រាជធានីភ្នំពេញ ៖ ផ្សារដើមគ គឺជាផ្សារធំមួយ នៅរាជធានីភ្នំពេញ ក្នុងការបែងចែកបន្លែ ផ្លែឈើ តាមផ្សារក្នុងក្រុងភ្នំពេញ និងបញ្ជូនទៅបណ្ដាខេត្តមួយចំនួនទៀត នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអោយដឹងថា មានអាជីវករ, អ្នកលក់ដូរ, កម្មករអនាម័យ និងសន្តិសុខផ្សារ សរុបចំនួន ១០២នាក់ (អាជីវករ៩៦នាក់ និងសន្តិសុខ ៦នាក់) រកឃើញ វិជ្ជមាន កូវីដ-១៩ ។
គេនៅចាំបានថា នាព្រលប់ថ្ងៃទី១៤ មេសា ចំថ្ងៃទី១ នៃការចូលឆ្នាំខ្មែរ មានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ សម្រុកចូលផ្សារនានា ជាពិសេសផ្សារដើមគ ដើម្បីទិញទំនិញទុក ក្រោយពី បែកធ្លាយសារសំឡេង មិនទាន់ផ្លូវការទាក់ទងនឹងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្ដកណ្ដាល រយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។
ក្រោយការចែកចាយនូវសារសំឡេង ដែលបើកធ្លាយនោះ គឺមានប្រជាពលរដ្ឋជាច្រើន បានសម្រុកនាំគ្នាទៅទិញទំនិញប្រើប្រាស់នៅតាមហាងទំនើប និងអាហារ នៅតាមផ្សារជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ ។ តាមរូបភាពវីដេអូមួយ ដែលចែកចាយនៅតាមបណ្ដាញសង្គម បង្ហាញអោយឃើញថា មានមនុស្សណែនណាន់តាន់តាប់ សម្រុកទៅទិញបន្លែ ត្រី សាច់ នៅផ្សារដើមគរ បង្កឲ្យមានក្តីបារម្ភថា ចុះបើមានមនុស្សម្នាក់ផ្ទុកកូវីដ-១៩ តើគិតយ៉ាងណា ? ។
ស្របពេលនោះដែរ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារ ដែលបង្កើតបានជាភាពកកកុញមនុស្សច្រើន ណែនណាន់តាន់តាប់ ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀតដល់បងប្អូន ក្នុងការឆ្លងវីរុសកូវីដ-១៩ ។
នាយប់ថ្ងៃទី១៤ ខែមេសា ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសារពិសេស និងបន្ទាន់ ពាក់ព័ន្ធការសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ។ សម្តេចតេជោ ហ៊ុន សែន មិនអត់ឱនឲ្យមន្ត្រីដែលទម្លាយសារសំឡេងរបស់សម្តេច មុនចេញសេចក្តីសម្រេច ។
ក្នុងអំឡុងពេលថ្លែងសារនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំអភ័យទោស ដោយសារតែមិនទាន់សេចក្តីសម្រេចផង ប៉ុន្តែបែរជាបានបែកធ្លាយជាមុន ដោយបុគ្គលខ្វះការទទួលខុសត្រូវ នៅក្នុងក្បាលម៉ាស៊ីនដឹកនាំរបស់បក្ស និងរដ្ឋ ។ សម្តេចតេជោ ហ៊ុន សែន មិនអត់ឱនឲ្យទេ សកម្មភាពទាំងនោះនឹងត្រូវទទួលនូវវិន័យពេលក្រោយ នៅពេលដែលស្រាវជ្រាវរកឃើញ ។
នៅយប់ថ្ងៃទី១៧ មេសា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទទាំងស្រុង ក្នុងមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រយៈពេលពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ ។
ដោយសារ ស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ ជិត១០០នាក់ និងកម្លាំងសន្តិសុខផ្សារដើមគ ចំនួន០៦នាក់ បានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឱ្យព្រួយបារម្ភ និងចាំបាច់ ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់ ៕
ចែករំលែកព័តមាននេះ