របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា កម្ពុជាអាចនាំចេញអង្ករបានបរិមាណចំនួន ៩៤០.៣២១តោន កាលពីឆ្នាំ២០២៥កន្លងទៅ ដោយកើនឡើង៤៥ ភាគរយ ហើយគៀកនឹងគោលដៅនាំចេញ១លានតោន ។
របាយការណ៍ដែលចេញផ្សាយ នៅថ្ងៃទី០៥ ខែមករា បានអះអាងថា ជាមួយនឹងបរិមាណនាំចេញអង្ករខាងលើ កម្ពុជាបានរកចំណូលបាន៦០២ លានដុល្លារកើនឡើង២២,៦ ភាគរយធៀបនឹងឆ្នាំ២០២៤ ។
របាយការណ៍នេះ បានបញ្ជាក់ថា អង្ករកម្ពុជាឥឡូវនេះ មានទីផ្សារនៅ៧៥គោលដៅ ប៉ុន្តែទីផ្សារសំខាន់ៗគឺសហភាពអឺរ៉ុប ចិន និងប្រទេសជាសមាជិកអាស៊ាន ។
រូបតំណាងដោយ AI
ការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប អាចសម្រេចបាន៣៣៩.៤១៧ តោន ប្រហែល៣៦ ភាគរយនៃការនាំចេញសរុបជាមួយនឹងទឹកប្រាក់ប្រមាណជា ២៥៨លានដុល្លារ ។ ចិនអាចសម្រេចបាន ២៣១.១២៥ តោន ដែលមានទឹកប្រាក់១៣៨ លានដុល្លារ ប្រទេសអាស៊ានបាន២៧៣.៦៥៧តោន ដែលមានតម្លៃ ១១៧ លានដុល្លារ។
គោលដៅផ្សេងទៀត រួមមានប្រទេសនៅអាហ្វ្រិក មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ ជាដើម គឺមានបរិមាណសរុបចំនួន៩៦.១២២ តោន ដែលបង្កើតប្រាក់ចំណូលបាន៨៨ លានដុល្លារ ។
រូបតំណាងដោយ AI
អង្ករនាំចេញរួមមាន អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករចំហុយ និងអង្ករសរីរាង្គ ប៉ុន្តែអង្ករក្រអូបតែមួយមុខមានចំនួន ៦៤ ភាគរយនៃបរិមាណនាំចេញសរុប ៕
ចែករំលែកព័តមាននេះ