ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​លោក​អភិបាលរង​ខណ្ឌ​៧​មក​រា ទៅ​តុលាការ​ជំនុំ​ជម្រះក្តី រឿង​ផិត​ប្រពន្ធ​ស្របច្បាប់

4 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បានអោយ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្លាំង​ជំនាញបានបញ្ជូនខ្លួនលោក ហៀ​ក ចាន់​លាង ជា​អភិបាលរង​ខណ្ឌ​៧​មក​រា…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បានអោយ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្លាំង​ជំនាញបានបញ្ជូនខ្លួនលោក ហៀ​ក ចាន់​លាង ជា​អភិបាលរង​ខណ្ឌ​៧​មក​រា ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​បើក​សវនាការជំនុំជម្រះក្តី ​លើ​សំណុំរឿង​អំពើផិត ​តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ​ស្របច្បាប់ ។

សេចក្តីរាយការណ៍បាន​បន្ត​ថា អង្គ​សវនាការធ្វើ​ឡើង​តាម​កំណត់ហេតុ​បង្ហាញខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដោយ​ចោទប្រកាន់​លោក ហៀ​ក ចាន់​លាង ពី​បទ​អំពើ​ផិត តាម​មាត្រា​៧ និង​មាត្រា​១០ នៃ​ច្បាប់​ស្តី​ពី​ឯក​ពន្ធភាព ។ យ៉ាងណា​នៅ​ល្ងាចថ្ងៃដដែល​នេះ គេ​នៅ​មិន​ទាន់​ដឹង​លទ្ធផល​ទេ​ថា តើ​លោក ហៀ​ក ចាន់​លាង នឹង​ត្រូវ​មានទោសឫ​យ៉ាងណា ?

ដោយ​ឡែក​​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បាន​អោយដឹង​ថា ជនជាប់សង្ស័យ ជា​មន្ត្រីរាជការ ដែល​គេ​ស្គាល់​ថា ​ជា​អភិបាលរង​ខណ្ឌ​៧​មក​រា រូបនេះ បាន​លែងលះ​ជាមួយ​ភរិយា​ដើម ដល់​តុលាការ​រួច​ហើយ ប៉ុន្តែ​​សាលក្រម​របស់​តុលាការ​នៅ​មិនទាន់​ចេញ​ជាស្ថាពរ​ផង បែរជា​លោក​មក​រួមរស់​ជាមួយ​នារី​ម្នាក់​ទៀត ទើប​កើតរឿង​ប្ដឹងផ្ដល់​បែប​នេះ ។

យោង​តាម​របាយការណ៍​របស់​អាវុធហត្ថ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តសៀមរាប បាន​ចុះ​ដល់​បន្ទប់​ខុន​ដូ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ខណៈ​ពេល​នោះ កម្លាំង​ជំនាញ​បានឃើញ​ឈ្មោះ​ហេង បូ​ឡែ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​លោក​ ហៀ​ក ចាន់​លាង អាយុ​៤២​ឆ្នាំ ជា​អភិបាលរង​ខណ្ឌ​៧​មក​រា កំពុង​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា ។

ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ធ្វើការ​នាំ​ខ្លួន​បុរស​និង​ស្ត្រី​ទាំង​២​នាក់​នេះ មក​ការិយាល័យ​ជំនាញ ដើម្បី​សាកសួរ ពាក់ព័ន្ធ​អំពើ​ផិតក្បត់ ។

ក្រោយមក ដោយ​មានការ​ឯកភាព លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​លោក ហៀ​ក ចាន់​លាង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ។ ចំណែក​ឈ្មោះ ហេង បូ​ឡែ​ន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

តាម​ការ​បញ្ជាក់​ថា ការ​ឈាន​ដល់​ការ​ឃាត់ខ្លួន​លោក​អភិបាលរង​ខណ្ឌ​៧​មក​រា រូប​នេះ គឺ​ដោយសារ​តែ​មាន​ពាក្យបណ្តឹង​ពី ជន​រង​គ្រោះ​ឈ្មោះ ជ​.​ក​.​រ​.​ណ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​មន្ត្រីរាជការ មាន​លំនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ត្រូវជា​ប្រពន្ធ ស្របច្បាប់ របស់​លោក ហៀ​ក ចាន់​លាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ