ជប៉ុនគ្មានបំណងលុបចោលទោសប្រហារជីវិ.ត ទោះអតីតអ្នកប្រដាល់ម្នាក់ត្រូវតុលាការកាត់ទោសខុស
ប្រទេសជប៉ុន ៖ លោក ហ៊ីដេគី ម៉ាគីហារ៉ា (Hideki Makihara) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីរបស់ប្រទេសជប៉ុន កាលពីថ្មីៗនេះ បានថ្លែងថា…
ប្រទេសជប៉ុន ៖ លោក ហ៊ីដេគី ម៉ាគីហារ៉ា (Hideki Makihara) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីរបស់ប្រទេសជប៉ុន កាលពីថ្មីៗនេះ បានថ្លែងថា…
ប្រទេសជប៉ុន ៖ លោក ហ៊ីដេគី ម៉ាគីហារ៉ា (Hideki Makihara) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីរបស់ប្រទេសជប៉ុន កាលពីថ្មីៗនេះ បានថ្លែងថា ការលុបចោលទោសប្រហារជីវិតមិនគួរកើតឡើងឡើយ ទោះបីជាទើបមានការដោះលែងអតីតកីឡាករប្រដាល់ជប៉ុនម្នាក់ ដែលជាអ្នកទោសរង់ចាំការប្រហារជីវិ.តយូរបំផុតនៅលើពិភពលោក កាលពីខែមុន ក្រោយការកាត់ទោសខុសអស់រយៈពេលជាច្រើនឆ្នាំ យ៉ាងណាក៏ដោយ។ គួររំលឹកថា អតីតកីឡាករប្រដាល់ជាអ្នកទោ.សរង់ចាំការប្រហារជីវិ.តយូរបំផុតលើលោក ត្រូវបានលើកលែងទោ.ស
ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក គឺជាប្រទេសតែ២គត់ក្នុងចំណោមក្រុមប្រទេសទាំង៧ ឬ G7 ដែលនៅអនុវត្តច្បាប់កាត់ទោសប្រហារជីវិត ហើយនៅតែទទួលបានការគាំទ្រជាសាធារណៈនៅក្នុងប្រទេសជប៉ុន ដែលការលុបចោលកម្រត្រូវបានពិភាក្សាខ្លាំងណាស់។ ប៉ុន្តែទោះយ៉ាងណា នីតិវិធីនៃការអនុវត្តទោសប្រហារជីវិតក្នុងប្រទេសជប៉ុន ដែលតែងធ្វើឡើងដោយការព្យួរកនោះ ក៏ទទួលបានការរិះគន់ខ្លាំងផងដែរ ចំពោះការអនុវត្តទោសដ៏ឃោរឃៅ ហើយអ្នកទោសតែងតែត្រូវបានជូនដំណឹងអំពីការស្លាប់ពួកគេនៅពេលព្រឹកព្រលឹម ពោលតែប៉ុន្មានម៉ោងមុនពេលប្រហារជីវីត។
លោក ហ៊ីដេគី ម៉ាគីហារ៉ា ដែលឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីរបស់ជប៉ុន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ កាលពីថ្មីៗនេះបានប្រាប់អ្នកយកព័ត៌មានថា «វាមិនត្រឹមត្រូវទេក្នុងការលុបចោលទោសប្រហារជីវិត ខណៈឧក្រិដ្ឋកម្មដ៏សាហាវឃោឃៅនៅតែបន្តកើតមាន»។ ហើយលោកបានសន្យាថា ការអនុវត្តច្បាប់ប្រហារជីវិតនឹងដំណើរការទៅដោយប្រុងប្រយ័ត្ន និងយុត្តិធម៌បំផុត នៅពេលតុលាការធ្វើការសម្រេចចិត្តកាត់ទោសនរណាម្នាក់។
ការស្នើឱ្យមានការលុបចោលទោសប្រហារជីវិតពុះកញ្ជ្រោលកាន់តែខ្លាំងឡើង កាលពីខែមុន ពោលក្រោយពេលតុលាការខេត្តស៊ីហ្ស៊ូអូកា (Shizuoka) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចលុបចោលទោសប្រហារជីវីតលោក អ៊ីវ៉ាអូ ហាកាម៉ាដា (Iwao Hakamada) អតីតអ្នកប្រដាល់សកលជប៉ុនបច្ចុប្បន្នអាយុ៨៨ឆ្នាំ ក្រោយរកឃើញថា គ្មានកំហុស នៅក្នុងការជំនុំជម្រះឡើងវិញ សម្រាប់អំពើឃាតកម្ម៤ករណី កាលពីឆ្នាំ ១៩៦៦ ដោយតុលាការបានច្រានចោលការជំនុំជម្រះពីមុន ដែលធ្វើឱ្យលោកក្លាយជាអ្នកទោសរង់ចាំការប្រហារជីវិតយូរបំផុតលើពិភពលោក។ តុលាការខេត្តស៊ីហ្ស៊ូអូកាបានរកឃើញថា អ្នកស៊ើបអង្កេតពីមុនបានប្រឌិតភស្តុតាងចោទប្រកាន់លោក ហាកាម៉ាដា និងបានអះអាងថា លោកបានរងអំពើហិង្សាពីការស៊ើបអង្កេតអមនុស្សធម៌ ដែលនាំឱ្យមានការសារភាពទោសដោយបង្ខំ។
លោក អ៊ីវ៉ាអូ ហាកាម៉ាដា ត្រូវបានកាត់ទោសពីបទឃាតកម្មក្នុងឆ្នាំ ១៩៦៦ ពាក់ព័ន្ធការចាក់សម្លាប់អ្នកគ្រប់គ្រងក្រុមហ៊ុនម្នាក់ជាមេរបស់លោក រួមទាំងសមាជិកគ្រួសារ៣នាក់ផ្សេងទៀតរបស់ជនរងគ្រោះ និងថែមទាំងដុតផ្ទះជនរងគ្រោះ ហើយប្រាក់ប្រហែល២០ម៉ឺនយ៉េនក៏ត្រូវបានលួចពីផ្ទះជនរងគ្រោះផងដែរ។ លោកត្រូវបានកាត់ទោសប្រហារជីវិតក្នុងឆ្នាំ ១៩៦៨ ប៉ុន្តែការប្រហារជីវិតចេះតែឃ្វាងជាបន្តបន្ទាប់ ព្រោះការប្តឹងឧទ្ធរណ៍វែងឆ្ងាយ និងការកាត់ទោសប្រព័ន្ធយុត្តិធម៌ឧក្រិដ្ឋកម្មយឺតយ៉ាវដ៏ល្បីនៅក្នុងប្រទេសជប៉ុន។ លោកបានសរសេរក្នុងសំបុត្រផ្ញើទៅម្តាយលោក ខណៈពេលដែលត្រូវបានកាត់ទោសថា «ខ្ញុំមិនបានពាក់ព័ន្ធអ្វីជាមួយករណីនេះទេ ខ្ញុំគ្មានកំហុសទេ»។
លោក ហាកាម៉ាដា ដែលបានតស៊ូផ្លូវច្បាប់អស់រយៈពេល៥៨ឆ្នាំ បានចំណាយពេល៤៨ឆ្នាំក្នុងពន្ធនាគារ ហើយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ លោកបានជាប់កំណត់ត្រាពិភពលោក Guinness ដោយបញ្ជាក់ថាជាអ្នកទោសរង់ចាំការប្រហារជីវិតយូរបំផុតលើពិភពលោក។ ដ្បិតតុលាការកំពូលបានចំណាយពេល២៧ឆ្នាំ ដើម្បីបដិសេធបណ្តឹងឧទ្ធរណ៍លើកដំបូងរបស់លោក សម្រាប់ការជំនុំជម្រះឡើងវិញ មុនពេលបណ្តឹងឧទ្ធរណ៍លើកទី២បានប្តឹងកាលពីឆ្នាំ ២០០៨ ដោយបងស្រីលោក។ លោកត្រូវបានដោះលែងពីពន្ធនាគារក្នុងឆ្នាំ ២០១៤ នៅពេលតុលាការបញ្ជាឱ្យមានការជំនុំជម្រះឡើងវិញផ្អែកលើភស្តុតាងបានបង្ហាញថា ការផ្តន្ទាទោសពីមុនផ្អែកលើការចោទដែលប្រឌិតឡើងដោយអ្នកស៊ើបអង្កេត។ លោកត្រូវអនុញ្ញាតឱ្យស្នាក់នៅក្នុងផ្ទះ ព្រោះសុខភាពចុះខ្សោយ និងវ័យចាស់ធ្វើឱ្យលោកមានហានិភ័យទាបក្នុងការរត់គេចខ្លួន ដើម្បីទុកពេលសម្រាប់ការជំនុំជម្រះឡើងវិញ ដែលចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន។
នៅក្នុងសវនាការចុងក្រោយនៃតុលាការខេត្តស៊ីហ្ស៊ូអូកា កាលពីខែឧសភាកន្លងទៅ មុនឈានដល់ការលើកលែងទោស កាលពីថ្ងៃទី២៦ ខែកញ្ញា ព្រះរាជអាជ្ញាបានទាមទារការកាត់ទោសប្រហារជីវិតម្តងទៀត ដោយបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្សថា ព្រះរាជអាជ្ញាកំពុងព្យាយាមពន្យារពេលការកាត់ក្តី។ ឧបសគ្គដ៏ចម្បងសម្រាប់ការជំនុំជម្រះឡើងវិញ ក៏បានជំរុញឱ្យអ្នកជំនាញផ្នែកច្បាប់អំពាវនាវឱ្យមានការពិនិត្យឡើងវិញលើប្រព័ន្ធតុលាការជប៉ុនផងដែរ។
តុលាការរកឃើញថា អំឡុងការស៊ើបអង្កេតដំបូងបន្ទាប់ពីការចាប់ខ្លួននោះ លោក ហាកាម៉ាដា បានបដិសេធការចោទប្រកាន់ មុនពេលសារភាពទោស។ ក្រោយមកលោកបានប្រាប់ថា លោកត្រូវបានបង្ខំឱ្យសារភាព ក្រោមការសួរចម្លើយដោយហិង្សាពីប៉ូលិស។ ចំណុចរសើបនៃរឿងក្តីនេះ គឺនៅត្រង់សម្លៀកបំពាក់ប្រឡាក់ស្នាមឈាម៥កន្លែង ដែលអ្នកស៊ើបអង្កេតអះអាងថា លោកពាក់អំឡុងពេលធ្វើឃាតកម្ម ហើយបានលាក់ក្នុងធុងផ្អាប់សៀងប្រពៃណីជប៉ុន ដែលបានហៅថា មីសូ (Miso)។ សម្លៀកបំពាក់នោះត្រូវបានរកឃើញជាង១ឆ្នាំ បន្ទាប់ពីការចាប់ខ្លួនលោក។
សាលក្រមតុលាការជាន់ខ្ពស់ទីក្រុងតូក្យូក្នុងឆ្នាំ ២០២៣ បានទទួលស្គាល់ការពិសោធន៍បែបវិទ្យាសាស្ត្រដែលថា សម្លៀកបំពាក់ត្រាំក្នុងធុងមីសូអស់រយៈពេលជាង១ឆ្នាំនឹងធ្វើឱ្យស្នាមឈាមប្រែជាពណ៌ក្រមៅ ប៉ុន្តែតុលាការពុំដឹងពីការប្រឌិតភស្តុតាងធ្វើឡើងដោយអ្នកស៊ើបអង្កេតនោះទេ។ អ្វីៗត្រូវបានលាតត្រដាង នៅពេលមេធាវីការពារក្តី និងការសម្រេចតុលាការក្នុងជំនុំជម្រះឡើងវិញរកឃើញថា គំរូឈាមមិនត្រូវគ្នានឹងឌីអឹនអេ (DNA) លោក ហាកាម៉ាដា ។ ចៅក្រមសន្និដ្ឋានដោយហៅការស៊ើបអង្កេតដំបូងថា ការស៊ើបអង្កេតអមនុស្សធម៌ ដែលនាំឱ្យមានការសារភាពទោសដោយបង្ខំ។
លោក ហាកាម៉ាដា គឺជាជាអ្នកទោសប្រហារជីវិតទី៥ ដែលត្រូវបានរកឃើញថា គ្មានពិរុទ្ធនៅក្នុងការជំនុំជម្រះឡើងវិញក្នុងតុលាការយុត្តិធ៌មព្រហ្មទណ្ឌជប៉ុន នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាម។ ហើយករណី៤ផ្សេងទៀត ក៏ត្រូវបានលុបចោលទោសផងដែរ។
សូមជម្រាបថា ចាប់ពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៦១ លោក ហាកាម៉ាដា បានឡើងសង្វៀនប្រកួតប្រដាល់អាជីពចំនួន២៩ដង ដោយត្រូវបានចាត់ថ្នាក់ជាកីឡាករល្អលំដាប់ទី៦ នៅក្នុងទម្ងន់ Featherweight។ លោកបានបញ្ចប់អាជីពជាមួយនឹងកំណត់ត្រាឈ្នះ ១៦ដង ស្មើ២ដង និងចាញ់១១ដង ផ្តួលគូប្រកួតឱ្យសន្លប់១ដង ខណៈដែលការចាញ់ទាំងអស់របស់លោកគឺដោយពិន្ទុ។ បន្ទាប់ពីបញ្ចប់អាជីពប្រដាល់ លោកបានទៅធ្វើការនៅក្រុមហ៊ុនផលិតសៀងប្រពៃណីជប៉ុន ដែលស្ថិតនៅក្នុងខេត្តស៊ីហ្ស៊ូអូកា៕ ប្រភព ៖ AFP, Nippon, The Japan Times, AP និង New York Post
ចែករំលែកព័តមាននេះ