ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ភូមិ ឃុំ ស្រុក មិន​ត្រូវ​ចេញ​លិខិតបញ្ជាក់​ដី​ព្រៃ​ឡើយ ត្រូវ​រួម​គ្នា​ការពារ​ព្រៃឈើ​រដ្ឋ

8 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ភូមិ ឃុំ ស្រុក មិន​ត្រូវ​ចេញ​លិខិតបញ្ជាក់​ទៅ​លើ​ដី​ព្រៃ​ឡើយ ហើយ​ត្រូវ​ចូលរួម​ថែរក្សា​ព្រៃ​សហគមន៍ ព្រៃ​តំបន់​គ្រប់គ្រង​ដោយ​កសិកម្ម ព្រៃឈើ​គ្រប់គ្រង​ដោយ​បរិស្ថាន និង​មិន​អោយ​មានការ​កាប់​បំ​ទន្ទ្រាន​ដី​ព្រៃឈើ​របស់​រដ្ឋ…

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ភូមិ ឃុំ ស្រុក មិន​ត្រូវ​ចេញ​លិខិតបញ្ជាក់​ទៅ​លើ​ដី​ព្រៃ​ឡើយ ហើយ​ត្រូវ​ចូលរួម​ថែរក្សា​ព្រៃ​សហគមន៍ ព្រៃ​តំបន់​គ្រប់គ្រង​ដោយ​កសិកម្ម ព្រៃឈើ​គ្រប់គ្រង​ដោយ​បរិស្ថាន និង​មិន​អោយ​មានការ​កាប់​បំ​ទន្ទ្រាន​ដី​ព្រៃឈើ​របស់​រដ្ឋ លោក​អភិបាលខេត្ត ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ដាំ​កូន​ឈើ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​បរិវេណ​វិទ្យាល័យ​ព្រះ​គោ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

លោក​អភិបាលខេត្ត បាន​ថ្លែង​ថា ៖ ពិធីបុណ្យ «​រុក្ខទិវា​» គឺជា​ចលនា​បំផុសបំផុល​ការ​ដាំ​ដុះ​ដើមឈើ​ដ៏​ធំ​មួយ និង​ជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ឧត្តុង្គឧត្តម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​ចលនា​នេះ​ចាប់​មាន​តាំងពី «​សម័យ​សង្គមរាស្ត្រនិយម​» ក្រោម​ព្រះរាជ​បូជនីយកិច្ច​ផ្ដួចផ្ដើម និង​ដឹកនាំ​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯក
ភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​វររាជ​បិតា​កសិកម្ម​ជាតិ​។ ហើយ​បុណ្យ​នេះ បាន​បន្ត​ក្រោម​ព្រះរាជ​ពិធី​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ថ្នាក់ដឹកនាំ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន ជា​ប្រធាន​ព្រឹទ្ធសភា រហូត​ដល់​ពេល​នេះ ក្រោម​ការ​ដឹក​នាម​ប្រកបដោយ ភាព​ភ្លឺស្វាង​ច្បាស់លាស់​របស់​សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​រៀបចំ​ជា​បន្តបន្ទាប់ ជា​ទិវា​ជាតិ និង​តែងតែ​ជ្រើសរើស​យក​ខែ កក្កដា ជា​រៀង​រាល់​ឆ្នាំ ។

ក្នុង​កម្មវិធី​ខាងលើ​នេះ លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ទៅ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក មិន​ត្រូវ​ចេញ​លិខិតបញ្ជាក់​ទៅ​លើ​ដី​ព្រៃ​ឡើយ ហើយ​ត្រូវ​ចូលរួម​ថែរក្សា​ព្រៃ​សហគមន៍ ព្រៃ​តំបន់​គ្រប់គ្រង​ដោយ​កសិកម្ម ព្រៃឈើ​គ្រប់គ្រង​ដោយ​បរិស្ថាន និង​មិន​អោយ​មានការ​កាប់​បំ​ទន្ទ្រាន​ដី​ព្រៃឈើ​របស់​រដ្ឋ យក​ធ្វើ​ជា​កម្មសិទ្ធិ​ដាច់ខាត ។

ការ​ដាំ​ដើមឈើ មិន​ត្រឹមតែ​លើក​ស្ទួយ​ព្រៃឈើ នៃ​ការ​ដាំ​ដុះ​ឡើង​វិញ​នោះ​ទេ តែ​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ចំពោះ​សុខភាព និង​សុខ​មា
ល​ភាព​របស់​ប្រជាពលរដ្ឋ ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លោក ទុំ នី​រ៉ូ បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដែល​មាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង ជា​សេនាធិការ បាន​បណ្តុះ​កូន​ឈើ​ចម្រុះ​ចំនួន ២៨,៦០០​ដើម ។ រុក្ខទិវា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ កក្កដា ២០២៥​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​រៀបចំ​កូន​ឈើ​ប្រមាណ​ជា ២​ម៉ឺន​ដើម ក្បុង​នោះ​រួម​មាន ៖ ដើមឈើ​ក្រ​ញ៉ូ​ង ដើមឈើ​បេង ដើមឈើ​ធ្នង់ ដើម​ក្ងោក ដើមឈើ​គគី ដើមឈើ​កកោះ និង​ដើម​ព្រីង ។ ក្នុង​កម្មវិធី​ផ្ទាល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​បាន​ដាក់​ដាំ​កូន​ឈើ​បាន​៩៥០​ដើម​។ ក្រៅពី​នោះ បាន​ធ្វើការ​ចែកចាយ​ជូន​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ផ្សេង​ៗ​ទៀត​ដាំ​តាម​ទី​សាធារណៈ វត្ត​អារាម​សាលារៀន សួនច្បារ ផ្លូវ​សាធារណៈ​ព្រមទាំង​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ ជា​ពិសេស​បាន​បំផុស ចលនា​ដល់​គូរ​ស្រករ​ថ្មី​ដាំ​កូន​ឈើ​ក្នុង​ម្នាក់ ០១​ដើម ក្នុង​ពេល​ប្រារព្ធ​អាពាហ៍ពិពាហ៍ ដើម្បី​ទុកជា អនុស្សាវរីយ៍​ចំណងដៃ​គូរ​ស្វាមីភរិយា​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ