លោកត្រាំ ថា វ៉េណេស៊ុយអេឡានឹងប្រគល់ប្រេងដល់ទៅ៥០លានបារ៉ែលទៅឱ្យសហរដ្ឋអាមេរិក
រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៦ ខែមករា…
រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៦ ខែមករា…
រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡានឹងប្រគល់ប្រេងរហូតដល់ ៥០ លានបារ៉ែលទៅឱ្យសហរដ្ឋអាមេរិក បន្ទាប់ពីប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលមួយ បានទម្លាក់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ចេញពីអំណាច។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។

លោក ត្រាំ បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដូច្នេះថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា អាជ្ញាធរបណ្ដោះអាសន្នក្នុងប្រទេសវ៉េណេស៊ុយអេឡានឹងប្រគល់ប្រេងមានគុណភាពខ្ពស់ចំនួន ៣០ ទៅ ៥០ លានបារ៉ែលទៅឱ្យសហរដ្ឋអាមេរិក។ ប្រេងទាំងនេះ នឹងត្រូវបានលក់ក្នុងតម្លៃទីផ្សារ ហើយលុយបានពីការលក់នឹងត្រូវបានគ្រប់គ្រងដោយខ្ញុំផ្ទាល់ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីធានាថាវាត្រូវបានប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក!»។
ការអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើង បន្ទាប់ពីលោកបាននិយាយថា ឧស្សាហកម្មប្រេងអាមេរិកនឹងដំណើរការឡើងវិញក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្នុងរយៈពេល ១៨ ខែ ហើយលោករំពឹងថា ការវិនិយោគដ៏ច្រើននឹងហូរចូលទៅក្នុងប្រទេសនៅអាមេរិកខាងត្បូងមួយនេះ។ អ្នកវិភាគបានប្រាប់ BBC កាលពីថ្មីៗនេះថា ការវិនិយោគអាចនឹងចំណាយទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក និងប្រើពេលប្រហែល១០ឆ្នាំ ដើម្បីស្តារផលិតកម្មប្រេងពីមុនរបស់ប្រទេសវ៉េណេស៊ុយអេឡាឡើងវិញ។
ការអត្ថាធិប្បាយនេះ ក៏បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodríguez) អតីតអនុប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេស ជំនួសលោក ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ និងនាំខ្លួនមកសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធ៕

ចែករំលែកព័តមាននេះ