ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំអះអាងថាពួកអ៊ីរ៉ង់ប្រាប់លោកថាប្រទេសរបស់ពួកគេរកកលនឹងដួលរលំហើយ ហើយកំពុងពិនិត្យមើលស្ថានភាពថ្នាក់ដឹកនាំរបស់ខ្លួន។ លោកថ្លែងដូច្នេះចំពេលដែលគេសម្លឹងឃើញថាកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ហាក់ដូចជានៅទ្រឹងមួយកន្លែង។ តាមដឹងមកថាលោកត្រាំមិនសប្បាយចិត្តទាល់តែសោះនឹងសំណើសន្តិភាពរបស់អ៊ីរ៉ង់។

នៅក្នុងសំណើនោះ អ៊ីរ៉ង់ទាមទារឱ្យអាមេរិកបិទបញ្ចប់ការបិទខ្ទប់របស់ខ្លួនទៅលើដែនសមុទ្រអ៊ីរ៉ង់។ ចំណែកបញ្ហានុយក្លេអ៊ែរ និងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមធីបចោលសិន ចាំយកទៅនិយាយគ្នានៅពេលក្រោយទៀត។ លក្ខខណ្ឌនេះផ្ទុយពីអ្វីដែលលោកត្រាំចង់បាន។ អ្វីដែលជាអាទិភាពធំជាងគេរហូតដល់ផ្ទុះសង្គ្រាមអ៊ីរ៉ង់គឺបញ្ហានុយក្លេអ៊ែរហ្នឹងឯង។ ត្រាំចង់ផ្ដល់អាទិភាពលើការដោះស្រាយបញ្ហានុយក្លេអ៊ែរជារឿងសំខាន់ជាងគេ។

លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថាអ៊ីរ៉ង់ទើបតែជូនដំណឹងមកយើងថា «ពួកគេស្ថិតនៅក្នុងដំណាក់កាលជិតដួលរលំហើយ»។ ពួកគេចង់ឱ្យយើងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពួកគេសំណូមពរបែបនេះនៅពេលកំពុងពិនិត្យមើលស្ថានភាពថ្នាក់ដឹកនាំរបស់ពួកគេ។ លោកជឿជាក់ថាពួកគេអាចធ្វើរឿងនេះ។ សូមជម្រាបថាអ្វីដែលលោកត្រាំអះអាងថាអ៊ីរ៉ង់ទាក់ទងទៅលោកនោះមិនដឹងថាទាក់ទងតាមវិធីណាទេ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រុមប្រទេសនៅតំបន់ឈូងសមុទ្រពែក្សជួបគ្នាដោយផ្ទាល់នៅប្រទេសអារ៉ាប៊ីសាអូឌីតជាលើកដំបូងចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើង។ មន្ត្រីម្នាក់ប្រាប់ថាការជួបគ្នានេះដើម្បីដាក់ចេញវិធានការឆ្លើយតបចំពោះការបាញ់មីស៊ីល និងដ្រូនរាប់ពាន់គ្រាប់ និងគ្រឿងចូលទឹកដីរបស់ពួកគេ។ ចាប់តាំងពីមានបទឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសាមក ការវាយប្រហារទៅលើពួកគេហាក់បានធូរស្បើយឡើងវិញហើយ។ ប៉ុន្តែពួកគេនៅតែព្រួយបារម្ភថាប្រសិនបើសង្គ្រាមនេះផ្ទុះឡើងទៀត ពួកគេនៅតែរងគ្រាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ដដែល៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ