រាជធានីភ្នំពេញ ៖ រដ្ឋសភាអនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ១២៥ លើ១២៥សំឡេង លើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ។

ការអនុម័តច្បាប់របស់រដ្ឋសភានៃព្រះជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានដ្ឋសភា ដែលមានវត្តមានសមាជិករដ្ឋសភា ចំនួន១២៥ អង្គ/រូប ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ការធ្វើវិសោធនកម្មនេះក្នុងគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិតជាមួយបរទេស ។
ការធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសការប្រឆាំងនឹងអំពើក្ប.ត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេសដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ ។
សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានពីរមាត្រា ។ មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្មដូចតទៅ ៖ ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ។

ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវបានកំណត់ក្នុងច្បាប់ ។ អង្គរដ្ឋសភាបានពិភាក្សា អនុម័ត សេចក្តីស្នើវិសោធនកម្ម តាមនីតិវិធី ដោយបានពិភាក្សាផ្តល់យោបល់យ៉ាងល្អិតល្អន់ពីតំណាងរាស្ត្រហត្ថលេខី តំណាងរាជរដ្ឋាភិបាល គណៈកម្មការជំនាញរបស់រដ្ឋសភាក៏ដូចជា ពីសមាជិកសមាជិការដ្ឋសភា មុនអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទាំងមូលជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ១២៥លើ១២៥ សំឡេង។
សូមជម្រាបថា តំណាងរាស្ត្រហត្ថលេខីទាំង១២៥រូបដែលស្មើនឹង ១០០% នៃតំណាងរាស្ត្រសរុបមកពីចម្រុះគណបក្សទាំងអស់មានអាសនៈក្នុងរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់សំណើជូនរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមមាត្រា ៤៩ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ ។
ជាមួយគ្នានេះ មាត្រានេះ ក៏បញ្ជាក់យ៉ាងច្បាស់ដែរថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ។ ផ្អែកតាមស្មារតីនេះការប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេសការឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើសកម្មភាពទាំងនេះ គឺជាការប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ ។
ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម ។
ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសជាង១៥០ នៅលើពិភពលោក ទាំងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេសក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ ។ អឺរ៉ុបដែលមាន២៨ប្រទេសមាន១៨ប្រទេសមានច្បាប់ដកសញ្ជាតិ ចំណែកនៅតំបន់អាស៊ានមាន៩ប្រទេសហើយ ដែលមានច្បាប់ដកសញ្ជាតិ ។
ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម ៕
ចែករំលែកព័តមាននេះ