ខេត្តតាកែវ ៖ យោងមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា នៅលើស្ពានចង្អៀត ដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន ។ តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រងចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន នេះបើយោងតាម នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។
នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ការបង្ហោះនៅថ្ងៃទី១៥ កក្កដា ២០២១នេះ មិនមែនរកខុសត្រូវទេ គ្រាន់តែចែករំលែកច្បាប់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវ “បើកបរដោយការប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍” ។
ការចែករំលែកច្បាប់ចរាចរណ៍ផ្លូវគោកនេះ បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នារវាងរថយន្តធន់ធ្ងន់មួយគ្រឿង និងរថយន្ត Toyota Pruis លើស្ពានដែកមួយកន្លែង ស្ថិតនៅភូមិឫស្សីមួយគុម្ព ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៤ កក្កដា ម្សិលមិញនេះ ។
បើតាមសាក្សីជាអ្នកឃើញហេតុការណ៍ពិត គឺមានតែម្ចាស់រថយន្តទាំងពីរប៉ុណ្ណោះ មកស្ដាប់នារីម្នាក់ដែលជាភាគីរថយន្ត Toyota Pruis បានបកស្រាយនៅក្នុងគណណីហ្វេសបុករបស់ខ្លួនថា រថយន្តរបស់ខ្លួនបានបើកចូលដល់លើស្ពានប្រមាណបីម៉ែត្រហើយ ស្រាប់តែពេលនោះ រថយន្តធំបានបើកបោះពួយយ៉ាងលឿន ហើយខ្លួនជាម្ចាស់ឡានតូចខំស៊ីផ្លេផង វ៉ៃភ្លើងផង ប៉ុន្តែខាងរថយន្តធំនៅតែបើកសំដៅមកយ៉ាងលឿន មិនឈប់ទេ ពេលដែលម្ចាស់រថយន្តធំចុះមកបានប្រាប់ថា ជាន់ហ្វ្រាំងមិនស៊ី ។
នៅក្នុងពេលកើតហេតុនោះ រថយន្តធំនោះបានអូសឡានតូចថយទៅក្រោយទើបឃើញរូបភាពបង្ហាញបែបនេះ បើតាមលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានអោយដឹងថា រថយន្តទាំង២គ្រឿងនេះ រថយន្តតូច មិនបានខុសឡើយ គឺរថយន្តធំជាអ្នកខុស ដោយសារបើកបរក្នុងល្បឿនលឿន បើទោះបីដឹងថា នៅខាងមុខមានស្ពានឆ្លងកាត់ហើយ មានរថយន្តតូច បើកចូលដល់លើស្ពានមុនក៏ដោយ ក៏រថយន្តធំនៅតែមិនបន្ថយល្បឿនទៀត ហើយនៅពេលនេះរថយន្តទាំង២គ្រឿងនេះ ត្រូវបានអូសមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីម្ចាស់មកដោះស្រាយគ្នា ។
គួររម្លឹកដែរថា «ហេតុអីនៅតែប្រជ្រៀតចូលទៅមុខទៀត ? មើលចុះឡើងកៀបជាប់គ្នានៅលើស្ពានដែកទៅហើយ» ៕
ចែករំលែកព័តមាននេះ