ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ម៉ក់ ជី​តូ ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្តស្ទឹង​ត្រែងបង្កើន​ការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scams)ឱ្យ​អស់ពី​មូលដ្ឋាន

1 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តស្ទឹងត្រែង​ត្រូវ បន្ត​កិច្ច​សហការ​គ្នា ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប​រាល់​បទល្មើស ជា​ពិសេស​ ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)…

ខេត្តស្ទឹងត្រែង​ ៖ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តស្ទឹងត្រែង​ត្រូវ បន្ត​កិច្ច​សហការ​គ្នា ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប​រាល់​បទល្មើស ជា​ពិសេស​ ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ដែល​កំពុង​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​សង្គម​ ។

ការ​ជំរុញ​នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានៅ​សាលា​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ក់ ជី​តូ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ។

ឯកឧត្តម ម៉ក់ ជី​តូ បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​ បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​វិវត្តន៍​រូបភាព​យ៉ាង​ស្មុគស្មាញ ដោយ​ក្រុម​ល្មើស​តែងតែ​ប្រើប្រាស់​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​មួយ​ចំនួន ដើម្បី​ពួន​សម្ងំ​ធ្វើ​សកម្មភាព ​។ សកម្មភាព​ទាំងនេះ​ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ផង​ដែរ ​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃអនុក្រឹត្យ​លេខ ០៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ ដោយ​ចាត់​ទុក​ថា​៖​អនុក្រឹត្យ​នេះ​ គឺជា​ឧបករណ៍​គតិ​យុ​ត្ត​ដ៏​សំខាន់​សម្រាប់​គាំទ្រ​ដល់​ការងារ​គ្រប់គ្រង​សន្តិសុខ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ។

ជា​ការ​ឆ្លើយ​តប លោក សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​មាន​ប្រសាសន៍​ថា ទោះបីជា​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង មិន​ទាន់​មាន​សញ្ញា​នៃ​ទីតាំង​បង្ក​បទល្មើស Online Scams ក៏ដោយ ប៉ុន្តែ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​មិន​មានការ​ធ្វេសប្រហែស​ឡើយ​។​បច្ចុប្បន្ន កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត បាន​និង​កំពុង​អនុវត្ត​តួនាទី​ជា​សេនាធិការ​យ៉ាង​សកម្ម ក្នុង​ការ​ចុះ​ពិនិត្យ និង​គ្រប់គ្រង​តាម​បណ្តា​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​នានា ដើម្បី​បង្ការ​ជាមុន​នូវ​រាល់​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និងបទល្មើស​ផ្សេង​ៗ​ ។

ការ​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ថ្មី និង​ការ​រឹត​បន្តឹង​សន្តិសុខ​នេះ គឺជា​សក្ខីភាព​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ជំហរ​ឥត​ងាករេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​ បទល្មើស​បច្ចេកវិទ្យា និង​គ្រឿងញៀន​។ សកម្មភាព​ទាំងនេះ ធ្វើ​ឡើង​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ដែល​ជា​គ្រឹះ​នៃ​សន្តិសុខ​ជាតិ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ