ប្រទេសកូរ៉េខាងជើង ៖ ក្រសួងការពារប្រទេសកូរ៉េខាងត្បូងថ្លែងថា កងទ័ពយើងចាប់ឃើញមីស៊ីលច្រើនគ្រាប់ដែលជាមីស៊ីលបាលិស្ទិកបាញ់សំដៅសមុទ្រខាងកើត ហៅសមុទ្រជប៉ុន ចេញពីជាយក្រុងព្យុងយ៉ាង រង្វង់ម៉ោង៧និង៥០នាទីម៉ោងក្នុងស្រុកថ្ងៃទី៤មករា។ ចំណែកក្រសួងការពារប្រទេសជប៉ុនវិញនិយាយថា ចាប់ឃើញការបាញ់មីស៊ីលបាលីស្ទិក២គ្រាប់ ដែលធ្លាក់នាវេលាម៉ោង៨ និង០៨នាទីម៉ោងក្នុងស្រុកតែមិនបញ្ជាក់ពីតំបន់ធ្លាក់ឡើយ។
រដ្ឋមន្ត្រីការពារប្រទេសជប៉ុនលោកស៊ីនជីរ៉ូ កូអ៊ូហ្សូមីថ្លែងនៅមុខក្រុមអ្នកកាសែតថា ការអភិវឌ្ឍអាវុធនុយនក្លេអ៊ែរនិងបាលីស្ទិករបស់កូរ៉េខាងជើង គំរាមកំហែងដល់សន្តិភាពនិងស្ថេរភាពរបស់ប្រទេសយើងនិងសហគមន៍អន្តរជាតិដែលមិនអាចអត់ឱនឲ្យបានឡើយ។ ក្នុងសេចក្ដីប្រកាសមួយកងទ័ពកូរ៉េខាងត្បូងគូសបញ្ជាក់ថា មីស៊ីលទាំងនេះហោះហើរក្នុងចម្ងាយប្រមាណជា៩០០គីឡូម៉ែត្រនិងថា អាជ្ញាធរកូរ៉េខាងត្បូងនិងអាមេរិកកំពុងតែវិភាគលម្អិតពីមីស៊ីលទាំងនោះ។
ការបាញ់មីស៊ីលទាំងនោះកើតមានតែបុន្មានម៉ោងមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកLEE JAE MYUNG នៅចិន ដែលនៅទីនោះលោកត្រូវជួបគ្នាជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីង ។ ក្នុងទស្សនកិច្ចរយៈពេល៤ថ្ងៃនោះលោកLEEនឹងស្នើដល់ចិនជាសម្ព័ន្ធមិត្តសំខាន់និងជាដៃពាណិកជ្ជកម្ម របស់កូរ៉េខាងជើង ឲ្យដើរតួនាទីស្ថាបនាមួយ ក្នុងការខិតខំំប្រឹងប្រែង សំដៅលើកស្ទួយសន្តិភាពនៅឧបទ្វីបកូរ៉េ។
បណ្ដាអ្នកវិភាគយល់ថា ការបាញ់មីស៊ីលបាលីស្ទិកច្រើនគ្រាប់បែបនេះរបស់កូរ៉េខាងជើង គឺចង់បង្ហាញបណ្ដាសមិទ្ធផលរបស់ខ្លួន ក្នុងវិស័យការពារមុនសមាជបក្សពលករកូរ៉េ។ អ្នកវិភាគខ្លះទៀតនិយាយថា នោះប្រហែលជាប្រតិកម្មតបចំពោះការវាយប្រហាររបស់អាមេរិកប្រឆាំងវេណេស៊ុយអេឡា៕
ចែករំលែកព័តមាននេះ