រាជធានីភ្នំពេញ ៖ មហាជនកំពុងតែផ្ទុះការភ្ញាក់ផ្អើល និងសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គម ក្រោយពីទទួលបានដំណឹងថា គូស្នេហ៍ខ្មែរ-វៀតណាមដ៏ល្បីល្បាញ ដែលធ្លាប់ធ្វើឱ្យកក្រើកដើមឆ្នាំ២០២៦ ពេលនេះ បានសម្រេចចិត្តចែកផ្លូវគ្នាហើយ ក្រោយការរួមរស់ជាមួយគ្នាបាន៣ខែ ។

តាមការបញ្ជាក់តាមហ្វេសប៊ុក នាង ង្វៀន ធីយៀន បានឡាយ(live)ផ្ទាល់ ដែលមានអ្នកចូលមើលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីជម្រះមន្ទិលសង្ស័យ និងបញ្ជាក់ពីស្ថានភាពប្រែប្រួលចំណងស្នេហ៍នៃអាពាហ៍ពិពាហ៍របស់នាង ។ នៅក្នុងការឡាយនោះ នាងបានបង្ហើបថា ការដែលពួកគេមិនអាចបន្តរួមរស់ជាមួយគ្នាបានទៀតនោះ គឺដោយសារតែ«ភាពខុសគ្នានៃទស្សនៈភាសា និងវប្បធម៌» ។ ទោះបីជាធ្លាប់មានអនុស្សាវរីយ៍ផ្អែមល្ហែមយ៉ាងណាក៏ដោយ ក៏ឧបសគ្គនៃការប្រាស្រ័យទាក់ទង បានធ្វើឱ្យពួកគេសម្រេចចិត្តដើរផ្លូវរៀងខ្លួន ។
ផ្ទុយពីការបំភ្លឺរបស់នាង ង្វៀន ធីយៀន មហាជនខ្មែរជាច្រើនដែលធ្លាប់តែគាំទ្រ បានសម្ដែងការហួសចិត្ត ព្រោះមិននឹកស្មានថា ចំណងស្នេហាដែលមើលទៅរឹងមាំបំផុត ក្នុងពិធីរៀបការដ៏គគ្រឹកគ្រេងទាំងនៅវៀតណាម ទាំងនៅកម្ពុជា និងបានបង្ហាញពីការទទួលចំណងដៃជាប្រាក់រាប់លានដុល្លារ គឺលុយទាំងបាច់ៗ ត្រូវបានលើកបង្ហាញ និងការប្រគល់ឱ្យគូស្វាមី-ភរិយានេះដ៏ច្រើនសម្បើម បែរជាពេលនេះមានអាយុកាលខ្លីបែបនេះទៅវិញ ។

នាង ង្វៀន ធីយៀន ដែលបានរៀបការជាមួយស្វាមីជាជនជាតិកម្ពុជា ពិតជាបានបញ្ជាក់ពីការបែកគ្នាប្រាកដមែន ដោយនាងបានផ្សាយផ្ទាល់ដើម្បីប្រកាសថា នាង និងប្តីបានព្រមព្រៀងលែងលះ បន្ទាប់ពីរៀបការបាន៣ខែ ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា ។ នាងក៏បាននិយាយផងដែរថា នាងបានប្រគល់គ្រឿងអលង្ការមាស និងអំណោយអាពាហ៍ពិពាហ៍ទាំងអស់ពីគ្រួសារកូនកំលោះទៅឱ្យគាត់វិញ ដើម្បីឱ្យគាត់អាចយកត្រឡប់ទៅប្រទេសកម្ពុជាវិញ ។
នាងបានបញ្ជាក់បន្ថែមទៀតថា ការបែកគ្នានេះ ត្រូវបានយល់ព្រមដោយគ្រួសារទាំងពីរ ហើយមិនមានជម្លោះឈ្លោះប្រកែកគ្នា ឬការចាកចេញដោយឯកឯងមកកម្ពុជា ដូចពាក្យចចាមអារ៉ាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ ។ នេះជាសេចក្តីសង្ខេបនៃការផ្សាយផ្ទាល់របស់នាង ង្វៀន ធីយៀន និងលោក អាន ឡុងហួរ ។ អ្នកទាំងពីរបានបញ្ជាក់ថា ពួកគេបានចែកផ្លូវគ្នាដោយសន្តិវិធី ដោយសារតែភាពខុសគ្នានៃភាសា វប្បធម៌ របៀបរស់នៅ និងទស្សនៈក្នុងជីវិត និងការងារ ។ គ្រួសារទាំងពីរបានដឹង និងយល់ស្របនឹងការសម្រេចចិត្តនេះ ។ តាមច្បាប់នៅវៀតណាម ដោយសារតែពួកគេមិនបានរៀបការស្របច្បាប់ គឺមានន័យថា កូនកំលោះមិនទាន់គ្រប់អាយុ ការបែកគ្នា គឺដោយសន្តិវិធី និងគ្មានកាតព្វកិច្ចផ្លូវច្បាប់ទេ ។

ប្រាក់បណ្ណាការ មាស និងអំណោយទាំងអស់ពីគ្រួសារកូនកំលោះ ត្រូវបានប្រគល់ជូន និងនាំមកកម្ពុជាវិញ ។ ប្រាក់ដុល្លារអាមេរិកនៅក្នុងពិធីមង្គលការ ជាកម្មសិទ្ធិរបស់គ្រួសារកូនកំលោះ ហើយកូនក្រមុំមិនបានទទួលការទូទាត់ដាច់ដោយឡែកណាមួយឡើយ ។ តាមព័ត៌មានផេក Ha Noi 24H ឱ្យដឹងថា ឪពុករបស់នាង ង្វៀន ធីយៀន ថែមទាំងបាននាំអតីតកូនប្រសាឈ្មោះ អាន ឡុងហួរ មកកាន់ច្រកព្រំដែនដោយផ្ទាល់ ដោយមានទឹកភ្នែកហូរស្រក់ ប៉ុន្តែនៅតែរក្សាអាកប្បកិរិយាយកចិត្តទុកដាក់ និងសប្បុរសចំពោះអតីតកូនប្រសាដដែល ។
សូមបញ្ជាក់ថា ពិធីមង្គលការដ៏កក្រើកនេះ បានធ្វើឡើងនៅថ្ងៃទី២៩ មករា ២០២៦ រវាងកូនប្រុសជាកូនថៅកែចម្ការស្វាយចន្ទី និងដំឡូងមីនៅស្រុកខ្មែរ និងកូនស្រីជាកូនថៅកែស្វាយចន្ទីនៅប្រទេសវៀតណាម ។ កូនប្រុសឈ្មោះ អាន ឡុងហួរ និងកូនស្រីជាជនជាតិវៀតណាមមានឈ្មោះ ង្វៀន ធីយៀន ។ ពួកគេបានរៀបមង្គលការនៅវៀតណាម តាមប្រពៃណីវៀតណាមផង និងនៅកម្ពុជាតាមប្រពៃណីផង ដោយបានទាក់ទាញអ្នកលេងបណ្តាញសង្គមរាប់លាននាក់ចូលមើល ទាំងខ្មែរ និងវៀតណាម ដោយសារតែឃើញចំណងដៃជាលុយដុល្លារទាំងដុំៗ និងមាសពាក់ស្រោចខ្លួន ៕
ចែករំលែកព័តមាននេះ