កីឡាការិនីវាយតេន្នីសឥណ្ឌាម្នាក់ត្រូវឪពុកបា.ញ់សម្លា.ប់ ក្រោមហេតុផលដ៏ហួសចិត្ត
ប្រទេសឥណ្ឌា ៖ កីឡាការិនីវាយតេន្នីស (វាយកូនបាល់) ជនជាតិឥណ្ឌា កញ្ញា Radhika Yadav អាយុ២៥ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយឪពុកបង្កើត…
ប្រទេសឥណ្ឌា ៖ កីឡាការិនីវាយតេន្នីស (វាយកូនបាល់) ជនជាតិឥណ្ឌា កញ្ញា Radhika Yadav អាយុ២៥ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយឪពុកបង្កើត…
ប្រទេសឥណ្ឌា ៖ កីឡាការិនីវាយតេន្នីស (វាយកូនបាល់) ជនជាតិឥណ្ឌា កញ្ញា Radhika Yadav អាយុ២៥ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយឪពុកបង្កើត ឈ្មោះ Deepak Yadav នៅគេហដ្ឋានពួកគេស្ថិតក្នុងទីក្រុងហ្គូរូក្រាម (Gurugram) ដែលជាទីក្រុងរណបមួយនៃទីក្រុងដេលី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
សេចក្តីរាយការណ៍ពីបណ្តាសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ហេតុផលនៅពីក្រោយឃាតកម្មដ៏រន្ធត់នេះ កើតចេញពីការមានមោទកភាពលើខ្លួនឯងពេក និងការអាក់អន់ចិត្តរបស់លោក Deepak ជាឪពុក ដោយសាររងការសើចចំអកពីសង្គម ពិសេសអ្នកនៅក្នុងភូមិ ក៏ដូចជាគួបផ្សំនឹងឯករាជ្យភាពកូនស្រីរបស់គាត់។ លោក Deepak អាយុ៤៩ឆ្នាំ គឺជាអតីតបុគ្គលិកធនាគារបានបាញ់សមា្លប់កូនស្រីចំនួន៥គ្រាប់ ខណៈពេលដែលនាងកំពុងរៀបចំអាហារពេលព្រឹក ដោយ៣គ្រាប់ចំពីក្រោយខ្នង។
ប្រភពពីសារព័ត៌មានឥណ្ឌា NDTV បានរាយការណ៍ដោយស្រង់ចម្លើយសារភាពរបស់ លោក Deepak ចំពោះមុខប៉ូលិសថា ភាពតានតឹងរវាងឪពុក និងកូនស្រីផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពី Radhika បង្ហាញមុខសម្តែងក្នុងវីដេអូចម្រៀងមួយ ដែលមានចំណងជើងថា «Karwaan» ដោយមានឈុតឱបតួប្រុសពីក្រោយខ្នងពេលកំពុងជិះលើម៉ូតូ។ ភ្លាមៗ លោក Deepak បានសុំឱ្យនាងលុបវីដេអូនេះចេញ ប៉ុន្តែនាងបានបដិសេធ។ លោកបានអះអាងថា វីដេអូនេះហើយនាំឱ្យមានការនិយាយដើមពីមាត់មួយទៅមាត់មួយ ដែលលោកមិនអាចទទួលយកបានពីអ្នកនៅក្នុងភូមិ និងធ្វើឱ្យប៉ះពាល់តម្លៃ និងកត្តិយសគាត់ថែមទៀត។
លោក Deepak ត្រូវបានដឹងថា អត់ការងារធ្វើអស់ជាច្រើនឆ្នាំហើយមក ម្តងម្កាលធ្វើការក្នុងនាមជាអ្នកបុគ្គលិកជួលក្រៅម៉ោងជាមួយប្អូនប្រុសគាត់ឈ្មោះ Kuldeep ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ គ្រួសារលោកមិនមានបញ្ហាផ្នែកហិរញ្ញវត្ថុនោះទេ ដោយសារកូនប្រុសគាត់ឈ្មោះ Dheeraj ធ្វើការឱ្យក្រុមហ៊ុនអចលនទ្រព្យមួយ។ ទន្ទឹមនឹងនោះ Radhika ទទួលបានភាពជោគជ័យលើអាជីពរបស់នាង ដោយបានតំណាងឱ្យប្រទេសឥណ្ឌាក្នុងការប្រកួតយុវជនក្រោមការរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិថែមទៀតផង។ ប៉ុន្តែបន្ទាប់ពីឈ្នះពានរង្វាន់ថ្នាក់រដ្ឋជាច្រើន Radhika បានបង្ខំចិត្តចូលនិវត្តន៍មុនពេលកំណត់ ដោយសាររបួសស្មា។ ក្រោយមកនាងបានបើកសាលាកីឡាវាយតេន្នីសសម្រាប់កុមារ ដោយជួយខ្លួនឯងផង និងចូលរួមចំណែកដល់ប្រាក់ចំណូលគ្រួសារផង។
លោក Deepak អះអាងប្រាប់ប៉ូលិសទៀតថា លោកខ្មាស់ខ្លាំងណាស់ ចំពោះការចំអកពីអ្នកក្នុងភូមិថា គាត់រស់នៅសព្វថ្ងៃបានដោយសារតែកូនស្រី។ បើយោងតាមសារព័ត៌មានអាល្លឺម៉ង់ DW បានឱ្យដឹងថា ការរើសអើងប្រឆាំងនឹងស្ត្រីត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមឥណ្ឌា ដែលបុរសភាគច្រើនមានទំនោរប្រើអំពើហិង្សា និងបន្ទោសស្ត្រី។ ជាក់ស្តែង លោក Deepak ត្រូវបានចងភ្ជាប់នឹងគំនិតប្រពៃណីដែលថា បុរសគួរតែជាអ្នកផ្តល់គ្រប់ យ៉ាងជាចម្បងដល់គ្រួសារ ដូច្នេះលោកមិនអាចទ្រាំទ្របាននឹងគំនិតដែលថា កូនស្រីគាត់ជាអ្នករកស៊ីចិញ្ចឹមគ្រួសារនោះទេ។
ទន្ទឹមជាមួយគ្នានោះ គាត់បានសុំកូនស្រីឱ្យបិទសាលារបស់នាង តែនាងបានបដិសេធ។ គាត់បានប្រាប់ប៉ូលិសថា ការបដិសេធនេះធ្វើឱ្យគាត់តូចចិត្តខ្លាំងណាស់ គាត់ប្រាប់ថា «ខ្ញុំតូចចិត្តខ្លាំង និងតានតឹងដោយការសើចចំអកពីសង្គម។ ខ្ញុំមានការតក់ស្លុត ហើយការគោរពខ្លួនឯងរបស់ខ្ញុំត្រូវបានបំផ្លាញទាំងស្រុង។ ដូច្នេះខ្ញុំសម្រេចចិត្តដកកាំភ្លើងបាញ់ Radhika។ ខ្ញុំបានសម្លាប់នាង»។
យោងតាមសម្តីពីលោក Kuldeep ត្រូវជាពូរបស់ Radhika បានប្រាប់ថា នៅពេលកើតហេតុក្នុងផ្ទះមានតែលោក Deepak ប្រពន្ធគាត់ឈ្មោះ Manju និង Radhika ប៉ុណ្ណោះ។ លោក Kuldeep ដែលរស់នៅជាន់ក្រោម បានប្រញាប់ឡើងទៅផ្ទះកើតហេតុពេលឮស្នូរកាំភ្លើង ហើយបានឃើញ Radhika ដេកដួលនៅក្នុងផ្ទះបាយបាត់ទៅហើយ ដោយបានឃើញមានកាំភ្លើងខ្លីនៅលើឥដ្ឋ។ ពួកគេបានប្រញាប់នាំនាងទៅមន្ទីរពេទ្យ ប៉ុន្តែនាងបានស្លាប់មុនពេលទៅដល់មន្ទីរពេទ្យ។ ម្តាយរបស់ Radhika លោកស្រី Manju បានអះអាងប្រាប់ប៉ូលិសថា គាត់មានជំងឺគ្រុនក្តៅ ហើយមិនបានឃើញអំពើឃាតកម្មនោះទេ។
បើតាមប្រភពពីសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា កាំភ្លើងដែលលោក Deepak ប្រើមានអាជ្ញាប័ណ្ណស្របច្បាប់ ហើយប៉ូលិសបានអះអាងថា ពួកគេកំពុងបន្តស៊ើបអង្កេតលើឧបទ្ទវហេតុនេះ រួមទាំងការអះអាងខុសប្រក្រតីរបស់ម្តាយ Radhika ខណៈដែលការធ្វើកោសល្យវិច័យក៏នឹងត្រូវបានធ្វើឡើងផងដែរ៕ ដកស្រង់ ៖ VnExpress
ចែករំលែកព័តមាននេះ