ខេត្តមណ្ឌលគិរី ៖ ក្រុងសែនមនោរម្យ ដែលជាបេះដូងនៃខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្នកំពុងបង្កើនភាពទាក់ទាញកាន់តែខ្លាំង បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចរៀបចំឱ្យមានសួនកុមារសាធារណៈដ៏ថ្មីស្រឡាងមួយ ស្ថិតនៅកៀកនឹងរង្វង់មូលគោព្រៃ។

សមិទ្ធផលថ្មីនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាកន្លែងកម្សាន្តដ៏រីករាយបំផុតសម្រាប់កុមារ និងជាកន្លែងសម្រាកលំហែកាយសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរផងដែរ ។

សួនកុមារដែលទើបនឹងលេចរូបរាងឡើងនេះ ត្រូវបានបំពាក់ទៅដោយឧបករណ៍លេងកម្សាន្តទំនើបៗ ចម្រុះពណ៌ និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឱ្យកុមារៗអាចរត់លេង និងហាត់ប្រាណដើម្បីសុខភាពយ៉ាងសប្បាយរីករាយ ។ ការបង្កើតឱ្យមានទីតាំងនេះឡើង គឺជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មហាជន ដែលចង់បានកន្លែងសាធារណៈសម្រាប់ជួបជុំគ្រួសារ និងឱ្យកូនចៅបានដើរលេងកម្សាន្តនៅពេលរសៀល និងចុងសប្តាហ៍។

កោះសន្តិភាពបានជួបសម្ភាសន៍ជាមួយអាណាព្យាបាលដែលបាននាំកូនតូចៗមកលេងនៅសួនកុមារនេះ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពកុមារ ។ពួកគាត់បានលើកឡើងថា៖ «ពីមុនមក ពួកយើងមិនសូវមានកន្លែងសម្រាប់ក្មេងៗលេងនៅទីសាធារណៈបែបនេះទេ តែឥឡូវមានសួនស្អាតបែបទំនើប និងមានសុវត្ថិភាព ដែលធ្វើឱ្យកូនៗសប្បាយចិត្តខ្លាំង
ណាស់»។

ទន្ទឹមនឹងការអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ អាជ្ញាធរខេត្តមណ្ឌលគិរី ក៏បានអំពាវនាវ និងសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាលដែលនាំកូនទៅកម្សាន្ត សូមចូលរួមរក្សាអនាម័យ កុំចោលសំរាមពាសវាពាសកាលនៅក្នុងបរិវេណសួន ឬតាមស៊ុមផ្កា ។ ត្រូវវេចខ្ចប់ និងដាក់សំរាមក្នុងធុងដែលអាជ្ញាធរបានរៀបចំទុកឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសោភ័ណភាព និងបរិស្ថានស្អាត។

សូមជួយថែរក្សាឧបករណ៍លេងកម្សាន្ត និងសម្ភារសាធារណៈទាំងអស់ឱ្យបានគង់វង្ស ចៀសវាងការលេងបែបខ្ជីខ្ជា ដែលនាំឱ្យឆាប់ខូចខាត បាត់បង់សោភ័ណភាព។ជាពិសេស អាណាព្យាបាលត្រូវតាមដាន និងមើលថែទាំកូនតូចៗរបស់ខ្លួនឱ្យបានដិតដល់ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

សូមបញ្ជាក់ថា ការរៀបចំឱ្យមានសួនកុមារ និងការកែលម្អសួនច្បារជុំវិញរង្វង់មូលគោព្រៃនេះ គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ទីក្រុងស្អាត និងការជំរុញវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត ស្របតាមទិសដៅនៃការប្រែក្លាយក្រុងសែនមនោរម្យ ឱ្យទៅជាតំបន់អេកូទេសចរណ៍ដ៏វិសេសវិសាលក្នុងតំបន់ភូមិភាគឦសាន៕


ចែករំលែកព័តមាននេះ