ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានណែនាំដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញវត្ថុរារាំង នាពេលនេះ ពេលវិលត្រឡប់ទៅតាមអង្គភាពខ្លួនវិញ ត្រូវខិតខំប្រឹងប្រែងបំពេញ និងអនុវត្តការងាររបស់ខ្លួន ឱ្យបានល្អប្រសើរ ពិសេស ត្រូវយកចំណេះដឹង និងជំនាញទាំងឡាយ ទៅបម្រើនិងជួយអង្គភាពរបស់ខ្លួន ឱ្យយអស់ពីលទ្ធភាព ទៅតាម ជំនាញ និងចំណេះដឹង ដែលខ្លួនមានទៅផ្សព្វផ្សាយបន្តដល់មិត្តរួមអាវុធឱ្យបានយល់ និងចេះដឹង ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។
ការថ្លែងនេះរបស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រធាន គណៈបញ្ជាការឯកភាព សមរភូមិទិសទី១ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញវត្ថុរារាំង នៅកងពលធំអន្តរាគមន៍លេខ៣។
យោតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់បង្ហាត់បង្រៀនទាំងទ្រឹស្តី និងអនុវត្តន៍ជាក់ស្តែងលើទី លាន ក្រោមការជួយដឹកនាំ ហ្វឹកហាត់ដោយផ្ទាល់ ពីសំណាក់ក្រុមការងារជំនាញរបស់ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជា(ស៊ីម៉ាក់) ដែលបានដំណើរអស់រយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅធ្វើឱ្យនាយនិងពលទាហានដែលជាកម្មសិក្សាការី មានការយល់ដឹង និងចេះប្រើប្រាស់បាន ១០០%។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត របស់ក្រុមការងារ ជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក៏ដូចជាគណៈគ្រប់គ្រងវគ្គ ព្រមទាំងសិក្ខាម ជំនាញពាន់ព័ន្ធទាំងអស់ ដែលបានចូលរួម បំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងយកចិត្តទុក ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាប់តាំងពីថ្ងៃបើករហូតដល់ថ្ងៃបញ្ចប់វគ្គ ដែលធ្វើឱ្យការងារហ្វឹកហាត់ ទទួលបានជោគជ័យ និងមានលទ្ធផលល្អប្រសើរ គួរជាទីគាប់ចិត្ត៕
ចែករំលែកព័តមាននេះ