ខេត្តសៀមរាប ៖ យោងតាមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ការលូតលាស់ដំណាំបន្លែដែលបងប្អូនភៀសសឹកនិងក្រុមការងារដែលបានដាំកន្លងមកនៅមណ្ឌលឈូករង្សីនឹងបានកាត់មកផ្គត់ផ្គង់ឆាប់ៗនេះ ។

បន្ទាប់ពីអនុវត្តតាមការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារកងទ័ព បងប្អូនភៀសសឹកសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។

គិតត្រឹមថ្ងៃនេះ បន្លែនៅមណ្ឌលឈូករង្សីបានលូតលាស់យ៉ាងល្អក្រោមការថែទាំ ដាក់ជី ស្រោចទឹករាល់ប្រចាំថ្ងៃពីបងប្អូនភៀសសឹក។ មិនយូរទៀតទេបន្លែទាំងនេះ នឹងបានកាត់សម្រាប់ផ្គត់ផ្គង់អាហារប្រចាំថ្ងៃ។

ក្នុងនាមបងប្អូនភៀសសឹក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនភៀសសឹកមិនឱ្យមានការខ្វះខាត ពិសេសបានបំផុសគំនិតឱ្យមានការដាំដុះបន្លែថែមទៀត ៕

ចែករំលែកព័តមាននេះ