ខេត្តសៀមរាប ៖ ពាក់ព័ន្ធអំពើផិត នៃច្បាប់ឯកពន្ធភាព នាល្ងាចថ្ងៃទី១ កុម្ភៈ ២០២១នេះ តុលាការខេត្តសៀមរាប បានប្រកាសសាលក្រមហើយ គឺសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហៀក ចាន់លាង ជាអភិបាលរងខណ្ឌ៧មករា ដាក់ពន្ធនាគាររយៈពេល៦ខែ ប៉ុន្តែទោសនេះ ត្រូវព្យួរទុក ពោលគឺជនជាប់ចោទ ត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ ។
សូមបញ្ជាក់ថា កម្លាំងជំនាញបានបញ្ជូនខ្លួនជនជាប់ចោទឈ្មោះ ហៀក ចាន់លាង ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីបើកសវនាការជំនុំជម្រះក្តី លើសំណុំរឿងអំពើផិត តាមពាក្យបណ្តឹងរបស់ប្រពន្ធស្របច្បាប់ ។
អង្គសវនាការធ្វើឡើងតាមកំណត់ហេតុបង្ហាញខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយចោទប្រកាន់ឈ្មោះ ហៀក ចាន់លាង ពីបទអំពើផិត តាមមាត្រា៧ និងមាត្រា១០ នៃច្បាប់ស្តីពីឯកពន្ធភាព ។
ដោយឡែក ប្រភពព័ត៌មានច្បាស់ការណ៍មួយបានបង្ហើបថា ជនជាប់សង្ស័យ ជាមន្ត្រីរាជការ ដែលគេស្គាល់ថា ជាអភិបាលរងខណ្ឌ៧មករា រូបនេះ បានលែងលះជាមួយភរិយាដើម ដល់តុលាការរួចហើយ ប៉ុន្តែសាលក្រមរបស់តុលាការនៅមិនទាន់ចេញជាស្ថាពរផង បែរជាលោកមករួមរស់ជាមួយនារីម្នាក់ទៀត ទើបកើតរឿងប្ដឹងផ្ដល់បែបនេះ ។
យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានចុះដល់បន្ទប់ខុនដូមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ខណៈពេលនោះ កម្លាំងជំនាញបានឃើញឈ្មោះហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងលោក ហៀក ចាន់លាង អាយុ៤២ឆ្នាំ ជាអភិបាលរងខណ្ឌ៧មករា កំពុងនៅក្នុងបន្ទប់ជាមួយគ្នា ។
ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរសនិងស្ត្រីទាំង២នាក់នេះ មកការិយាល័យជំនាញ ដើម្បីសាកសួរ ពាក់ព័ន្ធអំពើផិតក្បត់ ។
ក្រោយមក ដោយមានការឯកភាព លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនលោក ហៀក ចាន់លាង កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប ។ ចំណែកឈ្មោះ ហេង បូឡែន ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។
តាមការបញ្ជាក់ថា ការឈានដល់ការឃាត់ខ្លួនលោកអភិបាលរងខណ្ឌ៧មករា រូបនេះ គឺដោយសារតែមានពាក្យបណ្តឹងពី ជនរងគ្រោះឈ្មោះ ជ.ក.រ.ណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្ត្រីរាជការ មានលំនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាប្រពន្ធ ស្របច្បាប់ របស់លោក ហៀក ចាន់លាង ៕
ចែករំលែកព័តមាននេះ