ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​​ពល​ការិនី ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ​វាយ​និង​កាត់​ស្លឹកត្រចៀក ត្រឡប់​មក​ដល់​កម្ពុជា​ហើយ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ផ្ដល់​ព័ត៌មាន​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ផ្ដល់​ព័ត៌មាន​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ ឲ្យ​ដឹង​ថា ក្មេង​ស្រី​ខ្មែរឥស្លាម បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​រង​គ្រោះ ដោយ​ម្ចាស់ផ្ទះ​ធ្វើ​ទារុណកម្ម​កាត់​ត្រចៀក ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បាន​បញ្ជូន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ កាលពី​វេលា​ម៉ោង​១៧ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ តាម​ជើង​យន្តហោះ​អាកាសចរណ៍​សិង្ហ​បុរី ។

ពល​ការិនី​រង​គ្រោះ ដោយ​អំពើ​ព្រៃផ្សៃ​នេះ​មានឈ្មោះ អូ​ស្មាន ក្រី​ម៉ះ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ សហការ​ជាមួយ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី ក្រោម​ការ​សម្របសម្រួល​ពី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​ស្ថានទូត​ព្រះរាជាណាចក្រ​ណា​ចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ដោយ​ជោគជ័យ និង​បាន​បញ្ជូន​ត្រឡប់​មក​ដល់​កម្ពុជា​ហើយ ។ បច្ចុប្បន្ន​រូប​នាង​កំពុង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

សូម​រម្លឹក​ថា ប៉ូលិស​កម្ពុជា និង​ម៉ា​ឡេ​ស៊ី រំដោះ​ក្មេង​ស្រី​ខ្មែរ​ម្នាក់ ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ​វាយ​និង​កាត់​ស្លឹកត្រចៀក ដែល​ទៅ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​(​រយៈពេល​៤​ឆ្នាំ​) ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ​ធ្វើ​ទារុណកម្ម និង​កាត់​ស្លឹកត្រចៀក​យ៉ាង​ព្រៃផ្សៃ ។

ក្រោយ​ពី​មានការ​ចែករំលែក ករណី​ហិង្សា​ខាងលើ​នេះ​នៅ​លើ​បណ្ដាញ​សង្គម មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្រាវជ្រាវ​តាម​ជំនាញ និង​ជួយ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួងមហាផ្ទៃ​កម្ពុជា ក្រោម​ការ​សម្របសម្រួល​ពី​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សហការ​ជាមួយ​សមត្ថកិច្ច​ម៉ា​ឡេ​ស៊ី​ផង​ដែរ ទើប​ឈាន​ដល់​ការ​រំដោះ​នារី​រង​គ្រោះ និង​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ករណី​នេះ​សមត្ថកិច្ច​ម៉ា​ឡេ​ស៊ី កំពុង​ស៊ើបអង្កេត ដើម្បី​មាន​ចំណាត់ការ​បន្ត លើ​ជន​ដៃដល់ ។ ចំណែក​ជន​រង​គ្រោះ បន្ទាប់​ពី​ព្យាបាល​ជា​សះស្បើយ​ពីរ​បួស មន្ត្រី​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី នឹង​រៀបចំ​សម្របសម្រួល​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។

ឧត្តមសេនីយ៍ឯក ជីវ ផ​ល្លី បាន​សង្កត់ធ្ងន់​ថា កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន បាន​និង​កំពុង​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ បន្ត​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ជនសង្ស័យ​ជា​មេខ្យល់ ដែល​នាំ​នារី​រង​គ្រោះ​ខាងលើ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ឈាន​ដល់​ឃាត់ខ្លួន​មេខ្យល់​នោះ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ