សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែនកាលពីយប់ថ្ងៃទី១២ ទៅ១៣ធ្នូ ពិសេសជាមួយបណ្ដាមីស៊ីលលឿនជាងសំឡេង ។ ក្រុងមូស្គូអះអាងថា នេះជាចម្លើយតបចំពោះការវាយប្រហារទាំងឡាយបរបស់អ៊ុយក្រែន ប្រឆាំងបណ្ដាគោលដៅស៊ីវិលនៅរុស្ស៊ី។ ទីក្រុងអូដេសាភាគខាងត្បូងអ៊ុយក្រែនរងការវាយប្រហារខ្លាំងក្លាបំផុត ។
នាពេលយប់ខណៈមនុស្សម្នាកំពុងដេកលង់លក់ ក្រុងអូដេសារងការវាយប្រហារដោយដ្រូន៣០០គ្រឿងនិងមីស៊ីលបាលីស្ទិកដល់ជាង៣០គ្រាប់ ដែលនាំឲ្យមានការផ្ទុះប្រមាណជា៣៣លើកក្នុងពេលត្រឹមមួយម៉ោង។ ស្នូរស៊ីរ៉ែនបានលាន់ឮមិនឈប់។ កងទ័ពរុស្ស៊ីបានវាយប្រហារលើរចនាសម្ព័ន្ធថាមពលស៊ីវិលទាំងអស់នៃទីក្រុងអ៊ុយក្រែននោះ ។ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ធ្នូ មក ក្រុងអូដេសានៅតែដាច់ភ្លើង គ្មានអ្វីកម្ដៅនារដូវរងា បណ្ដាមធ្យោបាយដឹកជញ្ជូនរួមត្រូវដាច់ដំណើរការ ដាច់ទឹកហើយសូម្បីភ្លើងស្តុបតាមបណ្ដាដងវិថីក៏ដាច់ដែរ ។
មនុស្សម្នាបានមកបន្តកន្ទុយគ្នារកទឹកប្រើនៅតាមបណ្ដាទីតាំងទឹកស្អាតសាធារណៈ រង់ចាំទទួលទឹកតាមលេខរៀងជាមួយប៊ីដុងទឹកនៅដៃក្រោមសីតុណ្ហភាពសូន្យអង្សាសេ។ មនុស្សជាច្រើនមិនបានដេកពួន ហើយរត់ភៀសខ្លួនមកកាន់ទីជម្រក។ ផ្ទះសម្បែងព្រមទាំងអគារទាំងឡាយរកការខូចខាត ដោយសារដ្រូនអត្តឃាត។ ដោយសារការខូចខាតមានទំហំធ្ងន់ធ្ងរ អាជ្ញាធរកំពុងតែវាយតម្លៃ ហើយគេមិនដឹងថាតើត្រូវប្រើពេលប៉ុន្មាន ដើម្បីអាចស្ដារអគ្គិសនិវិញបានទេ។
នាយប់ថ្ងៃទី១២មក១៣ធ្នូនោះ រុស្ស៊ីបានវាយប្រហារជាពិសេសបណ្ដាទីតាំងឧស្សាហកម្មនិងថាមពលក្រុងអូដេសា។ តាមក្រសួងការពារប្រទេសរុស្ស៊ីថា ការវាយប្រហារខ្លាំងកា្លនោះធ្វើឡើងជាពិសេស ដោយប្រើបណ្ដាមីស៊ីលលឿនជាងសំឡេងធុនKINJAL ជាការសងសឹកចំពោះការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន ។
មុននេះ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គីរៀបរាប់ពីការវាយប្រហាររបស់
រុស្ស៊ី ដែលបណ្ដាលឲ្យខូចខាតទីតាំងស៊ីវិលច្រើនកន្លែងនៅអ៊ុយក្រែន ហើយបណ្ដាលឲ្យមនុស្សច្រើនពាន់នាក់រងការដាច់ភ្លើង ក្នុងតំបន់៧។ នៅភាគកណ្ដាលរុស្ស៊ីមនុស្ស២នាក់ បានត្រូវស្លាប់កាលពីថ្ងៃទី១៣ធ្នូ ក្រោយការវាយប្រហារដោយដ្រូនអ៊ុយក្រែន ប្រឆាំងអគាររស់នៅមួយនៅក្រុងសារ៉ាតូវ។ ផ្ទះជាច្រើនក៏រងការខូចខាតផងដែរ។
នៅខ្សែរណសិរ្សប្រយុទ្ធរុស្ស៊ីអះអាងនាថ្ងៃទី១១ធ្នូ ពីការវាយដណ្ដើមយកបានទីក្រុងអ៊ុយក្រែនមួយទៀត នៅភាគខាងកើតប្រទេសគឹទីក្រុងសីវ័រស្ក៍បន្ទាប់ពីដណ្ដើមយកបានទីក្រុងប៉ូក្រូវស្ក៍ ជាទីក្រុងគន្លឹះមួយស្ថិតនៅចម្ងាយ១៤០គីឡូម៉ែត្រពីក្រុងសីវ័រស្ក៍ ៕
ចែករំលែកព័តមាននេះ