ប្រទេសអារ៉ាប៊ីសាអូឌីត ៖ កំពូលអ្នកប្រដាល់សកលអ៊ុយក្រែន Oleksandr Usyk បានយកឈ្នះលើកំពូលអ្នកប្រដាល់ចក្រភពអង់គ្លេស Tyson Fury ក្នុងការប្រកួតសងសឹកជើងឯកទម្ងន់ធ្ងន់ពិភពលោកដ៏ស្វិតស្វាញ តាមរយៈការសម្រេចចិត្តជាឯកច្ឆ័ន្ទពីសំណាក់ចៅក្រម នៅឯសង្វៀន Kingdom Arena នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីបន្តរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់របស់ខ្លួន។
កីឡាករ Oleksandr Usyk បានផ្តួលកីឡាករ Tyson Fury នៅក្នុងការប្រកួតសងសឹកចំនួន១២ទឹក តបតាមការរំពឹងទុកយ៉ាងក្តៅគគុករវាងកីឡាករលំដាប់ពិភពលោកទាំងពីររូប ដើម្បីការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករបស់ខ្លួន។ អ្នកប្រយុទ្ធអ៊ុយក្រែនបានយកឈ្នះពិន្ទុជាឯកច្ឆ័ន្ទ ១១៦-១១២ ពីសំណាក់ចៅក្រមទាំងបីរូប ដើម្បីកំណត់ថា អ្នកប្រយុទ្ធចក្រភពអង់គ្លេស នៅតែជាអ្នកចាញ់២ប្រកួតជាប់គ្នា ខណៈដែលជំនួបទី១ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ នៅទីតាំងដដែលនេះ Usyk ឈ្នះដោយពិន្ទុមិនឯកច្ឆ័ន្ទ ១១៥–១១២, ១១៤–១១៣, ១១៣–១១៤ ។
ជ័យជម្នះរបស់ Usyk នាំអ្នកប្រយុទ្ធអ៊ុយក្រែនវ័យ៣៧ឆ្នាំរូបនេះ បង្កើនកំណត់ត្រាមិនទាន់ស្គាល់ចាញ់របស់ខ្លួន ២៣លើក ដោយផ្តួលគូប្រកួតសន្លប់ចំនួន១៤លើក។ ចំណែក Fury ឆ្លងកាត់៣៧ប្រកួតកន្លងមក ឈ្នះ៣៤លើក ស្មើ១លើក និងចាញ់២លើកក្រោមស្នាដៃ Usyk នេះឯង និងផ្តួលគូប្រកួតសន្លប់ចំនួន ២៤លើក។
សារជាច្រើនពីសំណាក់អត្តពលិក និងបុគ្គលល្បីឈ្មោះជាច្រើននៅជុំវិញពិភពលោកកក្រើកបណ្តាញសង្គម បង្ហាញអំពីការអបអរសាទរសម្រាប់ជ័យជម្នះរបស់ Oleksandr Usyk ដោយក្នុងចំណោមនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានសាទរចំពោះជ័យជម្នះអ្នកប្រដាល់ឆ្នើមប្រទេសរបស់ខ្លួនផងដែរ ដោយបានហៅវាថាជាភស្តុតាងដែលបង្ហាញថា អ៊ុយក្រែននឹងមិនបោះបង់អ្វីនូវដែលជារបស់ខ្លួននោះទេ។
លោក Zelenskyy បានបញ្ជាក់ក្នុងការបង្ហោះនៅលើបណ្តាញសង្គម Telegram យ៉ាងដូច្នេះថា «ជ័យជំនះ! សំខាន់ និងចាំបាច់ណាស់សម្រាប់យើងទាំងអស់គ្នាឥឡូវនេះ»។ ដ្បិតប្រទេសអ៊ុយក្រែន នៅតែជាប់គាំងក្នុងសង្រ្គាមជិតបីឆ្នាំ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីក៏ពិតមែន ប៉ុន្តែលោក Zelenskyy បានអះអាងថា «ជ័យជំនះរបស់ Usyk គឺជាសញ្ញានៃភាពធន់ និងការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន។
ការរក្សាខ្សែក្រវាត់ជើងឯកពិភពលោកនេះ Oleksandr បានបញ្ជាក់ថា យើងជាជនជាតិអ៊ុយក្រែន ហើយយើងនឹងមិនបោះបង់អ្វីដែលជារបស់យើងឡើយ។ ហើយមិនថាវាលំបាកយ៉ាងណាទេ យើងនឹងឈ្នះ មិនថាសង្វៀន សមរភូមិ ឬសង្វៀនការទូតនោះទេ យើងប្រយុទ្ធ ហើយយើងនឹងមិនបោះបង់អ្វីដែលជារបស់យើងឡើយ»៕ ប្រភព ៖ CNN, Reuters និង Al Jazeera
ចែករំលែកព័តមាននេះ