតីតពលករវិលត្រឡប់ពីក្រៅប្រទេស ដើម្បីប្រែក្លាយពួកគេឱ្យទៅជាកម្លាំងផលិតកម្មជាតិដ៏មានសក្តានុពលបំផុត។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្អែកតាមសមិទ្ធផលដ៏ធំធេងដែលសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រសួងបានជួយឱ្យអតីតពលករប្រមាណ ៦២ម៉ឺននាក់ ទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រព័ន្ធយ៉ាងជោគជ័យ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ទន្ទឹមនឹងការរក្សាបាននូវស្ថិរភាពប្រាក់ឈ្នួលអប្បបរមា និងលក្ខខណ្ឌការងារកាន់តែប្រសើរ ក្រសួងបានប្តេជ្ញាបន្តជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញ TVET 1.5M ឱ្យកាន់តែទំនើប និងពង្រីកវិសាលភាពរបបសន្តិសុខសង្គមឱ្យដល់កម្រិតអតិបរមា ដើម្បីធានាបាននូវសុខុមាលភាពពេញលេញជូនដល់កម្មករនិយោជិតគ្រប់រូប។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សម្រាប់ទិសដៅទៅមុខក្នុងឆ្នាំ២០២៦ ក្រសួងនឹងបង្កើនល្បឿននៃការផ្តល់សេវាសាធារណៈឱ្យកាន់តែរហ័សតាមរយៈប្រព័ន្ធ Hotline ១២៩៧ និងការបង្កើតថ្នាក់បណ្តុះបណ្តាលចល័តឱ្យកាន់តែសម្បូរបែបដល់មូលដ្ឋាន រួមទាំងមានគម្រោងកែច្នៃម៉ូតូកង់បីដើម្បីបង្កើនចំណូលដល់អ្នកប្រកបរបរខ្នាតតូចផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ស្មារតីសាមគ្គីភាពរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀត សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យសម្រេចបាននូវចីរភាព និងវិបុលភាពសម្រាប់ពលរដ្ឋគ្រប់រូបក្នុងពេលឆាប់ៗខាងមុខនេះ៕




ចែករំលែកព័តមាននេះ