ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​ដ៏​ល្បី​សិង្ហ​បុរី បំបែក​កំណត់​ត្រា​ទទួល​អ្នកដំណើរ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន ៧០ លាន​នាក់

1 ថ្ងៃ មុន

ប្រទេស​សិង្ហ​បុរី ៖ អាកាសយានដ្ឋាន​អន្តរជាតិ Changi ដ៏​ល្បី​របស់​ប្រទេស​សិង្ហ​បុរី បាន​ទទួល​អ្នកដំណើរ​ចេញចូល​ចំនួន ៧០ លាន​នាក់ នៅ​ឆ្នាំ ២០២៥…

ប្រទេស​សិង្ហ​បុរី ៖ អាកាសយានដ្ឋាន​អន្តរជាតិ Changi ដ៏​ល្បី​របស់​ប្រទេស​សិង្ហ​បុរី បាន​ទទួល​អ្នកដំណើរ​ចេញចូល​ចំនួន ៧០ លាន​នាក់ នៅ​ឆ្នាំ ២០២៥ ដែល​ជា​ចំនួន​កំណត់​ត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​ពី​មុន​។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី The Straits Times កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦​។

តួលេខ​ថ្មី​ៗ​នេះ បាន​បំបែក​កំណត់​ត្រា​ខ្ពស់​បំផុត ៦៨,៣ លាន​នាក់ នៅ​ឆ្នាំ ២០១៩ មុន​ពេល​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​រំខាន ដោយសារ​តែ​ជំងឺ​រឹត​ត្បា​ត​កូ​វី​ដ​-១៩ ខណៈ​ដែល​ចំនួន​អ្នកដំណើរ​បាន​ងើបឡើង​វិញ​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ​នៅ​ក្នុ​ថ​ឆ្នាំ ២០២៤ នៅ​ពេល​អាកាសយានដ្ឋាន​ដ៏​ល្បី​លំដាប់​ពិភពលោក​មួយ​នេះ បាន​ទទួល​អ្នកដំណើរ​ចេញចូល​ចំនួន ៦៧,៧ លាន​នាក់​។

ថ្លែង​នៅ​ថ្ងៃ​ទី​៥ ខែមករា លោក Jeffrey Siow រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ដឹក​ជញ្ជូន​សិង្ហ​បុរី​បាន​ថ្លែង​ថា ការ​ងើបឡើង​វិញ​យ៉ាង​ខ្លាំង​នៃ​អាកាសចរណ៍​សកល​បាន​ពង្រឹង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​បន្ត​ការ​សាងសង់​ស្ថានីយ​ទី ៥ (Terminal 5) ដែល​គម្រោង​នេះ​ត្រូវ​បាន​ផ្អាក អំឡុង​ពេល​មាន​ជំងឺ​កូ​វី​ដ​-១៩​។

លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន Changi Airport Group (CAG) នឹង​ចាប់ផ្តើម​ការ​ដេញថ្លៃ សម្រាប់​គម្រោង​រចនាសម្ព័ន្ធ​នៃ​ស្ថានីយ​ទី ៥ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​។ ដោយ​បាន​កត់​សម្គាល់ថា ការ​សម្រេចចិត្ត​សាងសង់​ស្ថានីយ​ទី ៥ គឺជា​ទំនុកចិត្ត​មួយ​លើ​អនាគត​របស់​ប្រទេស​សិង្ហ​បុរី និង​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ធានា​តំណែង​អាកាសយានដ្ឋាន​អន្តរជាតិ​ល្អ​បំផុត​លើ​ពិភពលោក ដែល​មានការ​ប្រកួតប្រជែង​ខ្លាំង​។

តាម​ការ​ព្យាករណ៍​របស់​លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា ចរាចរណ៍​ផ្លូវអាកាស​សកល​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ទ្វេ​ដង​នៅ​ឆ្នាំ ២០៥០​។ ស្ថានីយ​ទី ៥ ដែល​គ្រោង​នឹង​បើក​នៅ​ពាក់កណ្តាល​ទស​វត្ស​ឆ្នាំ ២០៣០ មាន​បំណង​ពង្រឹង​តួនាទី​របស់​ប្រទេស​សិង្ហ​បុរី​ជាស​កល​។

ស្ថានីយ​ដ៏​ធំ​នេះ កំពុង​ត្រូវ​បាន​រចនា​ឡើងជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ពឹងផ្អែក​ខ្លាំង​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម បញ្ញា​សិប្បនិម្មិត (AI) យានយន្ត​ស្វ័យប្រវត្តិ និង​មនុស្ស​យន្ត ដើម្បី​គាំទ្រ​ប្រតិបត្តិការ​ដូច​ជា ការ​ដោះ​ដូរ​ឥ​វ៉ា​ន់ និង​ទំនិញ​។ ប្រព័ន្ធ AI ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផែនការ​ហោះហើរ សេវាកម្ម​អ្នកដំណើរ និង​ការ​ឆ្លើយ​តប​នឹង​ការ​រំខាន​ប្រតិបត្តិការ រួម​ទាំង​បញ្ហា​អាកាសធាតុ​ធ្ងន់ធ្ងរ​ផង​ដែរ​។

នៅ​ពេល​បញ្ចប់​ការ​សាងសង់ ស្ថានីយ​ទី ៥ នឹង​បង្កើន​សមត្ថភាព​អ្នកដំណើរ​សរុប​របស់​អាកាសយានដ្ឋាន Changi ជាង ៥៥% ពី ៩០ លាន​នាក់​ទៅ​ដល់ ១៤០ លាន​នាក់​ក្នុង​១​ឆ្នាំ​។ ស្ថានីយ​នេះ នឹង​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ស្ថានីយ​ដែល​មាន​ស្រាប់ តាម​រយៈ​ប្រព័ន្ធ​ដឹក​ជញ្ជូន​អ្នកដំណើរ​ក្រោម​ដី​ថ្មី​មួយ អនុញ្ញាត​ឱ្យ​អ្នកដំណើរ​ធ្វើ​ដំណើរ​រវាង​ស្ថានីយ​ទី ៥ និង​ស្ថានីយ​ទី ២ ក្នុង​រយៈពេល​ប្រហែល ៤ នាទី​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ