ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បញ្ចប់​ឆ្នាំ​មុន ជាមួយ​ចំនួន​ភ្ញៀវ​បរទេស​​ច្រើន​បំផុត​មិន​ធ្លាប់​មាន និង​ដាក់​គោល​ដៅបំបែក​កំណត់​ត្រា​ទៀត​នៅ​ឆ្នាំ​នេះ

1 ថ្ងៃ មុន

ទីក្រុង​ហាណូយ ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បានឱ្យ​ដឹង​ថា ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចំនួន ២១,២ លាន​នាក់​ក្នុង​ឆ្នាំ ២០២៥ ពោល​កើនឡើង…

ទីក្រុង​ហាណូយ ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បានឱ្យ​ដឹង​ថា ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចំនួន ២១,២ លាន​នាក់​ក្នុង​ឆ្នាំ ២០២៥ ពោល​កើនឡើង ២០,៤% បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​ក៏​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ខ្លួន​ផង​ដែរ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦​។

ចិនដីគោក គឺជា​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ធំ​ជាងគេ​របស់​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​មុន ដោយ​មាន​ចំនួន ៥,២ លាន​នាក់ កើនឡើង ៤១% ធៀប​នឹង​ឆ្នាំ​មុន បន្ទាប់​មក​គឺ​កូរ៉េ​ខាងត្បូង ៤,៣ លាន​នាក់ និង​តៃវ៉ាន់ ១,២៣ លាន​នាក់​។ សហរដ្ឋអាមេរិក​នៅ​ចំណាត់ថ្នាក់​លេខ ៤ ដោយ​មាន​ចំនួន ៨៤៨ ០០០ នាក់ បន្ទាប់​មក​គឺ​ជប៉ុន ៨១៤ ០០០ នាក់​ឥណ្ឌា ៧៤៦ ០០០ នាក់ រុ​ស្ស៊ី ៦៨៩ ០០០ នាក់ កម្ពុជា ៦៨៧ ០០០ នាក់ ម៉ា​ឡេ​ស៊ី ៥៧៣ ០០០ នាក់​) និង​អូស្ត្រាលី ៥៤៨ ០០០ នាក់ ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង ១០ (Top 10)​។

បណ្តា​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​វៀតណាម​បាន​សន្មត​ថា ការ​សម្រេច​បាន​លទ្ធផល​ដ៏​រឹង​មាំ​របស់​វៀតណាម ដោយសារ​តែ​កំណែទម្រង់​គោលនយោបាយ​ទិដ្ឋាការ​។ ជាក់ស្តែង កាលពី​ខែមីនា ឆ្នាំ​២០២៥ រដ្ឋាភិបាល​បាន​សម្រេច​បន្ត​ការ​លើកលែង​ទិដ្ឋាការ​រហូត​ដល់​ឆ្នាំ ២០២៨ សម្រាប់​ពលរដ្ឋ​ប្រទេស​ចំនួន ១២ រួម​មាន ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ បារាំង អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី ជប៉ុន ន័​រ​វែ​ស រុ​ស្ស៊ី កូរ៉េ​ខាងត្បូង អេ​ស្ប៉ា​ញ ស៊ុ​យ​អែ​ត និង​ចក្រភព​អង់គ្លេស​។

កាលពី​ខែសីហា ឆ្នាំ​២០២៥ រដ្ឋាភិបាល​ក៏​បាន​លើកលែង​តម្រូវការ​ទិដ្ឋាការ​ស្នាក់​នៅ​រហូត​ដល់ ៤៥ ថ្ងៃ សម្រាប់​ពលរដ្ឋ​ប្រទេស​ចំនួន ១២ បន្ថែម​ទៀត គឺ បែ​ល​ហ្ស៊ិ​ក ប៊ុល​ហ្គា​រី ក្រូ​អាស៊ី (​ក្រូ​អាត​) សាធារណរដ្ឋ​ឆែក ហុង​គ្រី លុ​ច​សំបួ ហូ​ឡង់ ប៉ូ​ឡូញ រ៉ូ​ម៉ា​នី ស្លូ​វ៉ា​គី ស្លូ​វេ​នី និង​ស្វី​ស​។ ទាំងនេះ​បាន​ពង្រីក​បញ្ជី​លើកលែង​ទិដ្ឋាការ​ឯកតោភាគី​ដល់ ២៤ ប្រទេស និង​ចំនួន​សរុប​រួម​ទាំង​ការ​លើកលែង​ទ្វេភាគី​ដល់ ៣៩ ប្រទេស​។

កាលពី​ថ្មី​ៗ​នេះ រដ្ឋាភិបាល​បាន​បន្ថែម​ច្រកព្រំដែន​អន្តរជាតិ​ចំនួន ៤១ បន្ថែម​ទៀត ដែល​ភ្ញៀវ​បរទេស​អាច​ប្រើប្រាស់​ទិដ្ឋាការ​អេ​ឡិច​ត្រូ​និក (e-Visa) សម្រាប់​ការ​ចូល និង​ចេញ ដែល​នាំ​ឱ្យ​ចំនួន​សរុប​នៃ​ច្រក​បែប​នេះ កើនឡើង​ដល់ ៨៣ ច្រក​។

បន្ទាប់​ពី​បង្កើត​កំណត់​ត្រា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដ៏​ច្រើន​បំផុត កាលពី​ឆ្នាំ​មុន​ហើយ​នោះ នៅ​ឆ្នាំ ២០២៦ នេះ ប្រទេស​វៀតណាម​បាន​កំណត់​គោលដៅ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ២៥ លាន​នាក់ ដើម្បី​បំបែក​កំណត់​ត្រា​ចាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ