ខេត្តបាត់ដំបង ៖ រោងចាំចម្ការដ៏ធំមួយខ្នង រួមទាំងសម្ភារៈប្រើប្រាស់ មានតម្លៃជាច្រើនទៀតត្រូវបានព្រះអគ្គិលេបត្របាក់យកអស់គ្មានសល់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដានេះ នៅចំណុចភូមិដើមដូង ឃុំមោង ស្រុកមោងឬស្សី ដែលគិតជាទឹកប្រាក់ខាតបង់អស់ជាង៣ម៉ឺនដុល្លារ តែពុំមានគ្រោះថ្នាក់មនុស្សទេ ។

តាមព័ត៌មានបានឲ្យដឹងថា រោងចាំចម្ការនោះ មានទំហំ១២ម៉x១២ម៉ ធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់រោងឈ្មោះ សេង តូរី ប្រុស អាយុ៤៤ឆ្នាំ ។ ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា នៅក្នុងរោងចាំចម្ការនោះមានផ្ទុកសម្ភារៈប្រើប្រាស់ ដែលមានតម្លៃជាច្រើន ហើយទាំងរោង និងសម្ភារៈទាំងនោះត្រូវអគ្គិភ័យលេបយកអស់ទាំងស្រុងតែម្ដង ។

បើតាមការបំភ្លឺពីម្ចាស់រោង បានប្រាប់សមត្ថកិច្ចថា អគ្គិភ័យដ៏សាហាវនេះផ្ដើមចេញពីការ«ឆ្លងចរន្តអគ្គិសនី» ។ នៅក្នុងរបាយការណ៍សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្រៅពីឆេះអស់រោងចម្ការដ៏ធំមួយខ្នងខាងលើ នៅមានសម្ភារៈប្រើប្រាស់ជាច្រើនដូចជា ៖ ១.សូឡាមួយឈុតធំ តម្លៃ១០,០០០ដុល្លារ ២. តុឈើ០២ឈុត និងគ្រែ០១ តម្លៃ៥,០០០ដុល្លារ ៣.ដុំម៉ូទ័រភ្លើង ០៦គ្រាប់ តម្លៃ១,២០០ដុល្លារ ៤.តេឡេដ្រូនតម្លៃ៥,០០០ដុល្លារ ៥.រ៉ឺម៉កត្រាក់ទ័រ០១ តម្លៃ១,០០០ដុល្លារ ៦.ម៉ាស៊ីនកាត់ស្មៅចំនួន០៣គ្រឿង ៧.ម៉ូទ័របូមទឹកចំនួន០៣ ៨.ម៉ូទ័រលាងឡាន០១ ៩.រទេះឈើ០២ ១០.ទូកត្នោត០២ ១១.ម៉ាស៊ីនអារឈើ០២ ១២.ម៉ូទ័រដោះវីស០៣ ១៣.ម៉ាស៊ីនខ្យល់០១ និង១៤.កាមេរ៉ាសុវត្ថិភាពចំនួន២៥គ្រាប់ ។

ការខូចខាតនេះ សរុបជាទឹកប្រាក់អស់៣១,០០០ដុល្លារ តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។ ក្នុងស្ថានការនេះ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ភ្លាមៗ ជាមួយរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង តែមិនអាចជួយសង្គ្រោះអ្វីបានទេ ព្រោះភ្លើងមានសន្ទុះខ្លាំង ឆេះលឿន ទើបបានត្រឹមជួយបាញ់ពន្លត់ចុងក្រោយប៉ុណ្ណោះ ៕





ចែករំលែកព័តមាននេះ